គិត​យ៉ាង​ម៉េច​ដែរ​ បើ​នេះ​ជា​រូបរាង​ទូរទស្សន៍​ឆ្លាតវៃ ​ដែល​គ្មាន​គែមជុំ​​វិញ​អេក្រង់​​របស់ ​Samsung?​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីពេលថ្មីនេះ យើងធ្លាប់បានទទួលដំណឹងមួយ ដែលនិយាយថា Samsung នឹងប្រកាសចេញទូរទស្សន៍ឆ្លាតវៃម៉ូឌែលថ្មីមួយ នៅក្នុងពេលឆាប់ៗនេះ ដែលវាមិនមានគែមព័ទ្ធជុំវិញអេក្រង់ឡើយ ហើយគេហៅថា Zero-Bezel មិនមែនគ្រាន់តែ Bezel-less នោះទេ។ ជាក់ស្ដែងនៅក្នុងពេលនេះ យើងក៏បានឃើញ រូបភាពមួយ ដែលត្រូវបានគេរំពឹងថា អាចនឹងក្លាយជាទូរទស្សន៍ឆ្លាតវៃខាងលើ ហើយបើសិនរូបនោះជាការពិត គឺអាចនិយាយបានថា វាពិតជាគ្មានគែមមែន នៅជ្រុងទាំង 3 ខាងលើ និងខាងកៀន ប៉ុន្តែនៅតែមានត្រង់ចង្ការខាងក្រោម។

 

 

 

មិនខុសទេ ទូរទស្សន៍ឆ្លាតវៃខាងលើ ត្រូវបានគេដឹងថា វាអាចនឹងមានឈ្មោះ Q900T ឬ Q950T ហើយកាន់តែពិសេសនោះ វាអាចនឹងមានអេក្រង់បង្ហាញ ក្នុងកម្រិត 8K លើទំហំអេក្រង់ដល់ 65 អ៊ីញ ថែមទៀតផង។ ដូចបានបង្ហាញពីខាងដើមអញ្ចឹងថា នៅក្នុងរូបភាពដែលយើងបានឃើញនោះ វាពិតជាគ្មានគែមពិតមែន នៅខាងលើ និងខាងកៀនសងខាង ប៉ុន្តែនៅចង្ការផ្នែកខាងក្រោមវិញ យើងនៅឃើញវាមានសល់គែមបន្តិច ប៉ុន្តែវាពិតជាខ្លីមែនទែន។ គួរបញ្ជាក់ដែរថា បើតាមដំណឹងបែកធ្លាយកាលពីពេលមុន បានឲ្យដឹងថា ទូរទស្សន៍ឆ្លាតវៃខាងលើ អាចនឹងមានទំហំអេក្រង់ចាប់ពី 65 អ៊ីញឡើងទៅ ពោលគឺមិនមានទំហំតូចជាងនេះទេ។

 

 

យ៉ាងណាក៏ដោយ រូបភាពដែលយើងបានឃើញនេះ មិនទាន់ប្រាកដមួយរយភាគរយថាជាទូរទស្សន៍ ដែល Samsung បានបញ្ជាក់ថា គ្មានគែមជុំវិញអេក្រង់នោះទេ ព្រោះថានេះជារូបដែលគេបានប្រទះឃើញ ព្រមទាំងរំពឹងថា វាអាចនឹងក្លាយជា Smart TV ដែលក្រុមហ៊ុនកូរ៉េខាងលើ បាននិយាយនោះ តែប៉ុណ្ណោះ។ អញ្ចឹងហើយ មកទល់ពេលនេះ យើងនៅតែមិនទាន់ច្បាស់នោះឡើយ ទាក់ទងនឹងទូរទស្សន៍ឆ្លាតវៃ របស់ Samsung ដែលមានគម្រោងក្នុងការដាក់បង្ហាញ នៅក្នុងព្រឹត្តិការណ៍ CES 2020 ខាងមុខនេះ អ្វីដែលយើងដឹងច្បាស់គឺ វានឹងក្លាយជាទូរទស្សន៍ ដែលមានការរចនាគែមអេក្រង់ ខុសប្លែកពីម៉ូឌែលមុនៗ អញ្ចឹងដែរ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង