Huawei ​មាន​គម្រោង​​ក្នុងការ​ផ្លាស់ប្តូរ​ទីតាំង​កន្លែង​ស្រាវជ្រាវ​របស់ខ្លួន ​​​ពីអាមេរិកទៅ​​កាណាដា​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ប៉ុន្មានខែចុងក្រោយនេះ អាមេរិក នៅតែមិនទាន់មានការបន្ធូរបន្ថយ ទៅលើការដាក់បម្រាមផ្សេងៗ មកកាន់ Huawei នៅឡើយទេ ដែលធ្វើឲ្យក្រុមហ៊ុនចិននេះ មិនអាចមានសកម្មភាពអ្វី ក្នុងការដាក់លក់ ក៏ដូចជាផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិកបាននោះឡើយ។ ដោយឡែក នៅក្នុងប្រទេសមួយនេះ Huawei ក៏បានបង្កើតទីតាំង ក៏ដូចជាមជ្ឈមណ្ឌលសម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍មួយដែរ ប៉ុន្តែដោយសារបញ្ហាខាងលើ នៅតែបន្តមាន ដូច្នេះពេលនេះ Huawei មានគម្រោងក្នុងការផ្លាស់ប្តូរទីតាំង ទៅកាន់ប្រទេសកាណាដាទៀតផង។

 

 

មិនខុសទេ បើតាមកាបញ្ជាក់របស់លោក Ren Zengfei បានឲ្យដឹងថា Huawei មានគម្រោងក្នុងផ្លាស់ប្តូរទីតាំងនៃមជ្ឈមណ្ឌល R&D (Research and Development) របស់ខ្លួន ពីអាមេរិកទៅកាន់ប្រទេសកាណាដា ហើយចំពោះការផ្លាស់ប្តូរនេះដែរ វាអាចនឹងធ្វើឲ្យក្រុមហ៊ុនចិនខាងលើ ងាយស្រួល ក៏ដូចជាអាចគេចផុត ពីការស៊ើបអង្កតរបស់អាមេរិកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចធ្វើឲ្យរដ្ឋាភិបាលរបស់កាណាដា ដោះលែងប្រធានផ្នែកហិរញ្ញវត្ថុ ក៏ដូចជាកូនស្រីរបស់ស្ថាកនិក Huawei ដែលកំពុងតែជាប់ឃុំខ្លួន ក្នុងប្រទេសកាណាដា ដើម្បីរង់ចាំការកាត់ក្តីរបស់តុលាការអញ្ចឹងដែរ។ គួរបញ្ជាក់ថា ភាពជោគជ័យរបស់ Huawei គឺដោយសារតែ ក្រុមហ៊ុននេះហ៊ានចំណាយលុយ យ៉ាងច្រើនសន្ធឹក ទៅលើផ្នែកសិក្សាស្រាវជ្រាវ ក៏ដូចជាអភិវឌ្ឍន៍នេះឯង ខណៈពេលដែលឆ្នាំមុន Huawei បានចំណាយដល់ទៅ 15.3 ពាន់លានដុល្លារឯណោះ សម្រាប់ផ្គត់ផ្គង់ទៅលើវិស័យនេះ។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងពេលបច្ចុប្បន្ននេះ បុគ្គលិកផ្នែក R&D នៃក្រុមហ៊ុនខាងលើ ត្រូវបានគេដឹងថា មានចំនួនដល់ទៅខ្ទង់ 80,000 នាក់ឯណោះ បើគិតទៅវាស្មើនឹង 45% នៃចំនួនបុគ្គលិកទាំងអស់ថែមទៀតផង។

 

 

និយាយរួមមកវិញ Huawei មានគម្រោងក្នុងការផ្លាស់ប្តូរ មជ្ឈមណ្ឌល R&D របស់ខ្លួន ពីអាមេរិកទៅកាន់ប្រទេសកាណាដា ហើយការផ្លាស់ប្តូរនេះដែរ វាអាចនឹងធ្វើឲ្យក្រុមហ៊ុនខាងលើ កាន់តែមានសក្តានុពលថែមទៀត ក៏ដូចជាអាចគេចផុត ពីការស៊ើបអង្កេតរបស់អាមេរិក និងជាពិសេសនោះ គឺអាចឲ្យរដ្ឋាភិបាល ប្រទេសកាណាដា ធ្វើការដោះលែង ប្រធានផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុនចិនមួយនេះ ដែលកំពុងរង់ចាំការកាត់ក្តី ពីតុលាការក្នុងប្រទេសកាណាដាផងដែរ។

ដោយ​ ៖ CNBC
អត្ថបទទាក់ទង