Amazfit​ T-Rex​ និង​ ​Bip S​ ត្រូវ​បាន​ប្រកាស​ចេញ​ជាផ្លូវការ​ហើយ​ ដោយ​ម៉ូឌែល ​T-Rex​ មាន​តម្លៃ​ខ្ទង់​ 46 ​ម៉ឺន​រៀល​ ឬ​ 115​ ដុល្លារ​​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

ដូចបានប្រាប់កាលពីពេលកន្លងមកនេះអញ្ចឹង ថាប៉ុន្មានថ្ងៃមកនេះ គឺពេលវេលាដែលក្រុមហ៊ុនជាច្រើន បានប្រកាសនូវផលិតថ្មីៗ ក៏ដូចជារបកគំហើញ នៃបច្ចេកវិទ្យាថ្មីៗរបស់ខ្លួន ព្រោះថាពួកគេកំពុងតែស្ថិតក្នុងព្រឹត្តិការណ៍ធំមួយ ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ និយាយឲ្យចំទៅគឺ CES 2020 នេះឯង។ ដោយឡែក នៅក្នុងពេលនេះយីហោ Huami បានប្រកាសចេញ នាឡិកាឆ្លាតវៃជំនាន់ថ្មីចំនួន 2 ម៉ូឌែលតែម្ដង ដែលវាមានឈ្មោះថា Amazfit T-Rex និង Amazfit Bip S ដោយទាំងពីម៉ូឌែលនេះ សុទ្ធតែបានបំពាក់មកជាមួយបច្ចេកវិទ្យាប្រសើរ ថែមទាំងមានតម្លៃសមរម្យ អាចទទួលយកបាន។

 

 

ជាការពិតណាស់ បើតាមការបង្ហាញរបស់ Huami ទៅលើនាឡិកាឆ្លាតវៃខាងលើ ទាំងពីរម៉ូឌែលនោះ គឺមានចំណុចពិសេសរៀងៗខ្លួន ដោយដំបូងយើងចាប់ផ្តើមពី Amazfit T-Rex ជាមុនសិន៖ មិនខុសទេ នាឡិកាដៃឆ្លាតវៃមួយនេះ ត្រូវបានធ្វើឡើងជាមួយ រចនាបថតួខ្លួនរឹងមាំ ដែលមានការធានាសុវត្ថិភាពចំនួន 12 លក្ខខណ្ឌនៃ MIL-STD-810G មានន័យថា វាអាចរស់បានមិនថា ស្ថិតក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង ឬក្តៅខ្លាំងនោះឡើយ។ ប្រាកដណាស់ វាអាចទ្រទ្រង់ជាមួយកម្តៅដល់ 70 អង្សាសេ និងអាចទ្រទ្រង់ជាមួយអាកាសធាតុត្រជាក់ខ្លាំងដល់ -40 អង្សាសេ ព្រមទាំងបានឆ្លងកាត់ការធ្វើតេស្តកម្តៅ បានក្នុងរយៈពេល 240 ម៉ោង, ធ្វើតេស្តជាមួយ អាស៊ីតអាល់កាលីក្នុងរយៈពេល 96 ម៉ោងផងដែរ។ Amazfit T-Rex បានប្រើប្រាស់ជាមួយអេក្រង់ 1.3 អ៊ីញ ប្រភេទ AMOLED ដែលមានកម្រិតបង្ហាញ 360 x 360 ភិចសែល ជាមួយកញ្ចក់ប្រភេទ Gorilla Glass 3 ដែលមានប្រើប្រាស់មុខងារវាស់ចង្វាក់បេះដូងបែប Optical រួមទាំងមានបំពាក់សេនស័រជាច្រើនដូចជា សេនស័រ Acceleration ចំនួន 3-Axis, សេនស័រ Geomagnetic Sensor និងសេនស័រ Ambient Light ទៀតផង។

 

 

មិនត្រឹមតែប៉ុណ្ណោះ វាក៏មានមុខងារ Always-On Display, មុខងារការពារការជ្រៀបទឹក ក្នុងកម្រិត 5ATM, GPS + GLONASS ដែលអាចធ្វើការបាន 20 ម៉ោងបន្ថែម បើសិនជានាឡិកាលែងដំណើរការ, Bluetooth 5.0 និងមានថាមពលថ្ម 390mAh ព្រមទាំងអាចកាន់បានដល់ 20 ថ្ងៃ ក្នុងការសាកម្ដង។ Amazfit T-Rex នេះដែរ វាមានជម្រើសទំហំតែមួយប៉ុណ្ណោះ ដែលមានទំហំ 47.7mm ទម្ងន់ 58 ក្រាម ប៉ុន្តែវាមានជម្រើសច្រើនពណ៌ដូចជា ខ្មៅ ប្រផេះ ពណ៌ប៉ារ៉ាដូចសម្លៀកបំពាក់ទាហាន បៃតង និងពណ៌ Khakhi ផងដែរ ហើយមិនថាពណ៌មួយណានោះទេ វាត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ 460,000 រៀល ឬ115 ដុល្លារ សម្រាប់ទីផ្សារប្រទេសចិន។ 

 

 

ចូលមកដល់ Amazfit Bip S វិញ វាត្រូវបានគេបង្ហាញថា មានភ្ជាប់មកជាមួយមុខងារការពារទឹកកម្រិត 5ATM រួមទាំងអាចធ្វើការបញ្ជាតន្ត្រី, មុខងារតាមដានការហែលទឹក, ការធ្វើលំហាត់ប្រាណ ឬ Exercise Mode ព្រមទាំងមាន GPS និងអាចកាន់ថ្មបាន 40 ថ្ងៃក្នុងការសាកម្ដង ចំណែកលក្ខណៈសម្បត្តិផ្សេងទៀត គឺក្រុមហ៊ុនខាងលើ មិនទាន់បានបញ្ជាក់ដូច Amazfit T-Rex ឡើយ គ្រាន់តែបានបង្ហាញថា វានឹងចេញលក់នៅក្នុងខែកុម្ភៈខាងមុខនេះ។

ដោយ​ ៖ 91Mobile
អត្ថបទទាក់ទង