MediaTek​ បាន​ប្រកាស​ចេញ​ឈីប​ថ្មី​ Helio​ G70 ​ជា​ផ្លូវការ ​សម្រាប់​ប្រើ​លើ​ស្មាតហ្វូន​លំដាប់​មធ្យម​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

នៅក្នុងពេលសព្វថ្ងៃនេះ យើងបានដឹងហើយថា ស្មាតហ្វូនជាច្រើន គឺសុទ្ធសឹងតែបានបំពាក់មកជាមួយឈីប ដែលបង្កើតដោយក្រុមហ៊ុន 2 គឺ Qualcomm និង MediaTek ហើយឈីបដែលយើងឧស្សាហ៍ឃើញញឹកញាប់ នៅលើស្មាតហ្វូនជាងគេនោះគឺ ជាឈីបដែលផលិតដោយ Qualcomm នេះឯង។ ទោះជាយ៉ាងណាក៏ដោយ MediaTek មិនអន់ឡើង ក្នុងពេលបច្ចុប្បន្ន ដោយក្រុមហ៊ុននេះ ព្យាយាមផលិតឈីបជាច្រើនប្រភេទ មិនថាលំដាប់កំពូល ឬលំដាប់កណ្តាលនោះទេ ជាក់ស្ដែងដូចពេលនេះអញ្ចឹង ក្រុមហ៊ុនតៃវ៉ាន់នេះ បានបញ្ចេញឈីបជំនាន់ថ្មីឈ្មោះថា MediaTek Helio G70 សម្រាប់ប្រើលើស្មាតហ្វូនធុនមធ្យមទៀតផង។

 

 

មិនខុសទេ បើតាមដំណឹងដែលយើងទទួលបាន ក្នុងពេលនេះ បានបញ្ជាក់ឲ្យដឹងថា MediaTek បានប្រកាសចេញឈីបជំនាន់ថ្មី ត្រកូល Helio G- Series របស់ខ្លួនជាផ្លូវការហើយ ដែលវាត្រូវបានគេដាក់ឈ្មោះថា Helio G70 ហ្នឹងឯង។ ប្រាកដណាស់ ឈីបថ្មីនេះ វាមាន CPU ជាប្រភេទ Octa-Core ដែលមាន 4 Core ជាប្រភេទ Cortex A75 មានល្បឿន 2GHz និងមាន 4 Core ទៀតជា Cortex A55 មានល្បឿន 1.7GHz រីឯ GPU វិញ វាបានប្រើប្រាស់ត្រឹមប្រភេទ Mali-G52 ប៉ុណ្ណោះ។ បើតាមសមត្ថភាពរបស់វា អាចនិយាយបញ្ជាក់បានថា វាអាចធ្វើការគាំទ្រកម្រិតបង្ហាញត្រឹម 1080 x 2520 ជាមួយរ៉េមខ្ពស់បំផុតត្រឹម 8GB ប្រភេទ LPDDR4x ហើយសម្រាប់មុខងារតំណភ្ជាប់វិញ វាអាចគាំទ្របានជាមួយសេវាអ៊ីនធើណេត 4G ធម្មតា ក៏ដូចជាមាន Wi-Fi 5 802.11ac ព្រមទាំង Bluetooth 5.0។ ចំពោះផ្នែកាមេរ៉ាវិញ វាអាចធ្វើការគាំទ្របានត្រឹមមួយគ្រាប់ទំហំខ្ពស់បំផុត 48MP ហើយបើ 2 គ្រាប់គឺសេនស័រទាំងពីរនោះ ត្រូវមានទំហំធំបំផុតត្រឹម 16MP ទាំងពីរ ចំណែកការថតវីដេអូវិញ វាអាចធ្វើបានត្រឹមល្បឿន 30fps តែប៉ុណ្ណោះ។

 

 

យ៉ាងណាក៏ដោយ វានៅមានចំណុចផ្សេងក្រៅពីនេះទៀត តែការរៀបរាប់នេះ គឺលើកយកមកតែចំណុចសំខាន់ៗ ដែលមាននៅលើឈីប Helio G70 ខាងលើ ហើយដូចបានឃើញអញ្ចឹងថា លក្ខណៈសម្បត្តិបែបនេះ វាប្រាកដជាប្រើប្រាស់លើ ស្មាតហ្វូនលំដាប់ថវិកាជាមិនខានឡើយ ប៉ុន្តែទោះជាយ៉ាងណា វាក៏មានភ្ជាប់មកជាមួយបច្ចេកវិទ្យា សម្រាប់ជំនួយដល់ការលេងហ្គេម HyperEngine ដែលធ្វើឲ្យវាដំណើរការបាន កាន់តែប្រសើរ។ ឈីបនេះដែរ ត្រូវបានគេរំពឹង នឹងមានប្រើប្រាស់នៅលើ Redmi 9 ដែលជាស្មាតហ្វូនជំនាន់ថ្មីមួយរបស់ក្រុមហ៊ុនធំ Xiaomi ដែលអាចមានអេក្រង់ 6.6 អ៊ីញផងដែរ។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង