លេន​ទម្លុះ​អេក្រង់​នៅ​លើ Galaxy S11 នឹង​មាន​ទំហំ​តូច​ជាង​នៅ​លើ Galaxy Note10​
ដោយ​ ៖ ឈីរ៉ូ | 2 ខែមុន SHARE

 

បើយោងទៅតាមរបាយការណ៍ដែលបានរាយការណ៍កាលពីកន្លងមក បាននិយាយថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung បានសម្រេចចិត្តជ្រើសរើសយករចនាបថចុងក្រោយរបស់ Galaxy S11 Series ហើយ។ ដូច្នេះជាទំលាប់ បន្ទាប់ពីរចនាបថរបស់ស្មាតហ្វូនមួយ ត្រូវបានជ្រើសរើសរួចរាល់ គេនឹងចាប់ផ្តើមផលិតគ្រឿងផ្សំរបស់វា ហេតុនេះហើយ វាក៏ជាពេលដែលលក្ខណៈសម្បត្តិ របស់ស្មាតហ្វូនមួយនោះ ត្រូវបែកធ្លាយផងដែរ។ 

 

 

ជាក់ស្តែង Galaxy S11 Series ក៏មិនខុសគ្នាដែរ ដោយលក្ខណៈសម្បត្តិ និងមុខងារពិសេសៗរបស់វា ត្រូវបានបែកធ្លាយជាបន្តបន្ទាប់ ចាប់ពីពេលដែលរចនាបថ របស់វាត្រូវបានជ្រើសរើស។ ទាក់ទងទៅនឹងលក្ខណៈសម្បត្តិ របស់ស្មាតហ្វូនដែលស្ថិតនៅក្នុងត្រកូល S11 នេះ យើងក៏ទើបទទួលបានព័ត៌មានថ្មី មួយផ្សេងទៀតនិយាយអំពីវាផងដែរ បើយោងទៅតាមគណនី Twitter ផ្លូវការ របស់កំពូលអ្នកចែកចាយព័ត៌មាន បែកធ្លាយដ៏ល្បីឈ្មោះ Ice Universe បានបញ្ជាក់ថា Galaxy S11 Series នឹងមានលេនទម្លុះអេក្រង់ ស្ថិតនៅចំកណ្តាលដូចទៅនឹង Galaxy Note 10 Series ដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺវានឹងមានទំហំតូចជាង លេនទម្លុះអេក្រង់របស់ Galaxy Note 10 ទៅទៀត។ 

 

 

លោកក៏បានបន្ថែមទៀតថា លេនទម្លុះអេក្រង់ដែលមាននៅលើ vivo S5 គឺជាលេនទម្លុះអេក្រង់ ដែលមានទំហំដែលតូចជាងគេបំផុតក្នុងឆ្នាំ 2019 នេះ ដោយវាមានទំហំត្រឹមតែ 3.x mm តែប៉ុណ្ណោះ។ គួរបញ្ជាក់ផងថា អេក្រង់ OLED ដែលមានលេនទម្លុះអេក្រង់ ដែលបំពាក់នៅលើ vivo S5 ត្រូវបានផ្គត់ផ្គង់ ដោយក្រុមហ៊ុន Samsung ផ្ទាល់តែម្តង។ អញ្ចឹងមានន័យថា លេនទម្លុះអេក្រង់ ដែលមាននៅលើ Galaxy S11 Series អាចនឹងមានទំហំប៉ុនគ្នា ទៅនឹងលេនទម្លុះអេក្រង់របស់ vivo S5 ឬក៏តូចជាងនេះក៏ថាបាន។ គួររំលឹកផងថា បើយោងទៅតាមព័ត៌មាន ដែលបានចុះផ្សាយ កាលពីពេលកន្លង Galaxy S11 Series ត្រូវបានគេរំពឹងថានឹងបំពាក់មក ជាមួយអេក្រង់ធំជាងមុន (6.4, 6.7 និង 6.9 អ៊ីញ) ព្រមទាំងមានល្បឿន Refresh Rate លឿនជាងមុនផងដែរ។ ម៉្យាងវិញទៀត វាប្រហែលជាអាចភ្ជាប់មក ជាមួយកាមេរ៉ាដែលមានទំហំ 108MP ថែមទៀតផង។

 

ដោយ​ ៖ Ice Universe
អត្ថបទទាក់ទង