Huawei កំពុង​សម្ងំ​សិក្សា​លើ​រូប​រាង​ស្មាតហ្វូន​អេក្រង់​បត់​ដូច Motorola Razr 2020 ដែរ?​
ដោយ​ ៖ គាលី | 7 ខែមុន SHARE

 

ប៉ុន្មានថ្ងៃមុននេះ ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់បានដឹងមកហើយ ពីរបាយការណ៍ថ្មីមួយ បញ្ជាក់ថា Xiaomi បានចុះប៉ាតង់សិក្សាទៅលើ ស្មាតហ្វូនអេក្រង់បត់ ដែលមានរចនាបថ ស្រដៀងគ្នាទៅនឹង Motorola Razr 2020 ទើបបង្ហាញ នាពេលថ្មីៗនេះដែរ។ ពិតមែនណាស់ សម្រាប់ពេលបច្ចុប្បន្ន ស្មាតហ្វូនអេក្រង់បត់ កំពុងអង្រួនចិត្ត អ្នកស្នេហាពិភពស្មាតហ្វូន ជាបណ្តើរៗហើយ ដូចជាម៉ូឌែល Samsung Galaxy Fold និង Huawei Mate X ដែលបានប្រកាសចេញ ដំបូងគេ កាលពីអំឡុងដើមឆ្នាំ 2019 កន្លងមក។ ប៉ុន្តែ យើងសង្កេតឃើញថា វាមិនមែនជារឿងងាយស្រួលទេ សម្រាប់ការបង្កើតនូវ របកគំហើញថ្មីនេះ ព្រោះជាធម្មតា តែរបស់ថ្មីបំផុត វាតែងជួបនូវបញ្ហាបន្តិចបន្តួចហើយ ឬអាចថាបាន មិនទាន់មានភាពល្អ ឥតខ្ចោះនៅឡើយ។

 

យ៉ាងណា មិនថ្វីទៀតនោះទេ ស្មាតហ្វូនអេក្រង់បត់ ដែលស៊េរីចេញក្រោយៗ ត្រូវបានគេរំពឹងទុកថា នឹងមានភាពរឹងមាំជាងមុន ហើយបត់បានច្រើនបែបច្រើនយ៉ាង ថែមទៀតផង។ ជាក់ស្តែង ដូចស្មាតហ្វូន Motorola Razr 2020 ដែលទើបបានប្រកាសចេញអញ្ចឹង គឺត្រូវបានគេសិក្សាឃើញថា វាអាចនឹងមានភាពរឹងមាំច្រើន ជាងស្មាតហ្វូនអេក្រង់បត់ដទៃ។ ទាក់ទងទៅនឹងរឿងនេះដែរ ក្រៅពីលេចឮសូរ ដំណឹងថា ក្រុមហ៊ុនចិន Xiaomi កំពុងធ្វើការស្រាវជ្រាវផលិត ស្មាតហ្វូនអេក្រង់បត់ ដែលមានរចនាបថ ស្រដៀងទៅនឹង Motorola Razr 2020 ឥឡូវនេះ យើងក៏ទទួលរបាយការណ៍ថ្មីមួយទៀត Huawei ក៏កំពុងមានបំណងបង្កើតស្មាតហ្វូន ដែលអាចបត់ នៅពាក់កណ្ដាលអេក្រង់បាន ដោយមានលក្ខណៈប្លែកពីម៉ូឌែល Mate X ទាំងស្រុង។ 

 

 

បើយោងទៅតាមរូបប៉ាតង់លេចធ្លាយខាងលើ បង្ហាញឲ្យឃើញថា ចំពោះស្មាតហ្វូនអេក្រង់បត់ ស៊េរីក្រោយ ដែល Huawei គ្រោងនឹងផលិតឡើង គឺពិតជាមានលក្ខណៈស្រដៀងទៅនឹង Motorola Razr ដោយមានរចនាបថ បត់បញ្ឈរនៅពាក់កណ្ដាលអេក្រង់ និងមើលទៅ ក៏កាត់បន្ថយឲ្យតូចជាងមុន ដើម្បីងាយស្រួលទុកដាក់។ ខណៈពេលដែល ស្មាតហ្វូនមួយនេះ ត្រូវបានបត់អេក្រង់ចេញ នោះ យើងនឹងឃើញមាន អេក្រង់លាតពេញតែម្ដង ដោយមានគែមខ្លីគ្រប់ជ្រុងទាំងអស់។ យ៉ាងណាក៏ដោយ មើលទៅលើរូបប៉ាតង់ទាំងនេះ គឺគ្មានបំពាក់កាមេរ៉ាខាងមុខនោះទេ ដូច្នេះ អាចមានន័យថា Huawei នឹងត្រូវរកដំណោះស្រាយផ្សេង ដើម្បីឲ្យអ្នកប្រើប្រាស់ថត Selfie បាន ហើយក៏អាចជាកាមេរ៉ាក្រោមអេក្រង់ ថែមទៀតផង។ ចំណែកឯផ្នែកខាងក្រោយ គឺប្រទះឃើញមានអេក្រង់មួយទៀត ដែលមានទំហំតូចល្មម សម្រាប់ឆែកសារដំណឹងផ្សេងៗ និងសេនស័រកាមេរ៉ា 3 គ្រាប់ អមជាមួយភ្លើង LED មួយគ្រាប់ទៀត នៅផ្នែកចំហៀងខាងស្តាំ នៃទូរសព្ទនោះ។

ដោយ​ ៖ Playful Droid
អត្ថបទទាក់ទង