មុខងារ Filmmaker Mode ​ជួយ​ឲ្យ​សាច់​រូបភាព​កាន់​តែ​ដិត​ច្បាស់ នឹង​មាន​លើ​ទូរទស្សន៍ឆ្លាតវៃ​ស៊េរីថ្មីៗ​របស់ Samsung និង Philips ដែរ​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ព្រឹត្តិការណ៍តាំងពិពណ៌បច្ចេកវិទ្យា CES 2020 ពិតជាពោលពេញដោយផលិតផលថ្មីៗ ក៏ដូចជាឧបករណ៍គម្រូមកពីក្រុមហ៊ុនជាច្រើន សម្រាប់បញ្ចេញនៅលើទីផ្សារ នាពេលអនាគតផងដែរ។ ចំណែកឯផលិតផលភាគច្រើន គឺមានទាក់ទងទៅនឹងទូរទស្សន៍តែម្ដង ដោយកាលពីម្សិលមិញនេះ ក្រុមហ៊ុន UHD Alliance បានប្រកាសចេញមុខងារ Filmmaker Mode ដើម្បីពង្រីងសាច់រូបភាព ឲ្យកាន់តែដិតច្បាស់ជាងមុន និងកាត់បន្ថាយចលនាព្រិលៗ ដោយអាចជួយដល់ពេលទស្សនាខ្សែភាពយន្ដ កាន់តែទទួលបានបទពិសោធន៍ល្អថែមទៀត។

 

 

សម្រាប់ទូរទស្សន៍ឆ្លាតវៃម៉ូឌែលកំពូលៗរបស់ Samsung និង TP Vision (ម៉ាកទូរទស្សន៍របស់ Philips) ដែលត្រៀមចេញលក់នៅឆ្នាំ 2020 នឹងទទួលបាននូវមុខងារថ្មីមួយនេះ រីឯក្រុមហ៊ុន LG, Panasonic និង Vizio ដែលបានបង្ហាញពីអារម្មណ៍ចង់នាំយកមុខងារ Filmmaker Mode ទៅកាន់ទូរទស្សន៍ឆ្លាតវៃរបស់ពួកគេ កាលពីពេលមុនមករួចហើយ ក៏បានបង្ហើបប្រាប់ព័ត៌មានបន្ថែមពីវាដែរ។ ក្រុមហ៊ុន LG បាននិយាយប្រាប់ថា រាល់ទូរទស្សន៍ឆ្លាតវៃមានកម្រិតបង្ហាញ 4K និង 8K ចេញនៅក្នុងឆ្នាំនេះ នឹងទទួលបានមុខងារ Filmmaker Mode ទាំងអស់តែម្ដង ដោយឡែក Panasonic បានប្រកាសប្រាប់ថាវាមានតែនៅលើស៊េរីឆ្នាំ 2020 នៃម៉ូឌែល OLED HD 2000 series ប៉ុណ្ណោះ ហើយនឹងពង្រីកបន្ថែមនៅពេលក្រោយៗទៀត។ ក្រុមហ៊ុនទាំងអស់នៅលើ បានបង្ហើបឲ្យដឹងមុនថា ទូរទស្សន៍ឆ្លាតវៃដែលមានមុខងារ Filmmaker Mode នឹងបើកដំណើរការឲ្យដោយស្វ័យប្រវត្តិតែម្ដង នៅពេលធ្វើការតម្លើងលើកដំបូង។

 

បើក្រុមហ៊ុន Samsung និង Philips គ្រាន់តែប្រាប់ថានឹងមានមុខងារ Filmmaker Mode នៅលើទូរទស្សន៍ឆ្លាតវៃស៊េរីឆ្នាំ 2020 របស់ខ្លួនប៉ុណ្ណោះ ដោយមិនបានបញ្ជាក់ថាសម្រាប់គ្រប់ម៉ូឌែលទាំងអស់ ឬមានតែនៅលើម៉ូឌែលមួយចំនួននោះទេ។ គោលដៅរបស់មុខងារ Filmmaker Mode គឺចង់ធ្វើឲ្យបទពិសោធន៍ទស្សនាខ្សែភាពយន្ដ កាន់តែច្បាស់ខ្លាំងជាងមុនទៀត ដោយបច្ចុប្បន្ននេះទូរទស្សន៍មានកម្រិតបង្ហាញ HD ភាគច្រើន សុទ្ធតែភ្ជាប់មកជាមួយមុខងារ Motion Smoothing បើកឲ្យស្រាប់តែម្ដង ដែលធ្វើឲ្យសាច់រូបភាពមើលឃើញព្រិលៗ ក៏ដូចជាសាច់ពណ៌មើលឃើញខុសប្លែកពី អ្នកផលិតខ្សែភាពយន្តចង់ឲ្យអ្នកទស្សនាឃើញ ថែមទៀតផង។

 

 

ហេតុដូច្នេះហើយ មុខងារ Filmmaker Mode នឹងមកជួសជុលលើបញ្ហាទាំងអស់នេះ ហើយចំពោះក្រុមហ៊ុនផលិតទូរទស្សន៍ភាគច្រើន បានបញ្ជាក់ជាផ្លូវការហើយថា ពួកគេនឹងចាប់ផ្ដើមប្រើប្រាស់នៅក្នងឆ្នាំ 2020 នេះជាបណ្ដើរៗផងដែរ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ក្រុមហ៊ុនធំៗមួយចំនួនទៀតដូចជា Sony និង TCL មិនទាន់បានប្រកាសនៅឡើយទេថា ពួកគេនឹងនាំយកមុខងារ Filmmaker ទៅកាន់ទូរទស្សន៍ឆ្លាតវៃស៊េរីថ្មីៗឬក៏អត់នោះទេ។ គួរតែបញ្ជាក់ឲ្យដឹងផងថា មុខងារជំនួយរូបភាពថ្មីមួយនេះ មិនអាចធ្វើការអាប់ដេតតាម Software នៅលើទូរទស្សន៍ជំនាន់មុនៗបានឡើយ ដោយវាត្រូវការបំពាក់នៅលើទូរទស្សន៍ស៊េរីថ្មីៗ ទើបអាចប្រើការបាន។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង