ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ​នៅ​កូរ៉េខាងត្បូង ចង់​បោះ​បង់​ចោល​ប្រព័ន្ធ 2G ឲ្យ​បាន​ឆាប់ៗ​នេះ​
ដោយ​ ៖ ឡេង | 7 ខែមុន SHARE

 

SK Telecom ដែលត្រូវជាក្រុមហ៊ុនទូរគមនាគមន៍ មានប្រជាប្រិយភាពខ្លាំង នៅប្រទេសកូរ៉េខាងត្បូង បានចាប់ផ្ដើមធ្វើការស្នើរសុំ ក្រសួងព័ត៌មានវិទ្យាជាតិ ប្រចាំប្រទេសរបស់ខ្លួន ឲ្យបញ្ចប់ដំណើរការបណ្ដាញប្រព័ន្ធ 2G កាលពីដើមសប្ដាហ៍នេះ។ លើសពីនេះទៅទៀត ក្រសួង ICT និងវិទ្យាសាស្ត្រ បាននិយាយប្រាប់ថា ខ្លួននឹងអនុញ្ញាតសំណើមួយនេះ ឲ្យបានឆាប់ៗ ដោយសារតែ មានតម្រូវការសំខាន់មួយទៀត គឺជាការផ្តោតលើសេវាកម្ម 5G ថ្មី កំពុងចាប់ផ្ដើមរីកចម្រើននេះវិញ។

 

 

ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ បានចាប់ផ្ដើមផ្ដល់សេវាកម្មប្រព័ន្ធ 2G ចាប់តាំងពីអំឡុងឆ្នាំ 1996 មកម្ល៉េះ ប៉ុន្ដែនៅពេលឥឡូវនេះ បច្ចេកវិទ្យាត្រូវបន្តដំណើរទៅមុខទៀត ដោយបោះបង់ចោលជំនាន់ពីមុនៗ មកខិតខំធ្វើការអភិវឌ្ឍន៍ ជំនាន់ក្រោយមួយទៀតវិញ។ ក្រុមហ៊ុន SK Telecom ក៏បានលើកឡើងថា សម្រាប់បច្ចេកវិទ្យា 2G នឹងគ្រោងដកចេញនេះ អាចយកទៅប្រើប្រាស់ ទៅក្នុងតំបន់ ឬប្រទេសផ្សេងៗទៀត ដែលកំពុងតែត្រូវការវានៅឡើយ។ បើយោងទៅតាម របាយការណ៍ចេញពី SK Telecom ផ្ទាល់តែម្ដង បានដាក់បង្ហាញឲ្យឃើញថា ចំនួននៃអ្នកប្រើប្រាស់សេវាកម្ម 2G មានចំនួនត្រឹមតែ 2% ប៉ុណ្ណោះ ក្នុងប្រទេសកូរ៉េខាងត្បូង ហើយក៏កំពុងបញ្ចុះបញ្ចូល ឲ្យពួកគេផ្លាស់ប្ដូរទូរសព្ទ មកប្រើសេវាកម្មប្រព័ន្ធ 3G, LTE និង 5G ចុងក្រោយនេះវិញតែម្ដង។ ចំណែកឯ Samsung ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សំភារៈ 2G ទៅដល់ក្រុមហ៊ុនទូរគមនាគមន៍ នៃប្រទេសកូរ៉េខាងត្បូង បានបិទផលិតកម្មតាំងពីឆ្នាំ 2005 ផងដែរ។ កាលពីខែមេសា ឆ្នាំ 2019 កន្លងផុតទៅនេះ ក្រុមហ៊ុនទូរគមនាគមន៍ជាច្រើន នៅប្រទេសកូរ៉េខាងត្បូង បានចាប់ផ្ដើមផ្ដល់សេវាកម្ម 5G ជាផ្លូវការលើកដំបូង ដែលស៊ីមប្រភេទ 5G ថ្មីនោះនឹងរួមបញ្ចូលគ្នា ជាមួយបណ្តាញប្រព័ន្ធ LTE សិនប៉ុណ្ណោះ។

 

 

សរុបមកវិញ ក្រុមហ៊ុនទូរគមនាគមន៍ SK Telecom បានស្នើរសុំការបោះបង់ចោលប្រព័ន្ធ 2G ទៅកាន់ក្រសួងព័ត៌មានវិទ្យាជាតិ ហើយសង្ឃឹមថានឹងទទួលបាន ការអនុញ្ញាតឆាប់ៗនេះតែម្ដង ដោយមានគម្រោងចង់ផ្ដោត ទៅលើបណ្ដាញប្រព័ន្ធ 5G ឲ្យបានច្រើនជាង និងអាចដកយកប្រព័ន្ធ 2G ទាំងនោះ ទៅដាក់នៅប្រទេសផ្សេងៗវិញ ដែលកំពុងត្រូវការនៅឡើយ។ ពិតប្រាកដណាស់ នេះគឺជារឿងធម្មតាប៉ុណ្ណោះ នៅពេលដែលបច្ចេកវិទ្យា កាន់តែរីកចម្រើនទៅៗ ដូច្នេះហើយឧបករណ៍ចាស់ៗ នឹងត្រូវបោះបង់ចោលដូចគ្នា ដើម្បីអភិវឌ្ឍន៍របកគំហើញថ្មីៗទៀត។

ដោយ​ ៖ ZDNet
អត្ថបទទាក់ទង