ទាំងនេះ​អាច​ជា​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​របស់​បន្ទះ​ឈីប​កំពូល Snapdragon 865​
ដោយ​ ៖ ឈីរ៉ូ | 2 ខែមុន SHARE

 

យើងបានដឹងហើយថា កាលពីខែធ្នូ ឆ្នាំ 2018 ក្រុមហ៊ុន Qualcomm បានប្រកាសចេញបន្ទះឈីប Snapdrgaon 855 សម្រាប់យកទៅបំពាក់នៅលើស្មាតហ្វូនដែលបានបញ្ចេញលក់ក្នុងពាក់កណ្តាលឆ្នាំ 2019។ បន្ទាប់មកទៀត នៅក្នុងខែកក្កដា ឆ្នំា 2019 Qualcomm ក៏បានប្រកាសចេញបន្ទះឈីប Snapdragon 855 Plus ដែលជាជំនាន់អាប់ដេតរបស់ Snapdragon 855 (Overclock Version) ជាផ្លូវការផងដែរ។ បើគិតទល់មកដល់ពេលនេះ យើងឃើញថាស្មាតហ្វូនកំពូលៗ ដែលបំពាក់មកជាមួយបន្ទះឈីបមួយនេះ មានចំនួនច្រើនគ្រាន់បើដែរ។ 

 

 

ទាក់ទងទៅនឹងបន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm នេះដែរ យើងឃើញថាមួយរយៈពេលចុងក្រោយនេះ មានព័ត៌មានជាច្រើនបាននិយាយថា Qualcomm បានត្រៀមខ្លួន រួចជាស្រេចក្នុងការប្រកាសចេញបន្ទះឈីបកំពូល ដែលចូលមកបន្តតំណែងរបស់ Snapdragon 855 ហើយបន្ទះឈីបនោះ អាចនឹងមានឈ្មោះជាផ្លូវការថា Snapdragon 865 តែម្តង។ ប៉ុន្តែជាទំលាប់ ដូចដែលយើងបានដឹងហើយថា ខណៈពេលដែលបច្ចេកវិទ្យាអ្វីមួយ ដែលទាក់ទងទៅនឹងស្មាតហ្វូន មិនទាន់បានបង្ហាញខ្លួន ជាផ្លូវការនោះទេ យើងតែងតែទទួលបានព័ត៌មាននិយាយអំពី លក្ខណៈសម្បត្តិរបស់វាជានិច្ច។ ជាក់ស្តែង បន្ទះឈីប Snapdragon 865 នេះក៏មិនខុសគ្នាដែរ ព្រោះថាលក្ខណៈសម្បត្តិមួយចំនួនរបស់វា ក៏ទើបតែត្រូវបានបែកធ្លាយផងដែរ នេះបើយោងទៅតាម គណនីបណ្តាញសង្គម Weibo មួយដែលមានឈ្មោះថា Digital chat station បានធ្វើការអះអាងថា បន្ទះឈីប Snapdragon 865 នឹងមាន Cores សរុបចំនួន 8 គ្រាប់ ក្នុងនោះរួមមានដូចជា Cortex A77 ដែលអាចរត់ក្នុងល្បឿន 2.84GHz ចំនួន 1 គ្រាប់, Cortex A77 ដែលអាចរត់ក្នុងល្បឿន 2.4GHz ចំនួន 3 គ្រាប់, Cortex A55 ដែលអាចរត់ក្នុងល្បឿន 1.8GHz ចំនួន 4 គ្រាប់ គួបផ្សំជាមួយអង្គក្រាហ្វិក Adreno 650 ផងដែរ។ 

 

ប្រភពបន្តទៀតថា បន្ទះឈីប Snapdragon 865 នឹងមានល្បឿន CPU លឿនជាងមុន 20% និងល្បឿន GPU លឿនជាងមុន 17% ទៅ 20% នេះបើយើងប្រៀបធៀបជាមួយបន្ទះឈីប Snapdragon 855។ គួររំលឹកផងថា បន្ទះឈីប Snapdragon 865 នឹងមានវត្តមានដំបូងគេបង្អស់ នៅលើស្មាតហ្វូនប្រណិត Titanium M6 5G ដែលត្រៀមបង្ហាញខ្លួន នាពេលប៉ុន្មានខែដ៏ខ្លីខាងមុខនេះ នេះបើផ្អែកតាមការអះអាង របស់ក្រុមហ៊ុនផលិតស្មាតហ្វូនមួយនេះ។ អញ្ចឹងមានន័យថា នៅដើមឆ្នាំ 2020 ខាងមុខនេះ យើងនឹងចាប់ផ្តើមឃើញវត្តមានស្មាតហ្វូន ដែលបំពាក់មកជាមួយបន្ទះឈីប Snapdragon 865 ជាមិនខាន ដោយក្នុងនោះ រួមមានដូចជាស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung, Xiaomi, Sony និងក្រុមហ៊ុនដទៃទៀតផងដែរ។ គួរបញ្ជាក់ផងថា នៅថ្ងៃទី 3 ធ្នូ ខាងមុខនេះ ក្រុមហ៊ុន Qualcomm នឹងធ្វើការបើកព្រឹត្តិការណ៍មួយ ដែលមានឈ្មោះថា Snapdragon Tech Summit 2019 ដែលធ្វើឡើងនៅក្នុងរដ្ឋ Hawaii របស់សហរដ្ឋអាមេរិក ហើយក្នុងព្រឹត្តិការណ៍នេះ ត្រូវបានភ្នាក់ងារសារព័ត៌មានល្បីៗជាច្រើន បានរំពឹងថា ក្រុមហ៊ុន Qualcomm នឹងធ្វើការប្រកាសចេញបន្ទះឈីប Snapdragon 865 ជាផ្លូវការ តែម្តង។

 

ដោយ​ ៖ Playful Droid
អត្ថបទទាក់ទង