បែក​ធ្លាយ​ប្រអប់​របស់​ Huawei​ MatePad​ Pro​ និង​រូប​រាង​ មុន​ពេល​ប្រកាស​ជា​ផ្លូវការ​​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

ជាច្រើនលើកមកហើយ ដែលយើងបានដឹងដំណឹងផ្សេងៗ ទាក់ទងជាមួយ ថេប្លេតជំនាន់ថ្មីមួយរបស់ Huawei ដែលវាមានឈ្មោះថា Huawei MatePad Pro ហើយមិនត្រឹមតែប៉ុណ្ណោះ វាក៏នឹងប្រកាសចេញជាផ្លូវការ នៅថ្ងៃនេះឯង។ ដោយឡែក មុនពេលដែលដំណឹងផ្លូវការ ចេញពីមាត់របស់ Huawei បានមកដល់ ពេលនេះយើងក៏បានឃើញ ពីការបែកធ្លាយមួយចំនួនថែមទៀត ដែលក្នុងនោះរួមមានទាំង ប្រអប់ រូបរាង និងលក្ខណៈសម្បត្តិមួយចំនួន របស់វាទៀតផង។

 

 

មិនខុសទេ បើតាមដំណឹងនៅក្នុងពេលនេះ បានបង្ហាញពីរូបរាងពេញ នៃប្រអប់របស់ Huawei MatePad Pro ទៀតផង ដែលក្នុងនោះ អាចបញ្ជាក់បានថា ការរចនាប្រអប់របស់វា មានលក្ខណៈស្រដៀងជាមួយ ស្មាតហ្វូនមួយចំនួន របស់ក្រុមហ៊ុនចិន ខាងលើដែរ ដែលនៅខាងមុខ មានសរសេរឈ្មោះថេប្លេតនេះ នៅចំកណ្ដាល ហើយនៅផ្នែកខាងកៀន និងខាងក្រោមឈ្មោះនោះ ក៏មានបញ្ជាក់ថា វាបានបំពាក់មកជាមួយឈីបកំពូល ជំនាន់ថ្មី Kirin 990 ក៏ដូចជាមានឈ្មោះរបស់ Harman Kardon ដែលអាចប្រាប់បានថា វាបានប្រើប្រាស់ប្រព័ន្ធសម្លេងរបស់ Harman Kardon ផងដែរ។ 

 

 

រីឯនៅខាងក្រោយប្រអប់វិញ ក៏បានបញ្ជាក់បន្ថែមពីលក្ខណៈសម្បត្តិមួយចំនួនទៀត ដូចជា វាបានប្រើប្រាស់អេក្រង់ទំហំ 10.8 អ៊ីញ មានកម្រិតបង្ហាញដល់ 2K ជាមួយ Speaker ចំនួន 4 គ្រាប់ មានភ្ជាប់មកជាមួយប៊ិច ដែលត្រូវបាន Huawei ហៅថា M-Pencil ជាពិសេសនោះ ថែមទាំងមានមុខងារផ្ទេរថាមពល ទៅកាន់ឧកបករណ៍ដទៃ ដោយមិនប្រើប្រាស់ខ្សែទៀតផង។មិនត្រឹមតែប៉ុណ្ណោះ ប៊ិចរបស់វា អាចនឹងមានទម្ងន់ 14 ក្រាម អាចកាន់ថ្មបាន 10 ម៉ោង ក្នុងការសាកម្ដង ហើយការសាកនេះដែរ វាចំណាយពេលដល់ 1 ម៉ោង ទើបពេញផងដែរ។ ក្រៅពីនេះ ថេប្លេតខាងលើអាចនឹងមាន បំពាក់មកជាមួយថាមពលថ្ម 7250mAh ព្រមទាំងអាចបង្ហាញខ្លួនមកជាមួយ ជម្រើស 4 ពណ៌រួមមាន ប្រផេះលាយខ្មៅ, ស,  Vegan Leather Orange និង Forest Green។ 

 

 

និយាយរួមមកវិញ Huawei MatePad Pro អាចនឹងមានប្រអប់ក៏ដូចជារូបរាង ដូចការរៀបរាប់ខាងលើនេះ មួយវិញទៀត វាអាចមានកម្រិតបង្ហាញដល់ 2K, អាចមាន Speaker 4 គ្រាប់ ផ្គត់ផ្គង់ដោយ Harman Kardon ជាពិសេសនោះ វាអាចមានភ្ជាប់មក ជាមួយប៊ិច M-Pencil ថែមទៀតផង។ យ៉ាងណាក៏ដោយ វត្តមានរបស់វា នឹងបង្ហាញខ្លួន នៅថ្ងៃនេះឯង អញ្ចឹងហើយ យើងនឹងបានដឹងច្បាស់ថា លក្ខណៈសម្បត្តិរបស់វា ដែលត្រូវបានបង្ហាញដោយ Huawei នោះ ដូចទៅនឹងពត៌មាន លេចធ្លាយខាងលើនេះ ដែរឬទេ ដូច្នេះយើងនឹងរង់ចាំមើលទាំងអស់គ្នា។ 

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង