របាយការណ៍ថ្មីបញ្ជាក់ថា Galaxy Fold 2 នឹងបំពាក់មកជាមួយកាមេរ៉ា 108MP ដូច Galaxy S11 ដែរ​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

នៅឆ្នាំ 2020 ខាងមុខនេះ ក្រុមហ៊ុន Samsung ទំនងជាផ្លាស់ប្តូយុទ្ធសាស្រ្តរបស់ខ្លួនហើយ ដោយពួកគេនឹងធ្វើកំណែអាប់ដេតដ៏ធំ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ទៅលើផ្នែកកាមេរ៉ារបស់ពពួកស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួន។ តួយ៉ាង បើតាមដំណឹងដែលយើងទទួលបានមួយរយៈពេលកន្លងទៅនេះ បានបញ្ជាក់ឲ្យយើងឃើញថា Galaxy S11 Series នឹងភ្ជាប់មកជាមួយកញ្ចប់កាមេរ៉ា ដែលមានសមត្ថភាពខ្លាំងក្លា និងមានមុខងារពិសេសៗជាច្រើន ដែលយើងមិនដែលឃើញមាននៅលើស្មាតហ្វូនកំពូលៗរបស់ Samsung ពីមុនមកនោះឡើយ។

 

 

មិនទាន់អស់នោះទេ បើយោងទៅតាមរបាយការណ៍ថ្មី ដែលបានរាយការណ៍ដោយ ភ្នាក់ងារសារព័ត៌មានដ៏ល្បី ដែលមានឈ្មោះថា Bloomberg បាននិយាយថា ស្មាតហ្វូនលំដាប់កំពូលរបស់ Samsung ទាំងអស់ ដែលចេញនៅក្នុងឆ្នាំក្រោយនេះ រាប់បញ្ចូលទាំង Galaxy Fold 2 នឹងបំពាក់មកជាមួយកាមេរ៉ា ដែលទំហំសេនស័ររហូតដល់ទៅ 108MP ដូចទៅនឹង Galaxy S11 Series អញ្ចឹងដែរ។ គួររំលឹកផងថា កាលពីខែសីហាកន្លងទៅនេះ ក្រុមហ៊ុន Samsung បានធ្វើការប្រកាសចេញជាផ្លូវការ នូវសេនស័រកាមេរ៉ារបស់ស្មាតហ្វូនដែលមានទំហំរហូតដល់ទៅ 108MP ឯណោះ ហើយវាក៏ជាទំហំដែលធំបំផុតក្នុងពេលបច្ចុប្បនេះ។ ប្រភពខាងលើបន្ថែមទៀតថា ក្រៅពីសេនស័រទំហំ 108MP ដែលបាននិយាយខាងលើហើយ ស្មាតហ្វូនអេក្រង់បត់ Galaxy Fold 2 ក៏នឹងភ្ជាប់មកជាមួយលេនពង្រីកលំដាប់កំពូល ដែលមានសមត្ថភាពអាចធ្វើការពង្រីក Optical Zoom បានដល់ទៅ 5 ដង ផងដែរ។ 

 

 

គួរបញ្ជាក់ផងថា សេនស័រ ISOCELL Bright HMX ទំហំ 108MP នៅតែភ្ជាប់មកជាមួយអង្គគណនារូបភាព ដែលមានទំហំ 0.8um ដូចទៅនឹងសេនស័រទំហំ 64MP អញ្ចឹងដែរ។ ប៉ុន្តែវាបានធ្វើការបង្កើនទំហំរបស់សេនស័ររហូតដល់ទៅ 1/1.33” ឯណោះ ដែលជួយឲ្យសេនស័រមួយនេះអាចធ្វើការចាប់យករូបភាពបានរហូតដល់កម្រិត 12032 x 9024 ភិចស៊ែល ឯណោះ។ លើសពីនេះទៅទៀត សេនស័រមួយនេះ ក៏អាចទ្រទ្រង់ការថតវីដេអូនៅក្នុងកម្រិតបង្ហាញ 8K ក្នុងល្បឿន 30 ហ្វ្រេមក្នុងមួយវិនាទី ផងដែរ។ សេនស័រ HMX ត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Tetracell និង ISOCELL Plus របស់ Samsung ផ្ទាល់តែម្តង។

 

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង