កម្មវិធី TikTok ត្រូវ​បាន​គេ​ប្ដឹង​លើ​ការ​លួច​ទិន្នន័យ​អ្នក​ប្រើ និង​ផ្ញើ​ទៅ​ប្រទេសចិន​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

TikTok ជាកម្មវិធីដ៏ល្បីល្បាញមួយ ដែលចាប់ផ្ដើមទទួលបាន អ្នកប្រើប្រាស់ជាច្រើនលើសលុប កាលពីចុងឆ្នាំ 2018 រហូតមកដល់ឥឡូវនេះ មិនថានៅប្រទេសខាងក្រៅ ឬក្នុងស្រុកយើងនោះទេ ដែលវាអនុញ្ញាតឲ្យយើងបង្ហោះវីដេអូខ្លីៗ ដើម្បីធ្វើការចែករំលែក និងទស្សនាកំសាន្ដផងដែរ។ យ៉ាងណាក៏ដោយ ពេលនេះវាបានជួបប្រទះនូវបញ្ហាធំមួយថា វាលួចតាមដានសកម្មភាព, ប្រមូលទិន្នន័យ និងផ្ញើទិន្នន័យរបស់អ្នកប្រើប្រាស់ រួមមានទាំងក្មេងៗទាំងឡាយ ទៅកាន់ប្រទេសចិន ដោយគ្មានការអនុញ្ញាត ឬ បានដឹងឮនោះឡើយ។

 

 

ដំបូងឡើយវាមានឈ្មោះថា Musical.ly ប៉ុន្ដែបន្ទាប់ពីបានជាវដោយក្រុមហ៊ុនចិន ByteDance ក្នុងឆ្នាំ 2017 កន្លងមក ដូច្នេះកម្មវិធីមួយនេះ ក៏ផ្លាស់ប្ដូរឈ្មោះទៅជា TikTok មកដល់សព្វថ្ងៃនេះ។ ចំណែកឯពាក្យបណ្ដឹងត្រូវបានដាក់ កាលពីថ្ងៃពុធសប្តាហ៍មុន នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ពីបទប្រមូលទិន្នន័យអ្នកប្រើប្រាស់ ដោយគ្មានការជូនដំណឹង ឬ ការយល់ព្រមណាមួយឡើយ ហើយថែមទាំងផ្ញើទិន្នន័យទាំងអស់នោះ ទៅកាន់ប្រទេសចិន តាមការលួចលាក់ទៀត។ លើសពីនេះទៅទៀត ពាក្យបណ្ដឹងនោះក៏បានអះអាងថា កម្មវិធីនេះបានកំណត់ភាពឯកជន (Privacy) របស់គណនីថ្មីៗទាំងអស់ ឲ្យអាចចូលមើលជាសាធារណៈ (Public) ដោយស្វ័យប្រវត្តិតែម្ដង និងអនុញ្ញាតឲ្យអ្នកប្រើដទៃទៀត ចូលមើលរូបភាព ឬ វីដេអូ ក៏ដូចជាពាក្យ Bios បានយ៉ាងងាយស្រួល។

 

រហូតមកដល់ពេលឥឡូវនេះ TikTok មិនទាន់បានធ្វើការបញ្ចេញមតិ ទៅលើបទបណ្តឹងនេះ ដូចការស្នើសុំនោះទេ ដូច្នេះមានតែរង់ចាំមើល របាយការណ៍ក្រោយៗទៀតប៉ុណ្ណោះ។ ដោយឡែក កាលពីប៉ុន្មានសប្ដាហ៍មុននេះ TikTok ក៏បានលើកឡើងមកថា ទិន្នន័យទាំងអស់របស់អ្នកប្រើ ជាប្រជាជនអាមេរិក នឹងត្រូវរក្សាទុកតែក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ របាយការណ៍មួយចំនួន ក៏បានចុះផ្សាយឲ្យដឹងថា ByteDance កំពុងតែមានគម្រោងប្ដូរទីតាំង ចេញពីប្រទេសចិន ទៅកាន់ប្រទេសផ្សេងវិញ ដើម្បីកុំឲ្យមានការចោទប្រកាន់ បែបនេះតទៅទៀត។

 

 

កម្មវិធីបណ្ដាញសង្គម TikTok និង Douyin (ក្នុងប្រទេសចិន) គឺទទួលបានអ្នកទាញយកសរុបដល់ទៅ 1.5 ពាន់លានដងឯណោះ ដោយធ្វើឲ្យវាមានប្រជាប្រិយភាព ស្ទើរតែដូចជាកម្មវិធី Facebook និង Instagram អញ្ចឹងដែរ។ ប្រិយមិត្តអ្នកអានទាំងអស់គ្នា ក៏អាចចូលអានបទបណ្ដឹងមួយនេះ ដោយចុចត្រង់នេះ ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមទៀត។

ដោយ​ ៖ Nikkei
អត្ថបទទាក់ទង