គិត​យ៉ាង​ណា​ដែរ ​បើ ​OnePlus​ 8​ Lite​ នេះ ​ជាស្មាតហ្វូន​លំដាប់​ថវិកា​ជំនាន់​ថ្មី​របស់ ​OnePlus​?​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីពេលមុន ប្រិយមិត្តទាំងអស់គ្នាធ្លាប់បានឮ រួចខ្លះមកហើយ ពីដំណឹងមួយចំនួន ដែលបាននិយាយពី ស្មាតហ្វូនជំនាន់ថ្មីរបស់ OnePlus សម្រាប់ដាក់ចេញ នៅលើទីផ្សារឆ្នាំក្រោយនេះ និយាយឲ្យចំទៅ វាជាដំណឹងលេចធ្លាយ ដែលបង្ហាញពី OnePlus 8 Series ជាដើម។ ដោយឡែក នៅក្នុងពេលនេះវិញ យើងក៏បានប្រទះឃើញ រូបភាពមួយចំនួនទៀត ដែលត្រូវបានគេបញ្ជាក់ថា អាចនឹងក្លាយជាស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មីរបស់ OnePlus ពោលគឺ វាអាចនឹងក្លាយជា OnePlus 8 Lite ថែមទៀតផង។

 

 

ប្រាកដណាស់ នៅក្នុងរូបនោះ វាបានបញ្ជាក់ពីរូបរាងទាំងមុខ នឹងក្រោយយ៉ាងច្បាស់តែម្ដង ដោយផ្នែកខាងមុខ វាអាចនឹងមានប្រើប្រាស់ កាមេរ៉ាបែបលេនទំលុះអេក្រង់ នៅចំកណ្ដាលដូច រូបភាពបែកធ្លាយរបស់ OnePlus 8 Pro ដែរ ប៉ុន្តែវាមិនមានគែមកោងនោះទេ។ យ៉ាងណាក៏ដោយ អេក្រង់ខាងមុខនោះ ត្រូវបានគេរំពឹងថា អាចនឹងមានទំហំពី 6.4 ទៅ 6.5 អ៊ីញ ក៏ដូចជាអាចនឹងមានទំហំតួខ្លួន 159.2 x 74 x 8.6 mm។ នៅក្នុងនោះដែរ យើងឃើញវាមានបំពាក់មក ជាមួយរន្ធសាកប្រភេទ USB-C ប៉ុន្តែមិនមានរន្ធដោតកាសនោះទេ ចំណែកតួខ្លួននៅផ្នែកខាងក្រោយវិញ វាទំនងជាប្រើប្រាស់កញ្ចក់កោង ដែលមានដាក់កញ្ចប់កាមេរ៉ា នៅផ្នែកខាងលើ កៀនខាងឆ្វេងមានលក្ខណៈធំ  មិនដូចកញ្ចប់កាមេរ៉ា ដែលគេបានរំពឹងនៅលើ OnePlus 8 និង 8 Pro នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងកញ្ចប់នោះ វាអាចនឹងមានសេនស័រកាមេរ៉ា 2 គ្រាប់ ជាមួយសេនស័រមួយចំនួនទៀត អាចជា ToF Sensor ហើយកាន់តែពិសេសនោះ វាមានទំនងជាមាន សេនស័រស្កេនស្នាមម្រាមដៃ នៅលើអេក្រង់ទៀតផង មានន័យថា អេក្រង់ដែលបំពាក់នោះ អាចជាប្រភេទ AMOLED ផងដែរ។

 

 

យ៉ាងណាក៏ដោយ នៅក្នុងការបង្ហាញនោះ មិនបានបញ្ជាក់ប្រាប់នោះទេ ពីកម្រិត Refresh Rate នៃអេក្រង់របស់វា មិនមែនតែចំណុចនេះទេ សូម្បីតែប្រភេទបន្ទះឈីប ដែលនឹងត្រូវបំពាក់លើស្មាតហ្វូនខាងលើនេះ ក៏នៅមិនទាន់មានការបង្ហាញដូចគ្នាដែរ ប៉ុន្តែ OnePlus 8 Lite នេះ អាចនឹងត្រូវប្រកាសចេញជាផ្លូវការ នៅដើមឆ្នាំ 2020 ខាងមុខនេះថែមទៀតផង។ អញ្ចឹងហើយ យើងឃើញថា ខាងលើនេះ គឺជាការរៀបរាប់ ទាក់ទងជាមួយស្មាតហ្វូនជំនាន់ថ្មីមួយរបស់ OnePlus ដែលអាចនឹងចេញ សម្រាប់វាយលុកទីផ្សារតម្លៃទាប ហើយអ្វីដែលប្លែកនោះគឺថា វាមានរូបរាង មិនដូចនឹងការលេចធ្លាយរបស់ OnePlus 8 / 8 Pro កាលពីពេលមុននោះទេ ជាពិសេសគឺផ្នែកខាងក្រោយតែម្ដង។ 

ដោយ​ ៖ XDA
អត្ថបទទាក់ទង