Google Maps កំពុង​សិក្សា​លើ​មុខងារ​ថ្មី​មួយ អាច​ឲ្យ​យើង​ជៀស​វាង​ផ្លូវ​ដែល​គ្មាន​សុវត្ថិភាព​នៅ​ពេល​យប់​បាន​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

របាយការណ៍ថ្មីមួយបានចុះផ្សាយថា Google កំពុងតែធ្វើការសិក្សាលើមុខងារពិសេសមួយ ដែលអាចដាក់បង្ហាញឲ្យឃើញពី ផ្លូវមានពន្លឺគ្រប់គ្រាន់ក្នុងពេលយប់ ឬ ផ្លូវដែលអាចដើរបានដោយសុវត្ថិភាព ហើយជៀសវាងរាល់ផ្លូវងងឹត មិនសូវឲ្យទុកចិត្តជាដើម។ ចំណែកឯមុខងារថ្មីមួយនេះ ត្រូវបានប្រទះឃើញដោយ វេបសាយព័ត៌មាន XDA Developers តាមរយៈកូដសម្ថាត់ នៅលើកម្មវិធី Google Maps (v10.31.0) ដូច្នេះហើយមានន័យថា យើងអាចនឹងទទួលបានវា នៅពេលឆាប់ៗខាងមុខនេះ។

 

 

មុខងារថ្មីមួយនេះមានឈ្មោះហៅថា “Lighting” ដោយវាមានគោលបំណងចង់ឲ្យ ការធ្វើដំណើរពេលយប់ងងឹត កាន់តែមានសុវត្ថិភាពថែមទៀត សម្រាប់អ្នកប្រើប្រាស់ទាំងអស់ តាមរយៈការជួយប្រាប់ផ្លូវល្អៗឲ្យ និងដាក់បង្ហាញឲ្យដឹងថា ផ្លូវណាមួយគ្មានភ្លើងបំភ្លឺ ហើយគួរតែកុំឆ្លងកាត់ទីនោះឡើយ។ នៅពេលវាដាក់ឲ្យប្រើជាសារធារណៈ យើងនឹងចាប់ផ្ដើមឃើញមាន ផ្លូវកំណត់ជាពណ៌លឿង ដែលផ្លូវទាំងអស់នោះ សម្រាប់សម្គាល់ឲ្យដឹងថា វាមានភ្លើងបំភ្លឺគ្រប់គ្រាន់ ហើយអាចដើរតាមនោះបាន។ ហេតុដោយសារតែ Google Maps ជាកម្មវិធីដ៏ល្បីល្បាញមួយ ដូច្នេះហើយមុខងារមួយនេះ ពិតជាមានប្រយោជន៍ខ្លាំងណាស់ សម្រាប់អ្នកធ្វើដំណើរនៅក្រៅប្រទេស ហើយមិនទាន់ស្គាល់ផ្លូវច្បាស់លាស់ និងដើម្បីធានាដល់សុវត្ថិភាព កុំឲ្យមានសកម្មភាពអាក្រក់កើតឡើង។ យើងក៏តែងតែដឹងរួចមកហើយថា ការដើរនៅលើផ្លូវមានពន្លឺក្នុងពេលយប់ គឺមានអារម្មណ៍សុវត្ថិភាពច្រើនជាង ផ្លូវណាមួយដែលងងឹតតែម្ដង។

 

 

សម្រាប់ពេលបច្ចុប្បន្ននេះ យើងមិនទាន់ដឹងឲ្យច្បាស់ទេថា Google នឹងបើកដំណើរការមុខងារនេះ ជាលក្ខណៈទ្រង់ទ្រាយធំ សម្រាប់ដាក់ឲ្យប្រើគ្រប់ប្រទេសទាំងអស់ ឬក៏តែប្រទេសមួយចំនួននោះទេ ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នា នៅពេលក្រោយៗបន្ដទៀត។ យ៉ាងណាក៏ដោយ វាគឺជាមុខងារពិសេសមួយ ដែលចាត់ទុកថាចាំបាច់បំផុត សម្រាប់ការប្រើប្រាស់សព្វថ្ងៃនេះ ហើយយើងក៏សង្ឃឹមថា Google នឹងប្រកាសចេញវាជាផ្លូវការ ក្នុងពេលឆាប់ៗនេះទៅចុះ។

ដោយ​ ៖ Beebom
អត្ថបទទាក់ទង