ប្រទះ​ឃើញ​រូបភាព​ចាប់​កាន់ Redmi K30 និង​ប្រអប់​ដោយ​ផ្ទាល់​នៅ​ខាង​ក្រៅ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

បន្ទាប់ពីក្រុមហ៊ុនចិន Xiaomi បានប្រកាសប្រាប់ឲ្យដឹងមុនថា ស្មាតហ្វូនម៉ូឌែល Redmi K30 នឹងដាក់បង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ ព្រមទាំងបានបង្ហើបថា វានឹងមានថ្មទំហំ 4,500mAh ដែលគាំទ្របច្ចេកវិទ្យាសាកថ្មលឿន 30W ហើយបំពាក់សេនស័រ Sony IMX686 ទំហំ 64MP ដំបូងគេបង្អស់ ថែមទៀតផង។ ដើម្បីកុំឲ្យរង់ចាំយូរពេក យើងក៏ទទួលបានរូបភាព 4 សន្លឹកចេញមកពី Weibo ដែលដាក់បង្ហាញឲ្យឃើញពី រូបរាងប្រអប់របស់ Redmi K30 និងជាពិសេស ការចាប់កាន់ស្មាតហ្វូននេះតែម្ដង។

 

 

បើយោងទៅតាមរូបភាពទាំងអស់នោះ គឺយើងអាចឃើញបានថា ប្រអប់របស់វាមានពណ៌ស ទាំងខាងមុខនិងខាងក្រោយ ជាមួយនឹងអក្សរបញ្ជាក់ឈ្មោះ Redmi K30 និងស្លាកសញ្ញាម៉ាក Xiaomi ដោយផ្នែកបាតខាងក្រោយ មានរូបដាយណូស័រកំពុងផ្លុំភ្លើង ហើយក៏តំណាងឲ្យថាវាជាស្មាតហ្វូន Flagship Killer ផងដែរ។ ចំណែកឯរូបរាងរបស់ស្មាតហ្វូនវិញ គឺវាភ្ជាប់មកជាមួយកាមេរ៉ាសរុបចំនួន 4 គ្រាប់ជាជួរបញ្ឈរ  ហើយមានព័ទ្ធជុំវិញ ដោយរចនាបថកងរង្វង់មូលមួយដ៏ធំ ដែលមើលទៅមានលក្ខណៈស្រដៀងគ្នាទៅនឹងរូបរាងកាណុងកាមេរ៉ាក្រោយរបស់ OnePlus 7T បូកជាមួយនឹង Mate 30 Series អញ្ចឹង។ រូបភាពនេះបង្ហាញពីជម្រើសពណ៌ក្រហម ប៉ុន្ដែវារំពឹងទុកថានឹងមាន ពណ៌ខៀវ និងពណ៌ស្វាយថែមទៀត។ ហាក់បីដូចជាក្នុងរូបពាណិជ្ជកម្ម បានចុះផ្សាយពីមុនមកដែរ ដោយវានឹងមានកាមេរ៉ាមុខភ្លោះ ហើយមានរាងដូចជា Galaxy S10+ ព្រមទាំងមានអេក្រង់កម្រិត Refresh Rate ដល់ទៅ 120Hz ឯណោះ។

 

 

ស្មាតហ្វូនម៉ូឌែល Redmi K30 ត្រូវបានគេរំពឹងទុកថា នឹងទទួលបានជម្រើសម៉ូឌែលពីរ គឺប្រភេទ 5G ដែលប្រើប្រាស់បន្ទះឈីប Snapdragon 765G និងប្រភេទ 4G LTE ធម្មតាបំពាក់ឈីប Snapdragon 730G ជាមួយរ៉េមដើមទំហំ 6GB និងឡើងរហូតដល់ 12GB តែម្ដង។ សម្រាប់ព័ត៌មានលម្អិត ទាក់ទងទៅនឹងស្មាតហ្វូនម៉ូឌែលថ្មីនេះ យើងនឹងដឹងកាន់តែច្បាស់ នៅពេលដែលក្រុមហ៊ុន Xiaomi ប្រកាសវាជាផ្លូវការនៅថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2019 នាពេលឆាប់ៗខាងមុខនេះ។

ដោយ​ ៖ Weibo
អត្ថបទទាក់ទង