កម្មវិធី Edge Browser ស៊េរីថ្មី​នឹង​គ្មាន​មុខងារ History Sync នៅ​ពេល​ដាក់​ឲ្យ​ប្រើ​ដំបូង​ឡើយ​
ដោយ​ ៖ ឡេង | 3 ខែមុន SHARE

 

កាលពីដើមសប្ដាហ៍នេះ Microsoft បានធ្វើការប្រកាសចេញថា ក្រុមការងាររបស់ខ្លួន កំពុងតែអភិវឌ្ឍន៍លើកម្មវិធី Edge Browser អស់រយៈយូរណាស់មកដែរហើយ ព្រមទាំងបញ្ចេញរូបតំណាង Logo ថ្មីថែមទៀតផង ដើម្បីបែកខ្លួនចេញពី Internet Explorer កុំឲ្យមានអ្នកយល់ច្រឡំថា ជាកម្មវិធីតែមួយតទៅទៀត។ ចាប់តាំងពីខែមេសាមកម្ល៉េះ ដែលកម្មវិធីស៊េរីថ្មីមួយនេះ ត្រូវបានដាក់ឲ្យប្រើសាកល្បង ប៉ុន្ដែវានឹងចេញជាផ្លូវការ នៅខែមករា ឆ្នាំ 2020 ខាងមុខនេះហើយ។ ដោយឡែក របាយការណ៍ថ្មីមួយ បានចង្អុលបង្ហាញថា វានឹងគ្មានផ្ទាំង History Sync និងមុខងារផ្សេងៗមួយចំនួនទៀត នៅពេលចេញដំបូងឡើយ។

 

 

សម្រាប់ពេលបច្ចុប្បន្ននេះ យើងក៏ចាប់ផ្ដើមទទួលបាន ព័ត៌មានទាក់ទងទៅនឹង កម្មវិធីនេះជាបណ្ដើរៗហើយ ដោយវាត្រូវបានបង្កើតឡើង តាមទម្រង់របស់ប្រព័ន្ធ Chromium ដែលជារបស់កម្មវិធី Chrome Browser តែម្ដង។ ចំណែកឯចំណុចសំខាន់វិញនោះ គឺថាកម្មវិធី Edge Browser ស៊េរីថ្មីមួយនេះ នឹងគ្មានភ្ជាប់មកជាមួយមុខងារ History Syncing ឬក៏អាចនិយាយបានថា វាមិនអាចចងចាំប្រវត្តិវេបសាយ ដែលយើងចូលទស្សនា នៅលើកុំព្យូទ័រផ្សេងមួយទៀត ដែលមានគណនីតែមួយបាននោះទេ។ សូម្បីតែមុខងារ Extension Syncing សម្រាប់ការរក្សាទុកទិន្នន័យ នៃការកែច្នៃកម្មវិធី Browser របស់យើង ក៏ត្រូវអវត្តមានដូចគ្នាដែរ ដោយឡែកមុខងារ Password Syncing សម្រាប់ជួយចងចាំពាក្យសម្ងាត់ នឹងដាក់ឲ្យដំណើរការជាធម្មតា។ លើសពីនេះទៅទៀត កម្មវិធី Edge Browser ស៊េរីថ្មីមួយនេះ ក៏មិនគាំទ្រជាមួយនឹងម៉ាស៊ីន ARM64 ដែរ ដូច្នេះហើយគឺមានន័យថា កុំព្យូទ័រដើរដោយស៊ីភីយូ ARM និងជាពិសេស Surface Pro X នឹងពិបាកបើកដំណើរការវាបាន។

 

 

បើយោងទៅតាម Microsoft គឺបានបញ្ជាក់ប្រាប់ថា កម្មវិធី Edge Browser ស៊េរីថ្មីមួយនេះ នឹងដាក់បង្ហាញខ្លួនលើកដំបូង នៅថ្ងៃទី 15 ខែមករា ឆ្នាំ 2020 តាមរយៈកំណែអាប់ដេត Windows Update ហើយមកជំនួយឲ្យកម្មវិធី Microsoft Edge browser ចាស់ កំពុងតែប្រើសព្វថ្ងៃនេះ។ សម្រាប់ព័ត៌មានលម្អិតផ្សេងៗ យើងនឹងអាចទទួលបាន ដំណឹងបន្ថែមពីវានេះ នៅពេលក្រោយៗទៀត ដូច្នេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា។

ដោយ​ ៖ XDA
អត្ថបទទាក់ទង