ប្រទះឃើញ Poster ផ្លូវការ និងរូបភាពដែលបង្ហាញពីផ្នែកខាងក្រោយរបស់ Redmi K30​
ដោយ​ ៖ ឈីរ៉ូ | 5 ខែមុន SHARE

 

នៅថ្ងៃទី 10 ខែធ្នូខាងមុខនេះ ក្រុមហ៊ុន Redmi នឹងធ្វើការប្រកាសចេញជាផ្លូវការ នូវស្មាតហ្វូន ដែលបំពាក់មកជាមួយបច្ចេកវិទ្យា 5G ដំបូងគេបង្អស់របស់ខ្លួន នោះគឺ Redmi K30 5G។ ចំពោះលក្ខណៈសម្បត្តិ និងមុខងារពិសេសៗរបស់ Redmi K30 ខ្ញុំជឿថា ប្រិយមិត្តដែលជាអ្នកចូលចិត្ត តាមដានព័ត៌មានរបស់ខេមបូ រីផត ប្រាកដជាបានដឹងពីវាខ្លះៗ រួចមកហើយ ព្រោះថាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យើងទទួលបានដំណឹង ដែលនិយាយពាក់ព័ន្ធទៅនឹង ស្មាតហ្វូនមួយនេះ ច្រើនគួរសមដែរ។

 

 

ដោយឡែកនៅក្នុងថ្ងៃនេះដែរ លក្ខណៈសម្បត្តិរបស់ Redmi K30 ត្រូវបានលេចឡើងសាជាថ្មីម្តងទៀត នេះបើយោងទៅតាម Poster ផ្លូវការ និងរូបភាពគម្រូ ដែលគេបានរកឃើញតាមរយៈបណ្តាញសង្គម Weibo។ បើសង្កេតមើលទៅលើរូបភាព Poster ផ្លូវការរបស់ Redmi K30 យើងឃើញថា Redmi K30 នឹងបំពាក់មកជាមួយអេក្រង់លាត ដែលមានគែមខ្លី អមមកជាមួយ លេនទម្លុះអេក្រង់ ចំនួន 2 គ្រាប់ មានលក្ខណៈជារាងគ្រាប់ថ្នាំទ្រវែង ដែលមើលមួយភ្លែត អាចច្រឡំគ្នាទៅនឹង Samsung Galaxy S10 Plus អញ្ចឹងដែរ។ បើងាកទៅពិនិត្យមើលនៅលើរូបភាពមួយទៀត ដែលបង្ហាញពីរចនាបថ ផ្នែកខាងក្រោយរបស់ Redmi K30 យើងឃើញថា វាភ្ជាប់មកជាមួយកញ្ចប់កាមេរ៉ា ដែលស្ថិតនៅក្នុងលក្ខណៈបញ្ឈរ ព័ទ្ធជុំវិញដោយរចនាបថ កងរង្វង់មូលមួយដ៏ធំ។ ចំពោះកាមេរ៉ា ក៏ដូចជាសេនស័ររបស់វា យើងមិនទាន់ដឹងច្បាស់ថា មានចំនួនសរុបប៉ុន្មាននោះទេ ព្រោះថារូបភាពបែកធ្លាយនេះ មានសភាពព្រាល ជាហេតុធ្វើឲ្យយើង មើលមិនសូវច្បាស់ ដូច្នេះមានការពិបាកក្នុងការសន្និដ្ឋាន។

 

គួររំលឹកផងថា បើផ្អែកទៅលើព័ត៌មានបែកធ្លាយកាលពីពេលកន្លង បាននិយាយថា Redmi K30 នឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.66 អ៊ីញ ដែលមានកម្រិតបង្ហាញ 1080 x 2400 ភិចស៊ែល ព្រមទាំងមានកម្រិតល្បឿន Refresh Rate រហូតដល់ទៅ 120Hz ថែមទៀតផង។ ចំពោះកម្លាំងម៉ាស៊ីន វាអាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 730 ឬមួយក៏ 730G G អមមកជាមួយ GPU Adreno 618។ រីឯផ្នែកសុវត្ថិភាពវិញ Redmi K30 នឹងមិនប្រើប្រាស់ បច្ចេកវិទ្យាស្កេនម្រាមដៃ ដែលមានសេនស័រ ស្ថិតនៅក្រោមអេក្រង់នោះទេ ប៉ុន្តែពួកគេជំនួសមកវិញ ដោយសេនស័រស្កេនម្រាមដៃ ដែលមានទីតាំង ស្ថិតនៅផ្នែកចំហៀង នៃទូរសព្ទវិញ។

 

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង