Huawei MatePad Pro ​ជា​ថេប្លេត​មាន​កាមេរ៉ា​ទម្លុះ​អេក្រង់​ដំបូង​គេ​បង្អស់ ចេញ​ជា​ផ្លូវ​ការ​ហើយ​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

កាលពីមួយខែមុននេះ យើងទទួលបានដំណឹងថា Huawei នឹងដាក់បង្ហាញថេប្លេតជំនាន់ក្រោយមួយ ដែលមានឈ្មោះហៅថា MediaPad M7 ជាមួយនឹងរូបរាងថ្មីប្លែកម្យ៉ាង ប៉ុន្ដែឥឡូវនេះយើងបានដឹងហើយថា វាមិនមានឈ្មោះបែបនេះឡើយ។ ចាប់តាំងពីដើមរហូតមក Huawei តែងតែប្រើប្រាស់ឈ្មោះត្រកូល MediaPad សម្រាប់ថេប្លេតរបស់ខ្លួន ដោយឡែកសម្រាប់ពេលនេះវិញ ក៏បានសម្រេចចិត្តផ្លាស់ប្ដូរចេញតែម្ដង ព្រោះបានប្រកាសចេញនូវ ថេប្លេតឈ្មោះថា MatePad Pro ស៊េរីថ្មីមួយនេះ។ ចំណុចសំខាន់បំផុតរបស់ Huawei MatePad Pro គឺស្ថិតនៅត្រង់បន្ទះអេក្រង់នេះហើយ ដែលធ្វើឲ្យវាក្លាយទៅជា ថេប្លេតមានបំពាក់កាមេរ៉ាទម្លុះអេក្រង់ ដំបូងគេបង្អស់លើពិភពលោក ថែមទៀតផង។

 

 

អ្វីដែលកាន់តែទំនើបទៀតនោះគឺថា MatePad Pro ក៏ជាថេប្លេតដំបូងគេបង្អស់ ដែលនឹងមានម៉ូឌែលប្រភេទប្រព័ន្ធ 5G និងអាចគាំទ្រជាមួយប៊ិច M-Pen ស៊េរីថ្មីលើកដំបូងសម្រាប់ Huawei ផងដែរ។ បើផ្ដោតទៅលើលក្ខណៈសម្បត្តិរបស់វា គឺបានបំពាក់បន្ទះអេក្រង់ទំហំ 10.8 អ៊ីញ ដែលមានកម្រិតបង្ហាញ 2K QHD (2560x1600) ជាមួយដង់ស៊ីតេកម្រិត 289ppi ក៏ប៉ុន្ដែមិនបានបញ្ជាក់ប្រាប់ថា ជាបន្ទះអេក្រង់ប្រភេទ IPS ឬ OLED នោះទេ។ ថេប្លេតស៊េរីថ្មីមួយនេះដើរដោយឈីប Kirin 990 ដូចជា Mate 30 Series អញ្ចឹងដែរ ដោយតម្លើងជាមួយរ៉េមទំហំ 6/8GB និងអង្គផ្ទុកទិន្នន័យទំហំ 128/256GB ហើយវាមានថាមពលថ្មទំហំធំ 7250mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មលឿន 40W, សាកថ្មឥតខ្សែកម្រិត 15W និងសាកថ្មឲ្យឧបករណ៍ដទៃកម្រិត 7.5W ថែមទៀត។

 

ថេប្លេតម៉ូឌែល MatePad Pro មានបំពាក់នូវសេនស័រកាមេរ៉ាទំហំ 13MP f/1.8 តែមួយគ្រាប់ប៉ុណ្ណោះនៅខាងក្រោយ ហើយនិងកាមេរ៉ាខាងមុខ ជាលក្ខណៈបែបទម្លុះអេក្រង់ទំហំ 8MP f/2.0 ទុកសម្រាប់ថត Selfie ជាដើម។ ចំណែកឯលើគុណភាពបញ្ចេញសម្លេង គឺវាភ្ជាប់មកជាមួយបច្ចេកវិទ្យា Histen 6.0 បែបខ្នាតរោងកុន និងកែសម្រួលដោយ Harmon Kardon នេះបើយោងទៅតាម Huawei បានបញ្ជាក់ប្រាប់ឲ្យដឹងមុន។ លើសពីនេះទៅទៀត វាដំណើរការដោយ Android 10 ពីលើស្បែក EMUI 10 ហើយមិនមែនជាប្រព័ន្ធដំណើរការ HarmonyOS នោះទេ រីឯកម្មវិធីនិងសេវាកម្មរបស់ Google ក៏មិននិយាយប្រាប់ថាមានឬក៏អត់ដែរ។ 

 

 

តារាងតម្លៃលក់ថេប្លេត Huawei MatePad Pro នៅលើទីផ្សារប្រទេសចិន៖

 

• Huawei MatePad Pro (Wi-Fi) 6GB+128GB តម្លៃខ្ទង់ 1,876,000 រៀល (~469 ដុល្លារ)

• Huawei MatePad Pro (LTE) 6GB+128GB តម្លៃខ្ទង់ 2,160,000 រៀល (~540 ដុល្លារ)

• Huawei MatePad Pro (Wi-Fi) 8GB+256GB តម្លៃខ្ទង់ 2,272,000 រៀល (~568 ដុល្លារ)

• Huawei MatePad Pro (LTE) 8GB+256GB តម្លៃខ្ទង់ 2,556,000 រៀល (~639 ដុល្លារ)

• [ស្បែក Vegan Leather] Huawei MatePad Pro (Wi-Fi) 8GB+256GB តម្លៃខ្ទង់ 2,840,000 រៀល (~710 ដុល្លារ)

• [ស្បែក Vegan Leather] Huawei MatePad Pro (LTE) 8GB+256GB តម្លៃខ្ទង់ 3,408,000 រៀល (~852 ដុល្លារ)

 

ជាចុងក្រោយ Huawei បាននិយាយប្រាប់ថា ថេប្លេតស៊េរីថ្មីមួយនេះ នឹងចាប់ផ្ដើមដាក់ឲ្យកក់ទុកមុន ក្នុងថ្ងៃប្រកាសចេញជាផ្លូវនេះតែម្ដង ជាមួយជម្រើសពណ៌ស និងពណ៌ខ្មៅ ហើយត្រៀមដាក់លក់នៅថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2019 រីឯជម្រើសម៉ូឌែលស្បែក នឹងដាក់លក់នៅថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2019 នាពេលក្រោយៗទៀត។ ដូចបានបញ្ជាក់ប្រាប់ខាងលើអញ្ចឹង ដោយថេប្លេតមួយនេះ ក៏មានជម្រើសម៉ូឌែល 5G ដែរ ប៉ុន្ដែត្រូវរង់ចាំរហូតដល់ ត្រីមាសដំបូងនៃឆ្នាំ 2020 ទើបមានលក់នៅលើទីផ្សារ។

ដោយ​ ៖ Huawei Central
អត្ថបទទាក់ទង