ក្រុមហ៊ុនបង្កើតហ្គេម Pokémon Go កំពុង​សិក្សា​លើ​វ៉ែនតា AR ជា​មួយ Qualcomm​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

Niantic ដែលជាក្រុមហ៊ុនបង្កើតហ្គេម Pokémon Go បានប្រកាសគម្រោងផលិតវ៉ែនតា AR (Augmented Reality) ដែលធ្វើឲ្យមើលឃើញផ្ទាល់ដូចពិតៗ ព្រមទាំងប្រើប្រាស់ឈីប Snapdragon XR2 ជំនាន់ក្រោយរបស់ Qualcomm ថែមទៀត។ ចំណែកឯការចាប់ដៃគូគ្នានេះ គឺមិនត្រឹមតែទុកដាក់លក់វ៉ែនតា AR ទៅលើទីផ្សារនោះទេ ប៉ុន្ដែក៏នាំយកហ្គេម Pokémon Go និងហ្គេមផ្សេងៗទៀតចេញពីស្មាតហ្វូន មកកាន់ពិភពពិតនៅខាងក្រៅ ដែលអាចទទួលបានបទពិសោធន៍ថ្មី ក្នុងការបញ្ជាលេងហ្គេមទាំងនោះ។

 

 

ពិតប្រាកដណាស់ នាពេលបច្ចុប្បន្ននេះ ហ្គេម Pokémon Go ក៏ដូចជាហ្គេម Ingress និង Harry Potter: Wizards Unite គឺសុទ្ធតែជាហ្គេមប្រភេទ AR រួចមកហើយ ដោយគ្រាន់តែពួកវាជាប់ក្នុងស្មាតហ្វូន ហើយប្រើកាមេរ៉ាមកថត ដើម្បីដាក់បង្ហាញប៉ុណ្ណោះ។ បើយោងទៅតាម លក្ខណៈសម្បត្តិរបស់ឈីប Snapdragon XR2 គឺមានសមត្ថភាពខ្ពស់ អាចអនុញ្ញាតឲ្យបំពាក់ អេក្រង់បង្ហាញកម្រិត 3K ទាំងភ្នែកសងខាងក្នុងកម្រិត 90FPS ឬក៏អេក្រង់បង្ហាញកម្រិត 8K ប្រភេទ 360 ដឺក្រេក្នុងកម្រិត 60FPS ផងដែរ។ 

 

 

បន្ទះឈីបជំនាន់ក្រោយនេះ ក៏អាចទ្រទ្រង់កាមេរ៉ាចំនួន 7 គ្រាប់ក្នុងពេលតែមួយដែរ ដោយទុកសម្រាប់ធ្វើការចាប់យកចលនា ឬ សកម្មភាព និងសូម្បីតែការស្កេនក្នែក ឬ ស្កេនផ្ទៃមុខ ដើម្បីឲ្យខួរក្បាលឈីបស្គាល់វត្ថុទាំងអស់នោះ។ យ៉ាងណាក៏ដោយ ចំពោះព័ត៌មានលម្អិត ដូចជាការឌីហ្សាញ និងតម្លៃដាក់លក់ ទាក់ទងទៅនឹងវ៉ែនតា AR នេះ គឺមិនត្រូវបាន Niantic និង Qualcomm បញ្ជាក់ឲ្យដឹងនៅឡើយទេ ដូច្នេះមានតែរង់ចាំព័ត៌មានបន្ថែម នាពេលក្រោយទាំងអស់គ្នា។

 

 

កាលពីពេលមុនៗមក ឈីបរបស់ក្រុមហ៊ុន Qualcomm ក៏ត្រូវបានបំពាក់នៅលើវ៉ែនតា AR រួចមកហើយ ហាក់បីដូចជា Microsoft HoloLens 2 ដែលបានប្រើប្រាស់ឈីប Snapdragon 850 ព្រមទាំងត្រូវបានកងទ័ពអាមេរិក យកទៅធ្វើតេស្ដទុកប្រើក្នុងសមរភូមិ ថែមទៀតផង។ ជាចុងក្រោយ ក្រុមហ៊ុន Niantic បានលើកឡើងមកថា វ៉ែនតា AR របស់ខ្លួន នឹងអាចរួចរាល់នៅក្នុងឆ្នាំ 2020 ខាងមុខនេះ ហើយក៏ត្រៀមចេញលក់ក្នុងឆ្នាំក្រោយតែម្ដង។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង