Huawei Y9s បំពាក់​កាមេរ៉ា​ទំហំ 48MP និង​កាមេរ៉ា​មុខ​ហូត​ឡើង ​ចេញ​ជា​ផ្លូវ​ការ​
ដោយ​ ៖ គាលី | 3 ខែមុន SHARE

 

បើនិយាយទៅដល់ស្មាតហ្វូនត្រកូល Y លេខ 9 របស់ Huawei ប្រិយមិត្តដែលជាហ្វេនតែងតែគាំទ្រ នូវផលិតផលរបស់ក្រុមហ៊ុនមួយនេះ ប្រាកដជាធ្លាប់បានដឹង រួចមកហើយថា វាបានចាប់មានកំណើត តាំងពីឆ្នាំ 2018 មកម្លេះ ដែលត្រូវបានគេហៅថា Huawei Y9 ស៊េរី 2018។ កន្លងផុតអស់រយៈ 7 ខែមក ស្រាប់តែវត្តមានរបស់ Y9 ស៊េរី 2019 ក៏បានប្រកាសចេញម្តង ហើយបន្ទាប់មក ចូលមកដល់ត្រឹមខែសីហា ឆ្នាំ 2019 មួយរយៈមុននេះ ស្មាតហ្វូនត្រកូល Y9 ក៏បានបង្ហាញខ្លួនម្តងទៀត ដោយបន្ថែមនូវកន្ទុយ Prime ពីក្រោយ។

 

 

ជាក់ស្តែង សារជាថ្មីម្តងទៀត ស្មាតហ្វូនត្រកូល Y9 ចាប់ផ្តើមទទួលបាន ខ្សែស្រឡាយថ្មីមួយទៀតហើយ ដោយវាមានឈ្មោះថា Huawei Y9s នេះបើយោងតាមការបង្ហោះឡើងពី គេហទំព័រផ្លូវការ របស់ Huawei តែម្តង។ ចំពោះម៉ូឌែលថ្មី Y9s នេះ មានចំណុចដូចគ្នាច្រើន ទៅនឹងស៊េរី Y9 Prime 2019 ដែរ ដោយត្រូវបានផលិតឡើងជាមួយនឹងអេក្រង់លាតទ្រវែង និងមានទំហំ 6.59 អ៊ីញ (Ultra FullView Display) អាចបង្ហាញរូបភាព ក្នុងកម្រិត FHD+។ រីឯផ្នែកកាមេរ៉ាវិញ ស្មាតហ្វូននេះ ក៏មានភ្ជាប់មកជាមួយកាមេរ៉ាមុខ Pop-up ដែលមានសេនស័រមួយគ្រាប់ ទំហំ 16 មេហ្កាភិចសែល មានកម្រិត Aperture f/2.2 និងកាមេរ៉ាក្រោយ 3 គ្រាប់ ដោយមានលេនដើមលោតធំជាងមុន ទំហំ 48 មេហ្កាភិចសែល មានកម្រិត Aperture f/1.8 + 8 មេហ្គាភិចសែល មានកម្រិត Aperture f/2.4 ជាលេន Ultra wide-angle អមជាមួយមុំទំហំ 120° និងមួយគ្រាប់ចុងក្រោយ ជាលេនសម្រាប់ប្រើជំនួយក្នុងការថតព្រាលផ្ទៃខាងក្រោយ ( Depth sensor) មានទំហំ 2 មេហ្កាភិចសែល។ 

 

 

យ៉ាងណា អ្វីដែលជាចំណុចពិសេស ខុសប្លែកពីខ្សែស្រឡាយមុននោះ គឺថា Y9 មានកន្ទុយ S នេះ ត្រូវបានផ្លាស់ប្តូរកន្លែងស្កេនស្នាមម្រាមដៃ នៅផ្នែកចំហៀងវិញ។ ទៅលើផ្នែកកម្លាំងម៉ាស៊ីន វាប្រើប្រាស់បន្ទះឈីប Kirin 710F, មាន RAM ទំហំ 6GB ជាមួយអង្គចងចាំ ក្នុងម៉ាស៊ីនទំហំ 128GB និងអាចបន្ថែមកាត MicroSD ទំហំ (512GB max.) ពីក្រៅ។ លើសពីនេះ ចំណែកឯកម្លាំង ថាមពលថ្មវិញ វាមានទំហំ 4000mAh និងគាំទ្របច្ចេកវិទ្យាសាកថ្មលឿន ក្នុងកម្រិត 10W, ស្រោបដោយស្បែក EMUI 9.1 និងដំណើរការដោយ Android 9 Pie ចេញពីប្រអប់ស្រាប់ តែម្តង។ ជាចុងក្រោយ វានឹងភ្ជាម់មកជាមួយជម្រើស 2 ពណ៌ រួមមានដូចជា ពណ៌ Midnight Black និងពណ៌ Breathing Crystal។  ម៉្យាងវិញទៀត វាត្រូវបានគេរំពឹងទុកថា សម្រាប់ស៊េរីថ្មី Huawei Y9s អាចនឹងមានតម្លៃថ្លៃជាង ម៉ូឌែល Y9 Prime ខណៈ លក្ខណៈសម្បតិ្តមួយចំនួនត្រូវបានអាប់ដេតខ្លាំងជាមុន ដែលមានដូចជាផ្នែកកាមេរ៉ា និងរ៉េម ជាដើម។

 

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង