រដ្ឋ​មួយ​នៅ​ប្រទេស​អូស្ត្រាលី បាន​ហាម​ឃាត់​លែង​ឲ្យ​ប្រើ​ស្មាតហ្វូន​ក្នុង​សាលារៀន ចាប់​ពី​ឆ្នាំ​ក្រោយ​ត​ទៅ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

រដ្ឋាភិបាលប្រចាំរដ្ឋ Tasmanian ក្នុងប្រទេសអូស្ត្រាលី បានប្រកាសជាសាធារណៈថា ខ្លួននឹងហាមឃាត់ទូរសព្ទចល័ត (ស្មាតហ្វូន) ក្នុងអំឡុងពេលម៉ោងសិក្សា នៅតាមសាលារដ្ឋទាំងអស់ ដោយច្បាប់នេះនឹងចាប់ផ្ដើម នៅឆ្នាំក្រោយនេះតទៅតែម្ដង។ មូលហេតុដែលសម្រេចចិត្តធ្វើបែបនេះ គឺដោយសារតែបានជឿជាក់ថា នៅពេលគ្មានស្មាតហ្វូន ក្នុងជុំវិញបរិវេណសាលា នឹងធ្វើឲ្យសិស្សទាំងអស់ កាន់តែងាយស្រួលយកចិត្តទុកដាក់រៀន ព្រោះតែមិនមានអ្វីមករំខានទៀតនោះទេ។

 

 

ចាប់ពីវគ្គសិក្សាលើកទី 2 ក្នុងឆ្នាំក្រោយតទៅ នោះសិស្សចាប់ពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ទី 12 នឹងតម្រូវឲ្យ បិទទូរសព្ទរបស់ពួកគេ ហើយយកទៅឲ្យគ្រូប្រចាំថ្នាក់នីមួយៗ ដើម្បីរក្សាទុកនៅកន្លែងផ្សេង ដោយទាល់តែដល់ម៉ោងចុងក្រោយ ត្រូវត្រឡប់ទៅផ្ទះទើបឲ្យពួកគេវិញ។ ចំណែកឯការវិភាគឡើងវិញ នឹងធ្វើការពិចារណា បន្ទាប់ពីអនុវត្តអស់រយៈពេល 12 ខែរួចជាមុនសិន ថាតើការធ្វើតាមវិធីនេះ អាចផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់សិស្ស ឬក៏នៅតែដូចមុនដដែល ហើយចាំសម្រេចចិត្តទៀតថា នឹងបន្ដច្បាប់នេះទៅមុខរហូត ឬ អនុញ្ញាតឲ្យសិស្សប្រើស្មាតហ្វូនវិញ។ លើសពីនេះទៅទៀត វាមិនត្រឹមតែមកពីរំខានដល់ ការសិក្សាតែប៉ុណ្ណោះទេ ប៉ុន្ដែជាពិសេសសុខភាព របស់សិស្សកំពុងរៀនទាំងអស់ ថែមទៀតផង។ បើយោងទៅតាមការស្រាវជ្រាវមួយ បានរកឃើញលទ្ធផលថា ក្មេងៗប្រើប្រាស់ស្មាតហ្វូន គឺភាគច្រើនចំណាយពេល យកទៅលេងហ្គេមដល់ទៅ 70% ហើយខ្លះយកទៅថតរូបភាពប្រហែល 67%, ប្រើប្រាស់កម្មវិធីទូទៅចំនួន 64% និងទំនាក់ទំនងជាមួយគ្រួសារចំនួន 57% ផងដែរ។

 

 

បើយើងធ្វើការពិចារណាមើលទៅ ការហាមឃាត់ស្មាតហ្វូនក្នុងសាលារៀន គឺអាចផ្តល់នូវឱកាសឲ្យសិស្សគ្រប់រូប ធ្វើការផ្តោតអារម្មណ៍លើ ការរៀនសូត្រ, ការគិត និងការចូលរួមកម្មវិធីសិក្សា ជាដើម។ សម្រាប់ពេលបច្ចុប្បន្ននេះ គឺមានតែរដ្ឋ Tasmanian មួយប៉ុណ្ណោះ នៅក្នុងប្រទេសអូស្ត្រាលី ដែលសម្រេចចិត្តអនុវត្តច្បាប់ថ្មីនេះ ប៉ុន្ដែប្រសិនបើវាមានប្រសិទ្ធិភាពខ្លាំង ដូច្នេះនៅរដ្ឋផ្សេងៗទៀត ក៏នឹងចាប់ផ្ដើមអនុវត្តតាមដែរ ជាក់ជាមិនខានឡើយ។ ចុះប្រិយមិត្តអ្នកអានវិញនោះ តើយល់យ៉ាងណាដែរ ចំពោះការនាំយកច្បាប់មួយនេះ មកអនុវត្តនៅប្រទេសយើង? សូមចែករំលែកមតិរបស់លោកអ្នក តាមរយៈប្រអប់ Comment ឲ្យក្រុមការងារយើងបានដឹងផង។

ដោយ​ ៖ ZDNet
អត្ថបទទាក់ទង