Qualcomm បាន​ប្រកាស​ចេញ​ស៊ីភីយូ Snapdragon 8c/7c ទុក​សម្រាប់​បំពាក់​លើ​ឡេបថប​លំដាប់​ថវិកា​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ក្រុមហ៊ុនផលិតបន្ទះឈីប មកពីសហរដ្ឋអាមេរិក Qualcomm មានមហិច្ឆតាខ្ពស់ទៅលើ ការបំពាក់ស៊ីភីយូប្រភេទ ARM សម្រាប់ឡេបថបនានា ជាច្រើនឆ្នាំមកហើយ និងបានប្រកាសចេញស៊ីភីយូរបស់ខ្លួន ប៉ុន្មានជំនាន់រួចមកហើយដែរ។ ចំណែកឯកាលពីនៅព្រឹត្តិការណ៍ Snapdragon Tech Summit 2019 ពេលម្សិលមិញនេះ Qualcomm ក៏បានដាក់បង្ហាញនូវស៊ីភីយូ 2 ថ្មីៗបន្ថែមទៀត ដែលត្រូវជា Snapdragon 8c និង Snapdragon 7c ដែលផលិតឡើងតាមប្រភេទឈីប ARM សម្រាប់បំពាក់លើឡេបថបដើរដោយ Windows លំដាប់ថវិកា។

 

 

បើនិយាយអំពីស៊ីភីយូ Snapdragon 8c គឺវាមកបង្ហាញមុខជំនួសតំណែងឲ្យ Snapdragon 850 ដែលជាស៊ីភីយូប្រភេទ ARM ជំនាន់ទី 2 របស់ Qualcomm ដោយឡែក ចំពោះស៊ីភីយូ Snapdragon 7c ជាសមាជិកចូលរួមថ្មីតែម្ដង ដែលមានគោលបំណង ដាក់ឲ្យដំណើរការជាមួយ ឡេបថបមានផ្ទុកគ្រឿង Hardware កម្រិតទាបផងដែរ។ ទោះបីជាមានស៊ីភីយូថ្មីៗ បានបង្ហាញខ្លួនមកក៏ដោយ ប៉ុន្ដែស៊ីភីយូ Snapdragon 8cx ចេញកាលពីឆ្នាំមុន គឺស្តិតនៅតារាងលំដាប់កំពូលដដែល សម្រាប់បំពាក់លើឡេបថប ដែលចង់បានកម្លាំងម៉ាស៊ីនខ្លាំង។

 

មកមើលផ្នែកលក្ខណៈសម្បត្តិវិញ Snapdragon 8c ផ្ដល់ជូននូវកម្លាំងខ្លាំងជាងមុនដល់ 30% បើប្រៀបធៀបទៅនឹង Snapdragon 850 ហើយស៊ីភីយូជំនាន់ក្រោយនេះ ត្រូវបានបូកផ្សំដោយ Kryo 490 (CPU), Adreno 675 (GPU) និងម៉ូដឹម X24 LTE ហើយវាក៏អាចប្ដូរទៅប្រើម៉ូដឹម X55 5G ក៏បានដែរ។ រីឯស៊ីភីយូ Snapdragon 7c ជាជំនាន់ទាបមួយ ដែលទ្រទ្រង់ដោយ Octa-Core Kryo 468 (CPU), Adreno 618 (GPU) និងម៉ូដឹម X15 LTE ប៉ុន្ដែមិនអាចប្រើប្រាស់ម៉ូដឹម 5G បាននោះឡើយ។

 

 

 

នាពេលឥឡូវនេះ យើងបានដឹងពីលក្ខណៈសម្បត្តិរួចហើយ ដោយឡែក នៅតែការធ្វើតេស្ដនៅខាងក្រៅប៉ុណ្ណោះ ទើបដឹងពីសមត្ថភាពពិតៗរបស់ពួកវា ថាតើវាអាចនឹងប្រជែងជាមួយ Intel និង AMD បានដល់កម្រិតណាទៅ។ ស៊ីភីយូថ្មីៗទាំងពីរនេះ គឹត្រូវបានគេរំពឹងទុកថា នឹងឃើញមានក្នុងឡេបថប ចាប់ពីឆ្នាំ 2020 តទៅនេះហើយ ដូច្នេះកុំភ្លេចរង់ចាំមើលទាំងអស់គ្នា។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង