កម្មវិធី​នេះ​អាច​​ឆែក​មើល​ភាគ​រយ​ថ្ម​របស់ AirPods នៅ​លើ​ស្មាតហ្វូន​ប្រភេទ Android​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ពិតប្រាកដណាស់ យើងធ្លាប់បានដឹងរួចមកហើយថា ផលិតផលរបស់ក្រុមហ៊ុន Apple ភាគច្រើន មិនសូវអាចគាំទ្រជាមួយឧបករណ៍ របស់ក្រុមហ៊ុនដទៃទៀតនោះឡើយ ហាក់បីដូចជានាឡិកាឆ្លាតវៃ Apple Watch មិនអាចភ្ជាប់ជាមួយស្មាតហ្វូន Android ជាដើម។ ក៏ប៉ុន្ដែ វាមានភាពខុសគ្នា ចំពោះកាសឥតខ្សែ AirPods ដោយវាមិនត្រឹមអាចភ្ជាប់ជាមួយ iPhone នោះទេ ព្រមទាំងអាចភ្ជាប់ជាមួយ ស្មាតហ្វូនប្រភេទ Android ច្រើនម៉ូឌែលថែមទៀតផង។ សម្រាប់អ្នកប្រើប្រាស់មួយចំនួន បន្ទាប់ពីសាកតភ្ជាប់រួចហើយ អាចនឹងមិនទាន់ដឹងពី វិធីឆែកមើលភាគរយថ្មនៅឡើយទេ ដូច្នេះនៅក្នុងអត្ថបទមួយនេះ យើងដាក់បង្ហាញជូនពីរបៀបតម្លើងតែម្ដង។

 

 

ដើម្បីធ្វើការតភ្ជាប់កាស AirPods ជាមួយនឹងស្មាតហ្វូន Android គឺគ្រាន់តែបើកគំរបរបស់វា ហើយចុចលើប៊ូតុងនៅខាងក្រោយ ឲ្យជាប់រហូតដល់ភ្លើងនៅខាងមុខ ចាប់ផ្ដើមលោតចេញជាសញ្ញា ដោយនៅពេលនោះ ចូលទៅកាន់កន្លែងកំណត់ Bluetooth ក្នុងស្មាតហ្វូនរបស់អ្នក និងចុចលើឈ្មោះរបស់ AirPods ដើម្បីធ្វើការតភ្ជាប់ដូចកាសទូទៅ ជាការស្រេច។ ចំពោះចំណុចអវិជ្ជមានមួយ នៅពេលយើងប្រើកាស AirPods ជាមួយស្មាតហ្វូនប្រភេទ Android នោះគឺវាគ្មានផ្ទាំងដាក់បង្ហាញ ភាគរយថ្មមកស្រាប់ដូចជា iPhone នោះឡើយ។

 

ប្រសិនបើប្រិយមិត្តមិនទាន់បានដឹងនោះ គឺមានកម្មវិធីមួយនៅលើ Play Store ដែលមានឈ្មោះថា AirBattery ហើយវាដាក់ឲ្យទាញយក ដោយឥតគិតថ្លៃ គ្រាន់តែមានផ្ទាំងពាណិជ្ជកម្មប៉ុណ្ណោះ។ សម្រាប់មុខងាររបស់កម្មវិធីមួយនេះ គឺវាអាចដាក់បង្ហាញភាគរយថ្មរបស់ AirPods នៅលើស្មាតហ្វូន Android បាន ប៉ុន្ដែវាមិនអាចដាក់បង្ហាញ ភាគរយទាំងអស់នោះទេ ដោយឡែក វានឹងបញ្ចេញដំណឹងឲ្យថា 95%, 85%, 75% និងបន្ដបន្ទាប់ទៀត ជាដើម។

 

***ដើម្បីទៅកាន់កន្លែងទាញយកកម្មវិធី AirBattery នៅលើ Play Store សូមចុចទីនេះ

 

 

បន្ទាប់ពីសាកល្បងប្រើប្រាស់រួចហើយ មានអារម្មណ៍ថាពេញចិត្តនឹងកម្មវិធីនេះ ដូច្នេះលោកអ្នកក៏អាចជាវយកជម្រើស Pro ដែលមានតម្លៃខ្ទង់ ៤០០០ រៀល (1 ដុល្លារ) ដើម្បីលុបបំបាត់ផ្ទាំងពាណិជ្ជកម្ម កុំឲ្យចេញមករំខានតទៅទៀតបាន។ បើប្រិយមិត្តអ្នកអានមានវិធីល្អជាងនេះ សូមចែករំលែកនៅក្នុងប្រអប់ Comments ឲ្យក្រុមការងារយើងបានដឹងផង។

ដោយ​ ៖ Phonearena
អត្ថបទទាក់ទង