Lenovo ​កំពុង​សិក្សា​ទៅ​លើ​ឈីប​ 5G​ ផ្ទាល់​ខ្លួន ​ដែល​នឹង​ប្រកាស​ចេញ​ នៅ​សប្តាហ៍​ក្រោយ​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ប្រិយមិត្តមួយចំនួនធំច្បាស់ជាស្គាល់យីហោ Lenovo ហើយ ដោយនេះជាក្រុមហ៊ុនមួយ ដែលលោកអ្នក តែងតែឃើញមានផលិត ក៏ដូចជាដាក់លក់ផលិតផលមួយចំនួន ដូចជាជាប្រភេទកុំព្យូទ័រ និងស្មាតហ្វូនជាដើម។ ដោយឡែក នៅក្នុងពេលនេះវិញ ក្រុមហ៊ុនដដែលនេះ ត្រូវបានគេដឹងថា កំពុងតែសម្ងំផលិត បន្ទះឈីបខ្លួនឯង កាន់តែពិសេសនោះ វាជាឈីបដែលអាចគាំទ្រ ជាមួយ 5G ព្រមទាំងអាចនឹងត្រូវប្រើប្រាស់ នៅលើស្មាតហ្វូន ដែលមានយីហោខាងលើនេះទៀតផង។

 

 

មិនខុសទេ បើតាមការបង្ហោះមួយ នៅលើបណ្តាញសង្គម Weibo ចេញពីគណនីរបស់ Lenovo ផ្ទាល់ បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនមួយនេះ នឹងដាក់បង្ហាញឈីប 5G ដំបូងរបស់ខ្លួន នៅសប្តាហ៍ក្រោយ ហើយមិនត្រឹមតែប៉ុណ្ណោះ បើតាមការសរសេរ Caption នោះ ធ្វើឲ្យមានមនុស្សជាច្រើន បានគិតថា ក្រុមហ៊ុនខាងលើនេះ ទំនងជាមិនមែនត្រឹមតែប្រកាសចេញ ឈីបថ្មីមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានគេរំពឹងថា អាចនឹងមានវត្តមានស្មាតហ្វូន ដែលប្រើប្រាស់ឈីបនោះ មកជាមួយគ្នាផងដែរ។ យ៉ាងណាក៏ដោយ យើងនៅមិនទាន់ដឹងច្បាស់ថា ឈីប 5G ដែល Lenovo បង្កើតមកនេះ ជាលំដាប់ថ្នាក់បង្គួរ ឬមួយក៏ជាលំដាប់កំពូលនោះទេ ព្រោះថាក្រុមហ៊ុនមួយនេះ មិនទាន់បានបង្ហាញឲ្យបានច្បាស់នោះឡើយ ហើយគួរឲ្យកត់សម្គាល់ដែរ នៅសប្តាហ៍ក្រោយនោះ វាក៏អាចជាពេលមួយ ដែល Qualcomm អាចនឹងធ្វើការ ប្រកាសឈីបថ្មីរបស់ខ្លួន Snapdragon 865 ដូចគ្នាអញ្ចឹងដែរ។ 

 

 

និយាយរួមមកវិញ យើងក៏មិនទាន់ប្រាកដនោះដែរថា ការប្រកាសរបស់ Lenovo នេះនឹងមានបង្ហាញវត្តមានស្មាតហ្វូន ដូចបាននិយាយនៅខាងលើ ឬមួយក៏អត់នោះ ប៉ុន្តែបើតាមអ្វីដែលក្រុមហ៊ុននេះ បានសរសេរនៅលើ Caption អាចបញ្ជាក់បានថា ក្រុមហ៊ុននេះអាចនឹងមាន លាក់នូវផលិតផលសំខាន់មួយទៀត ដែលនឹងត្រូវបង្ហាញ នៅក្នុងពេលជាមួយគ្នា នៃឈីបថ្មីនោះផងដែរ។ អញ្ចឹងហើយ បើសិនជានៅសប្តាហ៍ក្រោយ ក្រុមហ៊ុនខាងលើនេះ ដាក់បង្ហាញឈីប 5G ដែលអភិវឌ្ឍន៍ដោយខ្លួនឯងមែន ដូច្នេះ Lenovo នឹងចូលរួមជាមួយក្រុមហ៊ុន មួយចំនួនទៀត ដែលមានស្មាតហ្វូន ប្រើប្រាស់ឈីបផ្ទាល់ខ្លួន ជាក់ស្ដែងដូចជា Samsung, Apple និង Huawei ជាដើម។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង