Google មាន​គម្រោង​ចង់​បិទ​លែងឲ្យ​តម្លើង APK ពី​ខាង​ក្រៅ​មក​ប្រើ​ត​ទៅ​ទៀត​ហើយ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ប្រព័ន្ធការពារសុវត្ថិភាព Advanced Protection Program របស់ក្រុមហ៊ុន Google គឺត្រូវបានបង្កើតឡើងជាពិសេស ដើម្បីធ្វើការការពារអ្នកប្រើទាំងឡាយ កុំឲ្យជួបប្រទះការឆ្លងមេរោគ ឬ ការវាយប្រហារផ្សេងៗពីខាងក្រៅ ជាមួយនឹងការត្រួតពិនិត្យច្បាស់លាស់។ រហូតមកដល់ពេលថ្មីៗនេះ ក៏មានអ្នកស្វែងរកឃើញគម្រោងថ្មីមួយរបស់ Google ដែលចង់បន្ថែមសុវត្ថិភាព ឲ្យកាន់តែខ្ពស់មួយកម្រិតទៀត គឺការហាមឃាត់លែងឲ្យតម្លើង APK ពីខាងក្រៅតទៅទៀតនោះទេ។

 

 

ការប្រទះឃើញថ្មីនេះ មានប្រភពចេញមកពី ក្រុមអ្នកសារព័ត៌មាន 9to5Google ដែលវាស្ថិតនៅលើកម្មវិធី Play Store (v17.8.14) ជំនាន់ចុងក្រោយបង្អស់ ហើយវាមានបូកបញ្ចូលទាំង មុខងារហាមឃាត់នេះតែម្ដង។ បន្ទាប់ពីយើងទទួលបាន កំណែអាប់ដេតថ្មីនេះហើយ នៅពេលព្យាយាមតម្លើង APK ពីវេបសាយខាងក្រៅមក នោះវានឹងលោតសារបញ្ជាក់ថា “ដើម្បីបន្ថែមសុវត្ថិភាព ដូច្នេះមុខងារ Advanced Protection មិនអនុញ្ញាតឲ្យតម្លើងកម្មវិធីមកពីកន្លែងផ្សេង ក្រៅពី Google Play Store នោះឡើយ”។ 

 

លើសពីនេះទៅទៀត កូដដែលគេស្វែងរកឃើញ បានសរសេរបញ្ជាក់បន្ថែមថា APK ពីខាងក្រៅទាំងអស់នោះ គឺត្រូវការឲ្យមុខងារ Advanced Protection ធ្វើការស្កេនជាមុនសិន ថាតើវាត្រូវបានអនុញ្ញាតពី Google ឬក៏អត់ ទើបអាចតម្លើងលើស្មាតហ្វូនបាន។ ហេតុដូច្នេះហើយ វាហាក់បីដូចជា ចង់មានន័យថា រាល់កម្មវិធីដែលមិនបានសូមសិទ្ធិពី Google នឹងមិនអាចតម្លើងតាមរយៈ APK បាននោះទេ។ ការធ្វើតាមលក្ខណៈបែបនេះ ក៏សង្ឃឹមថានឹងអាចជួយដល់ ស្មាតហ្វូនដំណើរការនៅលើ Android លែងងាយឲ្យឆ្លងមេរោគតទៅទៀត ជាដើម។

 

 

ខណៈពេលដែល យើងបានឃើញនូវព័ត៌មានជាច្រើន មួយរយៈពេលមកនេះថា មេរោគចារកម្មលួចយកទិន្នន័យ និងមេរោគលួចដាក់បង្ហាញ ផ្ទាំងពាណិជ្ជកម្មលើសលប់ កំពុងវាយលុកឧបករណ៍ Android ដូច្នេះហើយបានជា Google ចាប់ផ្ដើមព្យាយាមដាក់ ប្រព័ន្ធការពារបន្ថែមទៀត។ ចំពោះមុខងារហាមឃាត់លែងឲ្យតម្លើង APK ពីខាងក្រៅមកនេះ កំពុងតែដាក់ឲ្យធ្វើតេស្ដ លើឧបករណ៍មួយចំនួនហើយ និងរំពឹងទុកថាចេញជាសាធារណៈ នាពេលខាងមុខនេះ។

ដោយ​ ៖ 9to5Google
អត្ថបទទាក់ទង