Asus ប្រកាស​ចេញ​ក្រាហ្វិកកាត RTX 2070 ទំហំ​ត្រឹមតែ 20cm សម្រាប់​បំពាក់​លើ​កុំព្យូទ័រ​ខ្នាត​តូច​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ក្រាហ្វិកកាតថ្មីមួយនេះមានឈ្មោះថា Asus Dual GeForce RTX 2070 Mini ដែលមានទំហំខ្លួនតូចជាង 8 អ៊ីញ ឬ ប្រហាក់ប្រហែល 20 សង់ទីម៉ែតប៉ុណ្ណោះ ព្រមទាំងអាចផ្ទុកកង្ហារជំនួយដល់ទៅ 2 ឯណោះ ដើម្បីកាត់បន្ថយកម្ដៅឲ្យចុះលឿនបាន។ មូលហេតុដែលក្រាហ្វិកកាតនេះ បានបង្កើតចេញជារូបរាងមក ព្រោះតែក្រុមហ៊ុន Asus មានគំនិតយល់ឃើញថា វាល្អបំផុតសម្រាប់កុំព្យូទ័រខ្នាតតូច ដែលជាពិសេសសម្រាប់កុំព្យូទ័រម៉ូឌែល NUC 9 Extreme របស់ Intel តែម្ដង។

 

 

ជាការពិតណាស់ នេះមិនមែនជាអ្វីដែលថ្មី ឬ មិនធ្លាប់មានពីមុនមកឡើយ ដោយកាលពីមុនមក Asus ក៏ធ្លាប់ប្រកាសចេញក្រាហ្វិកកាត GTX 1650 ទំហំតូចស្រដៀងនេះរួចមកហើយ រីឯក្រុមហ៊ុន Zotac ក៏បានផលិតក្រាហ្វិកកាត RTX 2070 ប្រភេទ Mini នេះដូចគ្នា។ យ៉ាងណាក៏ដោយ អ្វីដែលថ្មីសម្រាប់វានេះគឺថា Asus បានសុខចិត្តផលិតក្រាហ្វិកនេះឡើងជាពិសេស ដើម្បីឲ្យមានទំហំកាន់តែតូចជាងមុន ហើយអាចបំពាក់ចូលទៅក្នុងកុំព្យូទ័រ NUC ម៉ូឌែលថ្មីៗរបស់ Intel បាន និងមិនបាត់បង់មុខងារច្រើននោះទេ។

 

លើសពីនេះ Asus បានអះអាងមកថា ជាមួយនឹងកង្ហារចំនួន 2 ក្នុងតួខ្លួនទំហំតូចនេះ វានឹងអាចរក្សាស្ថេរភាពកម្ដៅ បានល្អជាងក្រាហ្វិកកាតធំៗភាគច្រើនទៅទៀត ហើយក៏អាចរត់ហ្គេម Shadow of the Tomb Raider នៅលើកម្រិត 1440p ជាមួយការកំណត់ Settings ដល់កម្រិត Max តែម្ដង ដោយកង្ហារទាំងអស់នោះ នៅបញ្ចេញសម្លេងតិចដដែល។ Asus មានជម្រើស 2 សម្រាប់ឲ្យជ្រើសរើស ជាមួយនឹងក្រាហ្វិកកាត RTX 2070 Mini ថ្មីនេះ ដោយជម្រើសស្ដង់ដាររត់នៅលើល្បឿន 1410MHz និងអាចកម្រិតឡើងដល់ 1650MHz ខណៈពេលដែលជម្រើស OC (Overclocked Edition) អាចឡើងបានខ្ពស់ជាងនេះបន្ដិច ត្រឹមល្បឿន 1680MHz ផងដែរ។

 

 

ជាចុងក្រោយ Asus និយាយប្រាប់ថា ក្រាហ្វិកកាតខ្នាតតូចថ្មីមួយនេះ នឹងចាប់ផ្ដើមដាក់លក់លើទីផ្សារសកល ជាបណ្ដើរៗហើយ ជាមួយនឹងតម្លៃខ្ទង់ ២,១០០,០០០ រៀល (~525 ដុល្លារ) ប៉ុន្ដែវានឹងអាចលើសនេះបន្ដិចបន្ដួច នៅពេលមកដល់ស្រុកយើង ព្រោះតែថ្លៃពន្ធ និងដឹកជញ្ជូនជាដើម។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង