Nubia Red Magic 5G នឹងបំពាក់មកជាមួយអេក្រង់ដែលមាន Refresh Rate រហូតដល់ទៅ 144Hz ឯណោះ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

មួយរយៈពេលចុងក្រោយនេះ យើងកត់សម្គាល់ឃើញថា ក្រុមហ៊ុនផលិតស្មាតហ្វូនល្បីៗជាច្រើន បានចាប់ផ្តើមបញ្ចេញលក់ស្មាតហ្វូនបំពាក់មកជាមួយអេក្រង់ ដែលមានល្បឿន Refresh Rate ខ្ពស់រហូតដល់ទៅ 120Hz។ ជាក់ស្តែង Redmi K30 5G របស់ក្រុមហ៊ុន Xiaomi ដែលបានប្រកាសចេញកាលពីខែមុននេះ បានភ្ជាប់មកជាមួយកម្រិតអេក្រង់ 120Hz។ 

 

 

លើសពីនេះទៅទៀត នៅក្នុងឆ្នាំ 2020 នេះ ស្មាតហ្វូនលំដាប់កំពូលល្បីៗមួយចំនួន ដែលត្រៀមនឹងបង្ហាញខ្លួនក្នុងពេលខាងមុខនេះ ក៏អាចនឹងបំពាក់មកជាមួយអេក្រង់ ដែលមាន Refresh Rate ខ្ពស់ផងដែរ។ ក្នុងនោះរួមមានដូចជា Galaxy S20 Series, OnePlus 8 Series និង ស្មាតហ្វូនប្រភេទហ្គេម Black Shark 3 ជាដើម។ ដោយឡែក បើយោងទៅតាមការបញ្ជាក់របស់លោក Ni Fei ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nubia វិញ ក៏បានបង្ហាញឲ្យយើងដឹងថា ស្មាតហ្វូនប្រភេទហ្គេមជំនាន់ថ្មី Nubia Red Magic 5G ដែលត្រៀមនឹងបង្ហាញខ្លួននាពេលខាងមុខនេះ ក៏នឹងបំពាក់មកជាមួយអេក្រង់ដែលមាន Refresh Rate ខ្ពស់រហូតដល់ទៅ 144Hz ផងដែរ។ បន្ថែមពីនេះទៅទៀត បើផ្អែកទៅលើរូបភាពដែលបានបង្ហោះ នៅលើគណនីបណ្តាញសង្គម Weibo ផ្លូវការរបស់លោក Ni Fei ក៏បានបញ្ជាក់ថា Nubia Red Magic 5G បានភ្ជាប់មកជាជម្រើសល្បឿន Refresh Rate ចំនួន 4 សម្រាប់ឲ្យអ្នកប្រើប្រាស់ធ្វើការជ្រើស ក្នុងនោះរួមមានដូចជាជម្រើស 60Hz, 90Hz, 120Hz និង 144Hz។ 

 

 

គួរបញ្ជាក់ផងថា ខណៈពេលនេះ លោក Ni Fei មិនបានបញ្ជាក់ឲ្យយើងបានដឹងថា អេក្រង់ដែលបំពាក់នៅលើស្មាតហ្វូនហ្គេមជំនាន់ថ្មីមួយនេះ គឺជាប្រភេទបន្ទះបង្ហាញអ្វីនោះទេ ប៉ុន្តែវាត្រូវបានគេរំពឹងថាគឺជាប្រភេទ OLED ព្រោះថាស្មាតហ្វូន Red Magic 3 ដែលប្រកាសចេញកាលពីខែឧសភាឆ្នាំមុន ក៏បានបំពាក់មកជាមួយអេក្រង់ប្រភេទជា OLED។ ម្យ៉ាងវិញទៀត បើផ្អែកទៅតាមការបញ្ជាក់របស់ក្រុមហ៊ុន Nubia បានធ្វើឲ្យយើងដឹងថា Nubia Red Magic 5G នឹងបំពាក់មកជាមួយបន្ទះឈីបកំពូល Snapdragon 865 គួបផ្សំជាមួយម៉ូឌែល 5G ជំនាន់ថ្មីចុងក្រោយគេ Snapdragon X55។ ចំពោះផ្នែកកាមេរ៉ាវិញ Nubia Red Magic 5G នឹងភ្ជាប់មកជាមួយកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់។ ស្មាតហ្វូនប្រភេទហ្គេមជំនាន់ថ្មីមួយនេះ ក៏ត្រូវបានគេរពឹងថា នឹងមកជាមួយជម្រើស 4G ផងដែរ ព្រោះថាវាអាចជួយកាត់តម្លៃខ្លះ សម្រាប់លក់នៅលើទីផ្សារមួយចំនួន ដែលមិនទាន់រួចរាល់ក្នុងការប្រើប្រាស់សេវា 5G។

 

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង