vivo បញ្ជាក់​ច្បាស់​ហើយ​ថាស្មាតហ្វូនគម្រូ APEX 2020 នឹងបង្ហាញខ្លួនក្នុងព្រឹតិ្តការណ៍ MWC ខាងមុខ​
ដោយ​ ៖ គាលី | 1 សប្តាហ៍មុន SHARE

 

ពិតមែនណាស់ ព្រឹត្តិការណ៍ CES 2020 ត្រូវបានបញ្ចប់ទៅជាស្ថាពរ កាលពីពេលថ្មីៗនេះ ហើយក្នុងនោះ យើងក៏បានឃើញជាមួយផលិតផល អេឡិចត្រូនិចថ្មីៗ ជាច្រើនផងដែរ។ ដោយឡែក មិនយូរទៀតនោះទេ ព្រឹតិ្តការណ៍ពិព័រធំបំផុត ប្រចាំឆ្នាំ 2020 សម្រាប់ការដាក់បង្ហាញបច្ចេកវិទ្យាថ្មីៗ ទៅលើឧស្សាហកម្មទូរសព្ទចល័ត ( Mobile World Congress ) ក៏នឹងខិតជិតមកដល់ទៀតដែរ។ ហើយក្នុងនោះ ក្រុមហ៊ុនផលិតស្មាតហ្វូនមិនតិចនោះទេ ដែលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រកាសចេញ ជាផ្លូវការនូវផលិតផលថ្មីៗរបស់ខ្លួន។ ដោយក្នុងនោះ រាប់បញ្ចូលទាំងវត្តមានរបស់ ក្រុមហ៊ុន vivo ដែលបានប្រកាសមុនគេថា ខ្លួននឹងចូលរួមដាក់បង្ហាញ សមិទ្ធផលចុងក្រោយ មកបង្អួតបង្ហាញ ដល់មហាជន។ 

 

 

ជុំវិញរឿងនេះដែរ កាលពីលើកមុន vivo ក៏ធ្លាប់បានធ្វើការបង្ហោះរូបភាព Poster មួយសន្លឹក ដោយគ្រាន់បញ្ជាក់ថា ពួកគេនឹងចូលរួម ក្នុងព្រឹត្តិការណ៍ MWC នៅថ្ងៃទី 23 ខែកុម្ភៈ ខាងមុខនេះ តែពុំបានបង្ហើបពីលក្ខណៈសម្បតិ្ត នៃផលិតផលណាមួយ ដែលខ្លួនត្រៀមនឹងប្រកាសចេញឡើយ។ ហើយមកដល់ថ្ងៃនេះ យើងទទួលបានដំណឹង កាន់តែច្បាស់ទៀត តាមរយៈលិខិតអញ្ជើញថ្មីរបស់ vivo គឺការមកដល់នៃម៉ូឌែល vivo APEX 2020 ដែលជាប្រភេទស្មាតហ្វូនគម្រូ ត្រូវបានបង្ហាញខ្លួន ជាលើកដំបូង តាំងពីឆ្នាំ 2018 មកម្លេះ។ ចំពោះស្មាតហ្វូនគម្រូ ស៊េរី vivo APEX នេះ គឺជាទូរសព្ទឆ្លាតដំបូង ដែលបានបំពាក់មកជាមួយកាមេរ៉ាផុសឡើង ហើយមកដល់ឆ្នាំមុននេះ vivo ក៏បានបន្តដាក់បង្ហាញស៊េរី APEX 2019 ដោយគ្មានភ្ជាប់មក ជាមួយរន្ធដំណរភ្ជាប់ និងគ្មានប៊ូតុងអ្វីទាំងអស់។ 

 

 

យ៉ាងណា បើយោងតាមរូបភាពបែកធ្លាយលើកមុន បានឲ្យដឹងថា vivo APEX 2020 អាចនឹងបំពាក់មក ជាមួយអេក្រង់លាតខ្លាំង បែបទឹកធ្លាក់ “Waterfall Screen” អមនឹងបច្ចេកវិទ្យាស្កេន ម្រាមដៃក្រោមអេក្រង់ ដូចម៉ូឌែល NEX 3 អញ្ចឹង។ បើដូច្នេះពិតមែននោះ វាក៏ប្រហែលជាអាចនឹងភ្ជាប់មកជាមួយ កាមេរ៉ាផុសឡើង ស្រដៀង APEX 2018 និងឆ្នាំ 2019 ឬប្រើប្រាស់លេនទម្លុះអេក្រង់។ មួយវិញទៀត បើយើងសង្កេតមើលទៅលើរូប Poster ផ្លូវការខាងលើ ប្រាកដជាឃើញមានពាក្យ មួយឃ្លា “EMPOWER THE NEXT” និងរូបដំណាងជាលក្ខណៈ កងរង្វង់មូលមួយ ដែលទំនងជាគេចង់ផ្តោតសំខាន់ ទៅលើលក្ខណៈសម្បតិ្តពិសេសម៉្យាង ទាក់ទងនឹងផ្នែកកាមេរ៉ាក្រោយ នៃ vivo APEX 2020 ដែលអាចជាប្រើប្រាស់ប្រភេទលេនថ្មី មានឈ្មោះថា Mechanical Zoom Lens។ ដូច្នេះសរុបមកវិញ vivo នឹងចូលរួមដាក់បង្ហាញស្មាតហ្វូន គម្រូត្រកូល APEX ស៊េរីឆ្នាំ 2020 នេះ ក្នុងព្រឹតិ្តការណ៍ MWC នៅចន្លោះថ្ងៃទី 23-24 ខែកុម្ភៈ នៅទីក្រុងបាសេឡូណា ក្នុងប្រទេសអេស្ប៉ាញ។

 

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង