លោក Bill Gates ជឿ​ជាក់​ថា​កុំ​អី Windows Mobile អាច​យក​ឈ្នះ Android បាន​បាត់​ហើយ បើ​គាត់​មិន​ជាប់​រវល់​ដោះស្រាយ​បញ្ហា​ធំ​មួយ​ទៀត​
ដោយ​ ៖ ឡេង | 7 ខែមុន SHARE

 

ពិតប្រាកដណាស់ យើងបានដឹងរួចមកហើយថា ប្រព័ន្ធប្រតិបត្តិការ Windows Mobile ហើយក្រោយមកទៀតទៅជា Windows Phone ត្រូវបានក្រុមហ៊ុន Microsoft ប្រកាសថានឹងបញ្ឈប់ដំណើរការ នៅពេលឆាប់ៗនេះហើយ ហេតុដោយសារតែ គ្មានប្រជាប្រិយភាព និងគ្មានបំពាក់មុខងារ ឬ កម្មវិធីមានប្រយោជន៍ច្រើន ដូចជាប្រព័ន្ធប្រតិបត្តិការ ផ្សេងៗទៀតនោះឡើយ។ យ៉ាងណាក៏ដោយ លោក Bill Gates បាននិយាយប្រាប់នូវមូលហេតុ ក្នុងបទសម្ភាសន៍មួយ នៅឯសន្និសីទកាសែត The New York Times DealBook Conference កាលពីពេលថ្មីៗនេះថា គាត់បានបាត់បង់ឱកាស ដើម្បីធ្វើការរៀបចំអភិវឌ្ឍ ប្រព័ន្ធប្រតិបត្តិការ Windows Mobile របស់ខ្លួន ព្រោះតែក្រុមហ៊ុន Microsoft ត្រូវបានគេដាក់ពាក្យបណ្តឹង ក្នុងអំឡុងពេលនោះ។

 

 

ប្រសិនបើប្រិយមិត្តអ្នកអាន មិនទាន់បានដឹងទេនោះគឺថា នាយកដ្ឋានយុត្តិធម៌ នៃសហរដ្ឋអាមេរិក បានប្ដឹងទៅកាន់ក្រុមហ៊ុន Microsoft ចំពោះប្រព័ន្ធប្រតិបត្តិការ កុំព្យូទ័ររបស់ខ្លួនដែលត្រូវជា Windows ដោយពាក់ព័ន្ធទៅនឹងបញ្ហា ការប្រឆាំងនឹងសេចក្តីទុកចិត្ត ទើបបានធ្វើឲ្យលោក Bill Gates ចំណាយពេលយ៉ាងច្រើន ទៅលើរឿងក្ដីមួយនេះ និងជួយការពារ ក្រុមហ៊ុនរបស់គាត់។ លើសពីនេះទៅទៀត គាត់បានលើកឡើងថា ពាក្យបណ្ដឹងនេះធ្វើឲ្យ មិនល្អដល់ក្រុមហ៊ុន Microsoft របស់ខ្លួនយ៉ាងខ្លាំង ហើយខាតបង់ពេលជាច្រើន និងខំអីមានពេលផ្ដោតលើ ការបង្កើតប្រព័ន្ធប្រតិបត្តិការ សម្រាប់ទូរសព្ទមុនបាត់ហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោក Bill Gates ក៏បានបន្ថែមទៀតថា គ្រាន់តែយឺតពេលអស់ 3 ខែប៉ុណ្ណោះ ដូចនេះក្រុមហ៊ុន Motorola នឹងយល់ព្រមបំពាក់ Windows Mobile នៅលើស្មាតហ្វូនរបស់ពួកគេបាត់ហើយ ហើយមិនចាប់ចាំត្រូវការ Nokia ទៀតនោះទេ។

 

***ប្រិយមិត្តទាំងអស់គ្នាអាចចូលទស្សនា សន្និសីទកាសែតពេញជាមួយលោក Bill Gates នៅខាងក្រោមនេះ ៖

 

 

ប្រសិនបើគ្មានពាក្យបណ្ដឹងកើតឡើង ចំពោះក្រុមហ៊ុន Microsoft នោះទេ ដូច្នេះលោក Bill Gates ប្រាកដជាមានពេល ដើម្បីមកផ្ដោតលើ Windows Mobile ជាក់ជាមិនខានឡើយ ប៉ុន្ដែគួរឲ្យសោកស្ដាយ នាពេលឆាប់ៗខាងមុខ ប្រព័ន្ធប្រតិបត្តិការមួយនេះ នឹងត្រូវបិទជាផ្លូវការហើយ ដោយគ្មានសង្ឃឹមនឹង ត្រឡប់មកវិញនោះទេ។ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការបាត់បង់ឱកាសមួយនេះ? ដោយខំអីយើងនឹងបានប្រើ Windows Phone មកដល់សព្វថ្ងៃនេះហើយ? សូមចែករំលែកមតិរបស់លោកអ្នក តាមរយៈប្រអប់ Comments ឲ្យយើងបានដឹងផង។

ដោយ​ ៖ Business Insider
អត្ថបទទាក់ទង