បែក​ធ្លាយ​រូបភាព​ចាប់​កាន់​ស្មាតហ្វូន​អេក្រង់​បត់​ជំនាន់​ថ្មី​របស់ Samsung​
ដោយ​ ៖ គាលី | 1 ឆ្នាំមុន SHARE

 

គិតៗទៅ ស្មាតហ្វូនអេក្រង់បត់ Galaxy Fold ជំនាន់ដំបូងបង្អស់ របស់ក្រុមហ៊ុន Samsung ត្រូវបានបង្ហាញខ្លួនជិត 1 ឆ្នាំដែរហើយ ដែលគិតចាប់តាំងពីថ្ងៃ ប្រកាសចេញដំបូង ពោលគឺនៅអំឡុងដើមឆ្នាំ 2019 កន្លងផុតទៅ។  ដោយឡែក មកដល់មួយរយៈពេលក្រោយនេះ ក៏លេចចេញនូវព័ត៌មាន ដែលនិយាយទាក់ទងនឹង ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីមួយទៀត ដែលត្រូវបានគេស្គាល់ថា ជាខ្សែស្រឡាយទី 2 នៃ Galaxy Fold ព្រមទាំងធ្លាប់បានដឹងទៀតថា Samsung អាចនឹងដាក់បង្ហាញវា ជាផ្លូវការ នៅខែកុម្ភៈ ឆ្នាំ 2020 ខាងមុខនេះផងដែរ។ 

 

 

យ៉ាងណា ស្រាប់តែមុននេះបន្តិច យើងក៏ប្រទះឃើញនូវរូបភាពចាប់កាន់ស្មាតហ្វូនមួយម៉ូឌែលរបស់ Samsung ចេញពីកំពូលអ្នកចែកចាយព័ត៌មាន បែកធ្លាយដ៏ល្បីម្នាក់ ដែលមានឈ្មោះថា Ice Universe ក្នុងបណ្តាញសង្គម Twitter ដោយគេសន្មត់ថាវាជា Galaxy Fold 2។ បើពិនិត្យមើលទៅរូបភាពប៉ុន្មានសន្លឹកនេះ អាចបញ្ជាក់ឲ្យឃើញថា ស្មាតហ្វូនអេក្រង់បត់ ម៉ូឌែលថ្មីមួយនេះ ពិតជាមានលក្ខណៈដូចរូបភាព Renders មុនៗមកដែរ និងត្រូវបានរចនាមកខុសពីរូបរាង សិស្សច្បងរបស់វាទាំងស្រុង ដោយការបត់របស់ ខ្សែស្រឡាយជំនាន់ទី 2  នៃស្មាតហ្វូនអេក្រង់បត់នេះ មានលក្ខណៈដូចទៅនឹងទូរសព្ទបត់ ដែលមានប៊ូតុងជំនាន់ចាស់ បើនិយាយឲ្យងាយស្រួលយល់ វាមានលក្ខណៈបត់ស្រដៀងគ្នាទៅនឹង Motorola Razr ស៊េរីចាស់ ដែលយើងធ្លាប់បានឃើញ ឬប្រើពីមុនមក អញ្ចឹងដែរ។ 

 

 

លើសពីនេះ បើមើលទៅផ្នែកខាងមុខវិញ យើងឃើញមានបំពាក់មក ជាមួយកាមេរ៉ា Selfie មួយគ្រាប់តូចល្មម នៅចំកណ្តាលថ្ងាស ខាងលើនៃទូរសព្ទ រីឯកាមេរ៉ាក្រោយវិញ ឃើញថាមាន 2 គ្រាប់តែប៉ុណ្ណោះ និងអមដោយ LED Flash មួយគ្រាប់ផងដែរ។ គួរបញ្ជាក់ដែរថា យោងតាមការបែកធ្លាយលើកមុន បានឲ្យដឹងថា Galaxy Fold 2 នឹងបំពាក់មកជាមួយកាមេរ៉ា ដែលមានទំហំសេនស័ររហូតដល់ទៅ 108MP ថែមទាំងនឹងភ្ជាប់មក ជាមួយលេនពង្រីក លំដាប់កំពូល ដែលមានសមត្ថភាព អាចធ្វើការពង្រីក Optical Zoom បានដល់ទៅ 5 ដង។ មិនតែប៉ុណ្ណោះ គេរំពឹងទុកថា វាអាចនឹងមិនមានតម្លៃថ្លៃ ដូច Galaxy Fold ជំនាន់ដំបូងនោះទេ គឺអាចស្ថិតក្នុងតម្លៃដើមត្រឹម 3 លាន 38 ម៉ឺនរៀល (845 ដុល្លារ) តែប៉ុណ្ណោះ។ មួយវិញទៀត វាក៏អាចនឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ Mobile World Congress 2020 ដែលត្រូវធ្វើឡើង នៅក្នុងខែកុម្ភៈ ឆ្នាំ 2020 ខាងមុខនេះឯង។

ដោយ​ ៖ Ice Universe
អត្ថបទទាក់ទង