Honor 20S ចេញ​ផ្លូវ​ការ មាន​លក្ខណៈ​សម្បតិ្តនិង​រូប​រាង​ស្ទើរ​តែ​ដូច Huawei P30 Lite ទាំង​ស្រុង​
ដោយ​ ៖ គាលី | 2 ខែមុន SHARE

 

ប្រហែលជាប្រិយមិត្តមួយចំនួនធ្លាប់បានដឹងហើយថា កាលពីខែមិនា កន្លងទៅ ក្រុមហ៊ុនយក្សចិន Huawei បានប្រកាសចេញនូវស្មាតហ្វូន មួយម៉ូឌែលថ្មីដោយគេបានដឹងថា វាជាខ្សែស្រឡាយនឹងស៊េរី P30 ដែលមានឈ្មោះថា Huawei P30 Lite និងត្រូវបានរចនាឡើង ជាមួយកាណុងកាមេរ៉ាក្រោយ 3 គ្រាប់ មានអេក្រង់លាត មិនមានកោងគែមសងខាង និងមានម៉ូតឆកបែបតំណក់ទឹក តែសម្រាប់ម៉ូឌែលបន្ថែមកន្ទុយ Lite នេះ មានលក់នៅតែក្នុងស្រុកប៉ុណ្ណោះ។ យ៉ាងណា ស្រាប់តែមកដល់ឥឡូវនេះ Honor ដែលជាក្រុមហ៊ុនមួយ ស្ថិតក្រោមការគ្រប់គ្រងរបស់ Huawei ក៏បានដាក់បង្ហាញនូវ ស្មាតហ្វូនមួយម៉ូឌែលថ្មីទៀត សម្រាប់លើទីផ្សារអឺរ៉ុប ដែលមានឈ្មោះថា Honor 20S គឺត្រូវបានចម្លងរូបរាង ដូចទាំងស្រុងទៅនឹងម៉ូឌែល P30 Lite អញ្ចឹង។ 

 

 

Honor 20S គឺមានរូបរាង មិនសូវជាខុសពី Huawei P30 Lite ច្រើនឡើយ ជាពិសេសគឺផ្ទៃខាងមុខ ជាមួយនឹងអេក្រង់លាត រំលេចដោយម៉ូតឆកបែបតំណក់ទឹកនេះតែម្ដង រីឯផ្នែកខាងក្រោយវិញ ក៏មិនសូវខុសគ្នាដែរ សូម្បីតែជម្រើសពណ៌ ដោយសារតែវា ប្រើប្រាស់នូវកញ្ចក់ចាំងដូចគ្នា។ ប៉ុន្តែ អ្វីដែលធ្វើឲ្យវាប្លែកពីគេនោះ គឺត្រង់ផ្នែកស្លាកយីហោ Honor តែប៉ុណ្ណោះ។ និយាយរួម រូបរាងរបស់ Honor 20S ពិតជាស្អាតទាក់ទាញ និងមានលក្ខណៈមួយចំនួនធំ ដូចនឹង P30 Lite ដោយវាមានអេក្រង់ទំហំ 6.15 អ៊ីញ និងមានកម្រិតបង្ហាញរូបភាព Full HD+។ លើសពីនេះ ព្រមទាំងមានរចនាបថកាមេរ៉ាក្រោយ 3 គ្រាប់ដូចគ្នា ដោយមួយគ្រាប់ទំហំ 48 មេហ្គាភិចសែល ជាកាមេរ៉ាគោល មានកម្រិត Aperture f/1.8 ឯមួយគ្រាប់ទៀតទំហំ 8 មេហ្គាភិចសែល ជាលេន Ultra-wide angle កម្រិត Aperture f/2.4 ហើយមួយគ្រាប់ចុងក្រោយ មានទំហំ 2 មេហ្គាភិចសែល ជាសេនស័រ សម្រាប់ចាប់យករូបភាពវត្ថុ ដែលមានទំហំតូចល្អិត និងអមមកជាមួយភ្លើង Flash LED មួយគ្រាប់ សម្រាប់ជំនួយការថត នៅពេលយប់ ឬកន្លែងដែលមានពន្លឺទាប។ វាក៏មានបំពាក់ស៊េនស័រ សម្រាប់ស្កេនម្រាមដៃ នៅចំកណ្តាលនៃផ្នែកខាងក្រោយដូចម៉ូឌែល P30 Lite ដែរ។ 

 

 

រីឯកាមេរ៉ាមុខវិញ ក៏មិនធម្មតាដែរ វាប្រើប្រាស់នូវស៊េនស័រចាប់រូបភាព ក្នុងទំហំដល់ទៅ 24 មេហ្គាភិចស៊ែល ជាពិសេសគឺបំពាក់មុខងារ Night Mode សម្រាប់ថត Selfie នៅពេលងងឹត ឲ្យមានពន្លឺភ្លឺស្អាតជាងមុន។ ក្រៅពីនេះទៅទៀត ស្មាតហ្វូនមួយនេះ ក៏ទទួលបានមុខងារជំនួយកាមេរ៉ា ផ្សេងៗទៀត រួមមានដូចជា អាចចាប់ទីតាំងមាន 22 កន្លែងខុសៗគ្នា ដើម្បីកែប្រែសាច់ពណ៌ ដោយស្វ័យប្រវត្តិ និងមុខងារ AI Beauty Mode ជាដើម។

 

ចំពោះកម្លាំងម៉ាស៊ីន ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប Kirin 710, អមមកជាមួយទំហំរ៉េម 6GB និងអង្គផ្ទុកទិន្នន័យខាងក្នុងម៉ាស៊ីនមានទំហំ 128GB និងអាចបន្ថែមេម៉ូរីក្រៅបានដល់ ទំហំ 512GB ដោយមិនចាំបាច់បារម្ភរឿងផ្ទុកឆាប់ពេញ នោះទេ។ សម្រាប់ Honor 20S គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie ស្រោបដោយស្បែក Magic UI 2.1.0 និងក្រៅពីនោះ វាភ្ជាប់មកជាមួយបច្ចេកវិទ្យា ជួយបង្កើនល្បឿន  GPU Turbo 3.0 និងមុខងារដែលអនុញ្ញាតឲ្យជ្រើសរើស វីដេអូណាមួយ មកធ្វើជា ringtone ឬក៏អាចកំណត់ វីដេអូណាមួយដែលយើងពេញចិត្ត សម្រាប់លេខទូរសព្ទ ផ្សេងៗគ្នាក៏បាន។ 

 

 

Honor 20S មានថាមពលថ្ម 3340 mAh និងទ្រទ្រង់ការសាកថ្មលឿនបានក្នុងកម្លាំង 18W ជាមួយឌុយ USB ប្រភេទ C។ ស្មាតហ្វូននេះ នឹងត្រូវដាក់លក់ នៅថ្ងៃទី 15 ខែវិច្ឆិកានេះ លើទីផ្សារអឺរ៉ុប ក្នុងតម្លៃខ្ទង់ប្រហែល 1.4 លានរៀល (350 ដុល្លារ) ដែលវាមានជម្រើស 3 ពណ៌ សម្រាប់ជ្រើសរើស រួមមាន Blue-Violet, Midnight Black និង Iced White។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង