LG នឹង​ប្រកាស​ចេញ​ទូរទស្សន៍​ឆ្លាតវៃ 8K ស៊េរីថ្មីៗ​ជា​មួយ​ស៊ីភីយូ AI និង​មុខងារ AirPlay 2 នៅ CES 2020​
ដោយ​ ៖ ឡេង | 3 ខែមុន SHARE

 

ព្រឹត្តិការណ៍តាំងពិពណ៌បច្ចេកវិទ្យា CES 2020 កាន់តែជិតចាប់ផ្ដើមហើយ ដោយមានក្រុមហ៊ុនជាច្រើនមកពីជុំវិញពិភពលោក បានធ្វើការត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់បង្ហាញពីផលិតផល ឬ បច្ចេកវិទ្យាថ្មីៗរបស់ពួកគេ ឲ្យអតិថិជននានាបានឃើញមុនតែម្ដង។ ចំណែកឯក្រុមហ៊ុនបច្ចេកវិទ្យាយក្ស LG មកពីប្រទេសកូរ៉េខាងត្បូង ក៏បានបង្ហើបទុកជាមុនរួចហើយថា ខ្លួននឹងធ្វើការប្រកាសចេញទូរស្សន៍ឆ្លាតវៃស៊េរីថ្មីៗ ដែលមានកម្រិតបង្ហាញដល់ទៅ 8K ពិតៗ សម្រាប់ដាក់លក់នៅក្នុងឆ្នាំ 2020 នេះ។

 

 

ទូរទស្សន៍ឆ្លាតវៃស៊េរីថ្មីៗដែល LG កំពុងគ្រោងនឹងដាក់បង្ហាញនៅ CES 2020 គឺមានសរុបដល់ទៅចំនួន 8 ម៉ូឌែលខុសៗគ្នាឯណោះ ហើយពួកវាមានទំហំអេក្រង់ចាប់ពី 65 អ៊ីញ ឡើងរហូតដល់ 88 អ៊ីញតែម្ដង ដើម្បីអាចឲ្យទទួលបានបទពិសោធន៍ទស្សនា កាន់តែត្រជាក់ភ្នែកផងដែរ។ អ្វីដែលមិនសូវធ្លាប់ឃើញពីមុនមក នោះគឺថាទូរទស្សន៍ឆ្លាតវៃរបស់ LG ម៉ូឌែលថ្មីៗទាំងអស់នេះ នឹងអាចប្រើប្រាស់មុខងារ HomeKit និង AirPlay 2 របស់ Apple បានថែមទៀតផង។ ហេតុដូច្នេះហើយ ពួកវានឹងអនុញ្ញាតឲ្យធ្វើការជាមួយជំនួយការ Siri បានដូចជាផលិតផលរបស់ Apple អញ្ចឹង ទាំងការបញ្ជាមុខងារតាមការប្រើសម្លេង និងតភ្ជាប់ជាមួយ iPhone ឬ iPad ជាដើម។ លើសពីនេះទៅទៀត LG ក៏បានបញ្ជាក់ប្រាប់ថា ទូរទស្សន៍ឆ្លាតវៃកម្រិត 8K ទាំងអស់ដែលចេញនៅឆ្នាំ 2020 នឹងភ្ជាប់មកជាមួយខួរក្បាលថ្មី ដែលប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីធ្វើឲ្យសាច់រូបភាពកាន់តែដិត ហើយមានសម្លេងឭល្អទៀត។ គួរតែបញ្ជាក់ប្រាប់ផងថា ទូរទស្សន៍ឆ្លាតវៃកម្រិត 8K ទាំងចំនួន 8 ម៉ូឌែលនេះ នឹងរួមមានទាំងបន្ទះអេក្រង់ប្រភេទ OLED និង Nano Cell (LCD) សម្រាប់តម្រូវតាមទំហំអេក្រង់ និងលំដាប់តម្លៃនីមួយៗ។

 

 

ចំពោះព័ត៌មានលម្អិតទាក់ទងទៅនឹង ទូរទស្សន៍ឆ្លាតវៃកម្រិត 8K ស៊េរីថ្មីៗទាំងអស់នេះ គឺយើងនឹងអាចដឹងបន្ថែមទៀត នៅពេលក្រុមហ៊ុន LG ដាក់បង្ហាញវាជាផ្លូវការ នៅព្រឹត្តិការណ៍តាំងពិពណ៌ CES 2020 ចាប់ពីថ្ងៃទី 7 ដល់ថ្ងៃទី 10 ខែមករា ឆាប់ៗខាងមុខនេះ។ ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ ដូច្នេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា ដោយវានឹងចាប់ផ្ដើមធ្វើឡើង នៅសប្ដាហ៍ក្រោយនេះហើយ។

ដោយ​ ៖ Redmond Pie
អត្ថបទទាក់ទង