គេហទំព័រ​មួយ​ចំនួន​នៅ​ចិន បាន​ដាក់​លក់ Huawei Mate X ក្នុង​តម្លៃ​ជាង 34 លាន​រៀល (8,557 ដុល្លារ)​
ដោយ​ ៖ ឈីរ៉ូ | 7 ខែមុន SHARE

 

ប្រិយមិត្តមួយចំនួន ប្រាកដជាបានដឹងច្បាស់ហើយថា បន្ទាប់ពីបានពន្យារពេលនៃការចេញលក់ស្មាតហ្វូនអេក្រង់បត់របស់ខ្លួន ជាច្រើនលើកច្រើនសារួចមក ទីបំផុត កាលពីសប្តាហ៍មុននេះ នៅក្នុងប្រទេសចិន ក្រុមហ៊ុន Huawei ក៏បានដាច់ចិត្តដាក់លក់ Huawei Mate X ជាផ្លូវការហើយ។ អ្វីដែលធ្វើឲ្យយើងកាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ គឺវាត្រូវបានគេធ្វើការកុម្ម៉ង់ទិញអស់ពីស្តុកក្នុងរយៈពេលមិនដល់ 1 នាទីផង។ ចំពោះការកុម្ម៉ង់ទិញនេះ ត្រូវធ្វើឡើងតាមរយៈគេហទំព័រដែលមានឈ្មោះថា Vmall របស់ប្រទេសចិនផ្ទាល់តែម្តង។ 

 

 

ចំណែកឯ ចំនួននៃការដាក់លក់ Huawei Mate X ជាលើកដំបូងនេះ ប្រភពខាងលើមិនបានបញ្ជាក់ឲ្យយើងបានដឹងនោះទេ។ ប៉ុន្តែយើងអាចដឹងមុនបានថា វាមានចំនួនមិនច្រើននោះទេ ហេតុដូច្នេះហើយ ក្នុងពេលបច្ចុប្បន្ននេះ បើសិនជាអ្នកដែលរស់នៅក្នុងប្រទេសចិន ចង់ធ្វើការទិញយក Huawei Mate X មកប្រើ គឺជួបនឹងការលំបាកបន្តិចហើយ។ ទាក់ទងទៅនឹង ការដាក់លក់ស្មាតហ្វូនអេក្រង់បត់មួយនេះ យើងក៏ទើបតែទទួលបានដំណឹងថ្មីមួយផ្សេងទៀត ដែលនិយាយអំពីវាផងដែរ បើយោងទៅតាមរបាយការណ៍ដែលមានប្រភពមកពីក្នុងប្រទេសចិន បាននិយាយថា គេហទំព័រមួយចំនួននៅក្នុងប្រទេសចិន បានដាក់លក់ Huawei Mate X នៅក្នុងតម្លៃដល់ទៅជាង 34 លានរៀល (8,557 ដុល្លារ) ឯណោះ ហើយមូលហេតុនោះ ដែលធ្វើឲ្យស្មាតហ្វូនអេក្រង់បត់មួយនេះ ត្រូវបានគេដាក់លក់ក្នុងតម្លៃមួយដ៏ថ្លៃលើសលប់នោះ ក៏ព្រោះតែក្នុងពេលឥឡូវនេះ ការផ្គត់ផ្គង់របស់វាមានកំណត់។

 

 

គួររំលឹកផងថា Huawei Mate X បំពាក់មកជាមួយអេក្រង់ទំហំ 8 អ៊ីញ ជាប្រភេទ Foldable OLED មានកម្រិតបង្ហាញ 2200 x 2480 ភិចស៊ែល។ នៅពេលដែលយើងធ្វើការបត់វា ផ្ទៃអេក្រង់ខាងមុខរបស់វាមានទំហំ 6.6 អ៊ីញ ចំណែកផ្ទៃអេក្រង់ខាងក្រោយរបស់វាវិញ មានទំហំ 6.38 អ៊ីញ។ ចំពោះកម្លាំងម៉ាស៊ីន វាប្រើប្រាស់បន្ទះឈីប Kirin 980 ទំហំ 7nm (ភ្ជាប់មកជាមួយម៉ូឌឹម 5G Balong 5000) គួបផ្សំជាមួយ RAM ទំហំ 8GB អមមកជាមួយជម្រើស អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 512GB។ រីឯថាមពលថ្មវិញ វាបំពាក់មកជាមួយថ្មដែលមានទំហំ 4,500 mAh ព្រមទាំងទ្រទ្រង់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដែលមានកម្លាំង 55W ផងដែរ ហើយបើយោងទៅតាមការអះអាងរបស់ Huawei បាននិយាយថា យើងអាចសាកថ្មរបស់ Huawei Mate X ចាប់ពី 0 ទៅ 85 ភាគរយ ដោយចំណាយពេលត្រឹមតែ 30 នាទី តែប៉ុណ្ណោះ។ 

 

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង