OnePlus ដាក់​បង្ហាញ​លក្ខណៈ​សំខាន់ៗ​របស់​អេក្រង់ 2K+ OLED ជា​មួយ​កម្រិត 120Hz សម្រាប់​ទូរសព្ទ​ឆ្លាត​របស់​ខ្លួន​ក្នុង​ឆ្នាំ​នេះ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

កាលពីថ្ងៃទី 13 ខែមករា ឆ្នាំ 2020 ម្សិលមិញនេះ OnePlus បានរៀបចំឡើងនូវកិច្ចប្រជុំសន្និសិទសារព័ត៌មានមួយ នៅឯទីក្រុង Shenzhen ប្រទេសចិន ដែលជាពេលក្រុមហ៊ុនមួយនេះ ធ្វើការដាក់បង្ហាញពីការអភិវឌ្ឃន៍ លើបច្ចេកវិទ្យាបន្ទះអេក្រង់ជំនាន់ថ្មី និងជាពិសេសគឺវត្តមានរបស់អេក្រង់កម្រិត 120Hz តែម្ដង។ ហេតុដូច្នេះហើយ នេះក៏ជាដំណឹងបង្ហើបទុកមុនថា ទូរសព្ទឆ្លាតម៉ូឌែល OnePlus 8 Series ដែលរំពឹងទុកថាចេញក្នុងឆ្នាំ 2020 នឹងប្រើប្រាស់បន្ទះអេក្រង់ជំនាន់ក្រោយនេះ ជាក់ជាមិនខានឡើយ។

 

 

ខណៈពេលធ្វើបទបង្ហាញ ក្រុមការងារ OnePlus បានបញ្ជាក់ប្រាប់ថា បច្ចេកវិទ្យាបន្ទះអេក្រង់ជំនាន់ចុងក្រោយនេះ បានផ្ដល់ជូននូវកម្រិតបង្ហាញ 2K+ (QHD+) ជាប្រភេទ OLED ដែលអាចទ្រទ្រង់កម្រិត Refresh Rate ខ្ពស់បាន 120Hz និងមានអត្រាថាច់តបមកវិញបានដល់ទៅ 240Hz ឯណោះ ដោយមានចំនួនខ្ពស់ជាងគេលើទីផ្សារតែម្ដង។ លើសពីនេះទៅទៀត បន្ទះអេក្រង់ថ្មីរបស់ OnePlus នេះ មានកម្រិតពណ៌ស្ដង់ដារខ្ពស់បំផុតថែមទៀតផង ដែលស្ថិតនៅត្រឹមកម្រិត JNCD <0.8 ព្រមទាំងអាចយកឈ្នះ iPhone 11 Pro Max បាន ដោយវាមានកម្រិតទាបជាងបន្ដិច JNCD <0.9 (កាន់តែតិចជាងកាន់តែល្អ) ស្របនឹងពេលដែលទូរសព្ទឆ្លាតទូទៅ មានកម្រិត JNCD <2 លើទីផ្សារសកលសព្វថ្ងៃនេះ។ អ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមទៀត OnePlus បានលើកឡើងមកថា ពួកគេបានប្រើប្រាស់វិធីសាស្រ្ដថ្មី ហើយកាន់តែល្អប្រសើរសម្រាប់ការកែតម្រូវអេក្រង់ 120Hz ឲ្យដំណើរការបានរលូន, ស្ថេរភាពត្រឹមត្រូវល្អ និងផ្ដល់បទពិសោធន៍ពិសេសជូន អ្នកប្រើប្រាស់ទាំងឡាយ។ អញ្ចឹង ប្រិយមិត្តទាំងអស់គ្នា តារាងនៅខាងក្រោមនេះ ជាបញ្ជីរាយលក្ខណៈសម្បត្តិកំពូលៗ នៃបន្ទះអេក្រង់ជំនាន់ក្រោយរបស់ OnePlus ដូចជា៖

 

• បង្កើនប្រសិទ្ធិភាពឲ្យរត់បានរលូនជាប់ Smooth Chain Optimization

• បង្កប់បន្ទះឈីប MEMC ទុកសម្រាប់ជំនួយឲ្យអេក្រង់

• Refresh Rate ឡើងដល់ 120Hz

• ល្បឿនថាច់តបពីអេក្រង់ស្ថិតនៅ 240Hz

• JNCD <0.8

• កំណែកម្រិតសាច់ពណ៌ជាពិសេស

• ការកំណត់ពន្លឺដោយស្វ័យប្រវត្តិដល់កម្រិត 2096

• អាចបង្ហាញពណ៌នៅកម្រិត 10 bit បាន

 

 

ដូច្នេះទាំងអស់នេះជាសមត្ថភាពពិសេសៗ មាននៅលើបន្ទះអេក្រង់ជំនាន់ក្រោយរបស់ OnePlus ដែលទំនងនឹងបំពាក់ឲ្យទូរសព្ទឆ្លាតម៉ូឌែល 8 Series ក្នុងអំឡុងឆ្នាំនេះហើយ ដោយវាមានកម្រិត Refresh Rate កាន់តែខ្ពស់បន្ថែមពីលើ 90Hz ក្នុងម៉ូឌែលឆ្នាំមុនទៅទៀត។ យើងនឹងអាចដឹងពីសមត្ថភាពរបស់វាបាន នៅពេលដែលក្រុមហ៊ុន OnePlus ប្រកាសទូរសព្ទឆ្លាតម៉ូឌែល 8 Series ចេញជាផ្លូវការ នាពេលខាងមុខនេះ អញ្ចឹងកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង