ប្រទះឃើញរូបភាពបង្ហាញពីរូបរាង និងលក្ខណៈសម្បត្តិរបស់ Galaxy Tab S6 5G​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Samsung បានធ្វើការប្រកាសប្រាប់ពីចំនួនសរុបនៃស្មាតហ្វូន 5G របស់ខ្លួន ដែលបាននាំចេញទៅកាន់ផ្សារស្មាតហ្វូនកាលពីឆ្នាំមុន។ ស្របពេលនោះដែរ ក្រុមហ៊ុន Samsung ក៏បានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានបន្ថែមទៀតថា ពួកគេនឹងបញ្ចេញលក់ថេប្លេត Galaxy Tab S6 5G របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសកូរ៉េ នៅអំឡុងត្រីមាសទី 1 ឆ្នាំ 2020 នេះតែម្តង។ ដូច្នេះមានន័យថា Galaxy Tab S6 5G អាចនឹងត្រូវបានដាក់តាំងនៅក្នុងហាងរបស់ Samsung រួចរាល់ហើយក៏ថាបាន។

 

 

ជាក់ស្តែង ដូចការរំពឹងទុកនៅក្នុងថ្ងៃនេះ មានគេប្រទះឃើញរូបភាពចំនួន 2 សន្លឹក ដែលបានបង្ហាញពីរចនាបថរូបរាង ក៏ដូចជាលក្ខណៈសម្បត្តិរបស់ Galaxy Tab S6 5G ផងដែរ។ បើយោងទៅតាមរូបភាពនោះ បានបង្ហាញឲ្យយើងដឹងថា រូបរាងរបស់ Galaxy Tab S6 5G មានលក្ខណៈស្ទើរតែដូចគ្នាទាំងស្រុងទៅនឹង Galaxy Tab S6 ម៉ូឌែល 4G ទៅហើយ ដោយផ្នែកខាងមុខរបស់វាបំពាក់មកជាមួយអេក្រង់លាត ដែលមានគែមអេក្រង់ទាំង 4 ស្មើគ្នា និងមិនមានលេនទម្លុះអេក្រង់នោះទេ។ បន្ថែមពីនេះ Galaxy Tab S6 5G ក៏អាចគាំទ្រក្តារចុច និងប៊ិចដូចទៅនឹង Galaxy Tab S6 ម៉ូឌែល 4G ផងដែរ។

 

 

តាមរយៈរូបភាពដែលគេប្រទះឃើញនោះ ក៏បានបញ្ជាក់ឲ្យយើងបានដឹងថា លក្ខណៈសម្បត្តិរបស់ Galaxy Tab S6 5G មិនមានអ្វីខុសគ្នាពីលក្ខណៈសម្បត្តិរបស់ Galaxy Tab S6 4G នោះទេ។ ដោយ Galaxy Tab S6 5G បំពាក់មកជាមួយអេក្រង់ទំហំ 10.5 អ៊ីញ ប្រភេទជា sAMOLED មានកម្រិតបង្ហាញ 2560 × 1600 ភិចស៊ែល។ Galaxy Tab S6 5G មានវិមាត្រ 244.5 x 159.5 x 5.7mm។ ចំពោះកម្លាំងម៉ាស៊ីន Galaxy Tab S6 5G បំពាក់មកជាមួយបន្ទះឈីប Snapdragon 855 ទំហំ 7nm អមមកជាមួយជម្រើស RAM ទំហំ 6GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128GB។ លើសពីនេះទៅទៀត យើងក៏អាចធ្វើការបន្ថែម Memory ពីខាងក្រៅជាប្រភេទ microSD បានថែមទៀតផង។ Galaxy Tab Tab S6 5G ភ្ជាប់មកជាមួយថាមពលថ្មទំហំ 7,040 mAh និងជម្រើសពណ៌ប្រផេះ (Mountain Gray)។

 

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង