ច្បាប់​ថ្មី​របស់​ចិន ហាម​ក្មេង​អាយុ​ក្រោម 18 ឆ្នាំ មិន​ឲ្យ​លេង​ហ្គេម​លើស​ពី 1 ម៉ោង​កន្លះ​ក្នុង​មួយ​ថ្ងៃ​
ដោយ​ ៖ គាលី | 2 ខែមុន SHARE

 

ដូចដែលអ្នកទាំងអស់បានដឹងហើយថា ចិនជាប្រទេសមហាអំណាចមួយ ដែលតែងតែប្រកាន់យកនូវ របបកុម្មុយនិស្ត រហូតមក ហើយក៏ប្រទះឃើញមាន ការហាមឃាត់ជាច្រើន ផងដែរ។ ជាក់ស្តែង កាលពីថ្មីៗនេះ រដ្ឋាភិបាលចិន បានចាប់ផ្តើមដាក់កម្រិតថ្មី ទៅលើការលេងហ្គេមស្មាតហ្វូន ចំពោះក្មេងៗ នៅប្រទេសចិន។ ក្នុងវិធានការណ៍ថ្មីនេះដែរ គឺឆ្ពោះសំដៅទៅលើក្មេងៗ ដែលមិនទាន់គ្រប់អាយុ ពោលក្រោម 18 ឆ្នាំចុះក្រោម មិនត្រូវអនុញ្ញាតឲ្យលេងហ្គេមលើសពី 90 នាទី ក្នុងមួយថ្ងៃទេ មិនតែប៉ុណ្ណោះ ថែមទាំងកំណត់ទាំងរយៈពេល ដែលអាចលេងបាន គឺចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 10 យប់ទៀតផង។ 

 

 

ដោយឃើញថា នាបច្ចុប្បន្ននេះ វិស័យហ្គេមមីង ចេះតែរីករាលដាល កាន់តែខ្លាំងទៅៗ ហើយវាជាមូលហេតុមួយ ដែលធ្វើឲ្យរដ្ឋាភិបាលចិន មានការព្រួយបារម្ភខ្លាំង ចំពោះចំនួនធ្លាក់ចុះ នៃការខិតខំរៀនសូត្រ របស់ក្មេងៗស្រុកចិន ដូច្នេះ ទើបពួកគេសម្រេចចិត្ត បង្កើតច្បាប់ថ្មីនេះឡើង ដើម្បីទប់ស្កាត់ការញៀនហ្គេមផ្សេងៗ ដែលកំពុងតែមានសន្ទុះ កើនឡើងខ្លាំង ទូទាំងពិភពលោក។ លើសពីនេះ រដ្ឋាភិបាលចិន ក៏បានដាក់ច្បាប់កំណត់បន្ថែមទៀតថា អ្នកបង្កើតហ្គេម មិនអាចឲ្យក្មេងអាយុក្រោម 8 ឆ្នាំ ធ្វើការជាវទិញតួអង្គ ឬ Skins អ្វីពីក្នុងហ្គេមនោះទេ។ ខណៈពេលដែល ចំនួនត្រូវចំណាយសម្រាប់ក្មេងៗ ដោយចាប់ពីអាយុ 8 ឆ្នាំដល់ 16 ឆ្នាំ អាចចាយបានត្រឹមតែ 116,881 រៀល (29 ដុល្លារ) ក្នុងមួយខែប៉ុណ្ណោះ ដោយឡែកវ័យជំទង់អាយុ 16 ឆ្នាំដល់ 18 ឆ្នាំ អាចចាយបាន 233,763 រៀល (58 ដុល្លារ) ក្នុងមួយខែ។ 

 

 

ក្រៅពីនេះ នៅលើច្បាប់ថ្មី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា គឺតម្រូវឲ្យអ្នកអភិវឌ្ឍហ្គេម បញ្ចូលប្រព័ន្ធចុះបញ្ជីឈ្មោះពិត នៅលើហ្គេមរបស់ពួកគេ រួមទាំងមានដូចជាការស្កេនមុខ ដែលវិធីនេះ មានគេធ្លាប់អនុវត្តន៍រួចមកហើយ នៅក្នុងហ្គេមមួយចំនួន ដែលបង្កើតដោយក្រុមហ៊ុនយក្សចិន Tencent ។ សរុបមក ចំពោះយោបល់ខ្ញុំ គិតថាច្បាប់ដែលរដ្ឋាភិបាលចិន បានអនុម័តឡើងនេះ គឺសមហេតុសមផល ព្រោះថាវ័យក្រោមអាយុ 18 ឆ្នាំ ជាពេលដែលពួកគេ គួរចំណាយពេលវេលា ដ៏មានតម្លៃនេះ ទៅក្រេបយកចំណេះដឹងឲ្យបានច្រើន ជៀសជាងពង្វក់ខ្លួនលើវិស័យហ្គេម ខណៈអត់ទាន់ចេះគ្រប់គ្រងចិត្តគំនិត ហើយជះលុយឥតប្រយោជន៍ ធ្វើឲ្យខាតបង់ពេលវេលា និងប៉ះពាល់ដល់អនាគត។

ដោយ​ ៖ BBC
អត្ថបទទាក់ទង