Qualcomm បាន​លើក​ឡើង​ថា​បច្ចេកវិទ្យា 5G របស់​ចិន​មិន​ទាន់​ជឿន​លឿន​ជាង​អាមេរិក​នោះ​ទេ​
ដោយ​ ៖ ឡេង | 5 ខែមុន SHARE

 

យើងមិនអាចប្រកែកបានទេថា បច្ចេកវិទ្យា 5G នៅក្នុងទីផ្សារប្រទេសចិន មិនមានការធំទូលាយបានលឿន ស្ទើរតែមិនគួរឲ្យជឿសោះឡើយ ហើយនិងតែងតែមានប្រធានបទមួយ លើកឡើងមកនិយាយ ថាតើប្រទេសណាមួយ ដែលមានបច្ចេកវិទ្យាខ្ពស់ជាងគេ យកមកប្រើប្រាស់សព្វថ្ងៃនេះ។ យ៉ាងណាក៏ដោយ បើយោងទៅតាមលោក Steve Molenkov ដែលត្រូវជាប្រធានប្រតិបត្តិប្រចាំ Qualcomm បានផ្ដល់ចម្លើយនៅបទសម្ភាសន៍មួយ ជាមួយក្រុមអ្នកសារព័ត៌មាន Bloomberg កាលពីពេលថ្មីៗនេះ ដោយចង់មានន័យថា ផ្ទុយពីមនុស្សភាគច្រើនបានយល់ឃើញ គឺបច្ចេកវិទ្យា 5G របស់ប្រទេសចិន មិនមែនជឿនលឿនជាង សហរដ្ឋអាមេរិកនោះឡើយ។

 

 

ក្រុមការងាររបស់ សារព័ត៌មានដ៏ល្បីល្បាញ Bloomberg បានធ្វើការសាកសួរទៅកាន់ CEO របស់ Qualcomm ថា “តើលោកគិតថាប្រទេសចិន កំពុងនាំមុខសហរដ្ឋអាមេរិក នៅលើបច្ចេកវិទ្យា 5G ដែរឬទេ?” ខណៈពេលធ្វើបទសម្ភាសន៍នោះ។ ចំណែកឯគាត់បានឆ្លើយតបវិញថា គាត់មិនសំដៅលើទស្សនវិស័យបច្ចេកវិទ្យានោះទេ ដែលត្រូវបានជឿនលឿនជាងសហរដ្ឋអាមេរិក ដោយឡែកវាជាការដាក់ពង្រាយ ឲ្យប្រើប្រាស់ធំទូលាយទៅវិញទេ ដែលប្រទេសចិនធ្វើបានលឿនជាង។ ហេតុដូច្នេះហើយ លោក Steve Molenkov គឺចង់មានន័យថា សហរដ្ឋអាមេរិកនៅតែ មានការអភិវឌ្ឍន៍បច្ចេកវិទ្យា 5G បានជឿនលឿនជាងប្រទេសចិន ដូចរៀងរាល់ជំនាន់ដដែល ប៉ុន្ដែបើរាប់ពីស្ថានីយ៍ចែកចាយប្រព័ន្ធ 5G នៅប្រទេសចិន នឹងអាចកើនឡើងរហូតដល់ 1 លានកន្លែងឯណោះ ក្នុងឆ្នាំក្រោយនេះតែម្ដង។ លើសពីនេះទៅទៀត គាត់ក៏បាននិយាយបន្ថែមថា នេះជាលើកដំបូងបង្អស់ហើយ ដែលប្រទេសចិនអាចបើកដំណើរការ ប្រព័ន្ធទូរគមនាគមន៍ជំនាន់ក្រោយ ក្នុងឆ្នាំតែមួយស្របគ្នានឹងសហរដ្ឋអាមេរិក ព្រោះតែកាលពីពេលមុនៗមក ទាល់តែរង់ចាំរហូតដល់ 2 ទៅ 5 ឆ្នាំទៀតឯណោះ ទើបអាចយកមកប្រើបាន។

 

 

ក្រៅពីរឿងភាពជឿនលឿននៃបច្ចេកវិទ្យា 5G រវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដោយប្រធានក្រុមហ៊ុន Qualcomm ក៏បានបញ្ជាក់ប្រាប់ថាព្រឹត្តិការណ៍ Snapdragon Technology Summit លើកទី 4 នឹងត្រូវបានធ្វើឡើងនៅឯកោះហាវ៉ៃ ចាប់ពីថ្ងៃទី 3 ដល់ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2019 នាពេលឆាប់ៗខាងមុខនេះ។ អ្វីដែលយើងរំពឹងទុកថានឹងត្រូវប្រកាស នៅឯព្រឹត្តិការណ៍នេះ គឺរួមមានដូចជាបច្ចេកវិទ្យាថ្មីៗ ទាក់ទងទៅនឹងប្រព័ន្ធ 5G ហើយជាពិសេសការបង្ហាញខ្លួន លើកដំបូងនៃបន្ទះឈីប Snapdragon 865 ជំនាន់ក្រោយតែម្ដង។

ដោយ​ ៖ Gizchina
អត្ថបទទាក់ទង