ប្រទះឃើញរូបភាពគម្រូថ្មី បង្ហាញពីរចនាបថផ្ទៃខាងមុខនិងខាងក្រោយរបស់ Galaxy A51​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

យើងបានដឹងហើយថា នៅថ្ងៃ 12 ខែធ្នូ ឆ្នាំ 2019 ខាងមុខនេះ ក្រុមហ៊ុន Samsung នឹងបើកព្រឹត្តិការណ៍មួយ ដើម្បីធ្វើការប្រកាសបង្ហាញពីឈ្មោះរបស់ស្មាតហ្វូនថ្មីជាច្រើនម៉ូឌែល ដែលស្ថិតនៅក្នុងត្រកូល A Series ឆ្នាំ 2020។ ក្នុងនោះ បើយោងទៅតាមសារព័ត៌មានល្បីៗជាច្រើន បានរំពឹងថា ក្រុមហ៊ុន Samsung នឹងធ្វើការប្រកាសចេញជាផ្លូវការ នូវស្មាតហ្វូន Galaxy A51 ផងដែរ។ បើនិយាយដល់ Galaxy A51 ខ្ញុំជឿថាប្រិយមិត្តមួយចំនួន ប្រហែលជាបានដឹងអំពីលក្ខណៈសម្បត្តិរបស់វាខ្លះៗរួចមកហើយ ព្រោះថាមួយរយៈពេលចុងក្រោយនេះ ក្រុមការងាររបស់យើង បានធ្វើការចុះផ្សាយដំណឹងពាក់ព័ន្ធទៅនឹងស្មាតហ្វូនមួយនេះច្រើនគួរសមដែរ។

 

 

ដោយឡែកនៅក្នុងថ្ងៃនេះ យើក៏ប្រទះឃើញរូបភាពគម្រូថ្មីចំនួន 2 សន្លឹក ដែលបង្ហាញឲ្យយើងដឹងយ៉ាងច្បាស់ អំពីរចនាបថផ្នែកខាងមុខនិងផ្ទៃខាងក្រោយរបស់ Galaxy A51 តែម្តង។ តាមរយៈរូបភាពទាំង 2 នេះ បានបង្ហាញឲ្យយើងដឹងថា Galaxy A51 នឹងបំពាក់មក ជាមួយអេក្រង់លាតរាបស្មើ ស្ទើរតែគ្មានសល់គែមទៅហើយ អមមកជាមួយលេនទម្លុះអេក្រង់ (Infinity O) ដែលមានទំហំតូច ស្ថិតនៅចំកណ្តាលនៅផ្នែកខាងលើនៃទូរសព្ទ។ ចំពោះផ្នែកខាងក្រោយវិញ យើងឃើញថា Galaxy A51 មានរចនាបថខ្នងខាងក្រោយជាកញ្ចក់ 3D រាងមូលកោង អមមកជាមួយកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដែលមានរចនាបថកាណុងកាមេរ៉ា ស្រដៀងគ្នាទៅនឹងកាណុងកាមេរ៉ាក្រោយរបស់ Galaxy S11 Series ដែលយើងធ្លាប់ឃើញតាមរយៈរូបភាពបែកធ្លាយ អញ្ចឹងដែរ។ បើផ្អែកទៅលើរូបភាពដដែល ក៏បានបញ្ជាក់ថា Galaxy A51 នឹងមកជាមួយជម្រើសពណ៌សរុបចំនួន 4 ក្នុងនោះរួមមានដូចជា ពណ៌ស (Prism Crush White), ខ្មៅ (Black), ផ្កាឈូក (Pink) និងខៀវ (Blue)

 

 

គួររំលឹកផងថា Galaxy A51 ត្រូវបានគេរំពឹងថា នឹងបំពាក់មកជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ មានទំហំ 32MP មានកម្រិត Aperture f/2.2 និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយមួយគ្រាប់គឺជាលេនគោល ទំហំ 48MP មានកម្រិត Aperture f/2.0, មួយគ្រាប់ជាលេនទូលាយ (Ultra-Wide) ទំហំ 12MP មានកម្រិត Aperture f/2.2, មួយគ្រាប់គឺជាលេនជំនួយក្នុងការថតព្រាលផ្ទៃខាងក្រោយ (Depth Sensor) ទំហំ 5MP និងមួយគ្រាប់ចុងក្រោយ គឺជាលេន Macro ទំហំ 5MP មានកម្រិត Aperture f/2.4។ ចំណែកកម្លាំងម៉ាស៊ីនវិញ វាអាចនឹងបំពាក់មកជាមួយបន្ទះឈីប Exynos 9611 អមមកជាមួយជម្រើស RAM ទំហំ 4/6GB គួបផ្សំជាមួយជម្រើសអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 64/128GB។ ម៉្យាងវិញទៀត Galaxy A51 ទំនងជាអាចភ្ជាប់មកជាមួយថ្មដែលមានទំហំ 4,000 mAh ព្រមទាំងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដែលមានកម្លាំង 15W តាមរយៈរន្ធសាកថ្ម USB-C ផងដែរ។ 

 

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង