ប្រភពមួយបញ្ជាក់ថា Galaxy S20 ទាំង 3 ម៉ូឌែលនឹងមាន RAM គោលទំហំ 12GB ប្រភេទ LPDDR5 ដូចគ្នា​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

កាលពីម្សិលមិញនេះ ក្រុមការងាររបស់យើងបានធ្វើការចុះផ្សាយដំណឹងថ្មីចំនួន 2 ដែលនិយាយពាក់ព័ន្ធទៅនឹងលក្ខណៈសម្បត្តិពិសេសៗមួយចំនួនរបស់ស្មាតហ្វូនលំដាប់កំពូល ដែលស្ថិតនៅក្នុងត្រកូល S ជំនាន់ចុងក្រោយគេបង្អស់របស់ក្រុមហ៊ុន Samsung។ ដោយក្នុងនោះរួមមានដូចជា រូបរាងពិតប្រាកដរបស់ស្មាតហ្វូនលំដាប់កំពូល Galaxy S20+ ត្រូវបានបែកធ្លាយ នៅក្នុងលក្ខណៈចាប់កាន់ផ្ទាល់ដៃតែម្តង និងកម្មវិធី Geekbench បានបង្ហាញថា Galaxy S20 Ultra 5G នឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 865 និងមានរ៉េមទំហំ 12GB។

 

 

ដោយឡែកនៅក្នុងថ្ងៃនេះ យើងក៏ទទួលបានដំណឹងថ្មីមួយផ្សេងៗទៀត ដែលនិយាយទាក់ទងទៅនឹងលក្ខណៈសម្បត្តិរបស់ Galaxy S20 Series ផងដែរ។ បើយោងទៅតាមគណនី Twitter ផ្លូវការរបស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Ice Universe បានបញ្ជាក់ឲ្យយើងដឹងថា Galaxy S20 ទាំង 3 ម៉ូឌែល រួមមានដូចជា Galaxy S20, Galaxy S20+ និង Galaxy S20 Ultra នឹងភ្ជាប់មកជាមួយ RAM គោលទំហំ12GB។ លើសពីនេះទៅទៀត លោក Ice Universe ក៏បានបន្ថែមទៀតថា RAM ដែលបំពាក់នៅលើ Galaxy S20 Series គឺជា RAM ប្រភេទ LPDDR5 ជំនាន់ថ្មីចុងក្រោយគេបង្អស់ ថែមទៀតផង។ គួរបញ្ជាក់ផងថា ក្នុងពេលបច្ចុប្បន្ននេះ គ្មានស្មាតហ្វូនណាមួយដែលមានវត្តនៅលើទីផ្សារ បំពាក់មកជាមួយ RAM ប្រភេទ LPDDR5 នោះទេ ដូច្នេះមានន័យថា Galaxy S20 Series អាចនឹងក្លាយទៅជាស្មាតហ្វូនដំបូងគេបង្អស់ ដែលភ្ជាប់មកជាមួយ RAM ប្រភេទ LPDDR5។

 

 

គួររំលឹកផងថា កាលពីខែកក្កដា ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន Samsung បានប្រកាសថា ពួកគេបានចាប់ផ្តើមសង្វាក់ផលិតកម្ម ផលិត RAM ប្រភេទថ្មី LPDDR5 ដែលមានទំហំ 12GB ក្នុងលក្ខណៈទ្រង់ទ្រាយធំហើយ ដើម្បីយកទៅបំពាក់នៅលើស្មាតហ្វូនលំដាប់កំពូលដែលភ្ជាប់មកជាមួយបច្ចកវិទ្យា 5G។ RAM ទំហំ 12GB ប្រភេទ LPDDR5 មានអត្រាល្បឿនបញ្ចូនទិន្នន័យរហូតដល់ទៅ 5,500 Mb ក្នុង 1 វិនាទី ខណៈដែល RAM ប្រភេទ LPDDR4X មានល្បឿនអត្រាបញ្ចូនទិន្នន័យ 4,266 Mb ក្នុង 1 វិនាទី។ ដូច្នេះមានន័យថា RAM ប្រភេទ LPDDR5 ទំហំ 12GB អាចធ្វើការបញ្ចូនទិន្នន័យទំហំ 44GB ក្នុង 1 វិនាទី។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ គឺ RAM ប្រភេទថ្មីនេះ ប្រើប្រាស់ថាមពលតិចជាងមុនរហូតដល់ទៅ 30 ភាយរយ ថែមទៀតផង។

 

ដោយ​ ៖ Ice Universe
អត្ថបទទាក់ទង