ទូរទស្សន៍ឆ្លាតវៃ Xiaomi Mi TV 5 Pro ចេញ​ផ្លូវ​ការ មាន​កម្រាស់​ស្តើង និង​ប្រើ​អេក្រង់ QLED មាន​កម្រិត​បង្ហាញ 4K​
ដោយ​ ៖ Chiro | 8 ខែមុន SHARE

 

យើងបានដឹងហើយថា Xiaomi គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ល្បីឈ្មោះមួយ នៅក្នុងតំបន់អាស៊ី ក្រៅពីផលិតស្មាតហ្វូន ក្រុមហ៊ុនមួយនេះក៏បានផលិតឧបករណ៍អេឡិចត្រូនិចជាច្រើនទៀតផងដែរ ហើយឧបករណ៍ទាំងអស់នោះ ក៏បានចូលរួមចំណែកធ្វើឲ្យប្រជាជន មួយចំនួនធំស្គាល់ថា អ្វីទៅគឺជាបច្ចេកវិទ្យាទំនើបៗ ក្នុងពេលបច្ចុប្បន្ននេះ ព្រោះថាផលិតផលរបស់ Xiaomi ភាគច្រើន បានផ្តោតសំខាន់ទៅលើកម្រិតថវិកា ដែលធ្វើឲ្យអ្នកដែលមានលុយល្មមៗ ក៏អាចទទួលបានបទពិសោធន៍ ក្នុងការប្រើប្រាស់ឧបករណ៍ អេឡិចត្រូនិចទាន់សម័យ ដូចទៅនឹងអ្នក ដែលមានលុយច្រើនផងដែរ។

 

 

ជាក់ស្តែងទូរទស្សន៍ឆ្លាតវៃរបស់ Xiaomi ពិតជាទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់ ជាពិសេសអ្នក ដែលរស់នៅក្នុងប្រទេសចិន និងឥណ្ឌាតែម្តង ព្រោះថាវាបានបំពាក់មកជាមួយ បច្ចេកវិទ្យាល្អៗជាច្រើន អ្វីដែលកាន់តែពិសេស ថែមទៀតនោះ គឺវាមានតម្លៃសមរម្យថែមទៀតផង ហើយដើម្បីឲ្យដើរទាន់សម័យ ក៏ដូចជាបំពេញតម្រូវការ អ្នកគាំទ្រផលិតផលរបស់ខ្លួន។ កាលពីម្សិលមិញនេះ ក្រុមហ៊ុន Xiaomi ក៏បានប្រកាសចេញទូរទស្សន៍ឆ្លាតវៃ ជំនាន់ថ្មីរបស់ខ្លួន មួយម៉ូឌែលបន្ថែមទៀត នោះគឺ Xiaomi Mi TV 5 Pro។ ទូរទស្សន៍ឆ្លាតវៃ Xiaomi Mi TV 5 Pro ត្រូវបែងចែកជា 3 ទំហំ គឺ 55 អ៊ីញ, 65 អ៊ីញ និង 75 អ៊ីញ ហើយអេក្រង់ទាំង 3 នេះ គឺជាប្រភេទបន្ទះបង្ហាញ Quantum Dot QLED Display ដែលមានកម្រិតបង្ហាញ 4K ព្រមទាំងគាំទ្រកម្រិតបង្ហាញ 8K (យើងអាចយកវីដេអូ 8K មកចាក់នៅលើទូរទស្សន៍នេះបាន), បច្ចេកវិទ្យា HDR10+ ជាមួយកម្រិតទឹកពណ៌ NTSC 108%, បច្ចេកវិទ្យាសម្លេង Dolby និងបច្ចេកវិទ្យា MEMC ដែលជួយឲ្យរូបភាពកម្រិតច្បាស់ល្អ ព្រមទាំងមានចលនារអិលថែមទៀតផង។ 

 

 

ចំពោះកម្រាស់របស់វាវិញ Xiaomi Mi TV 5 Pro ទំហំ 55 អ៊ីញ មានកម្រាស់ត្រឹមតែ 5.9mm, និងម៉ូឌែលទំហំ 65 អ៊ីញ មានកម្រាស់ 6.0mm និងម៉ូឌែលទំហំ 75 អ៊ីញ មានកម្រាស់ 9.9mm លើសពីនេះទៅទៀត Mi TV 5 Pro ក៏មានគែមជុំវិញខ្លីជាង Mi TV 4 រហូតដល់ទៅ 47.1% ឯណោះ។ រីឯផ្នែកកម្លាំងម៉ាស៊ីនវិញ ទូរទស្សន៍ឆ្លាតវៃ Xiaomi Mi TV 5 Pro ទាំង 3 ម៉ូឌែល បំពាក់មកជាមួយបន្ទះឈីប Amlogic T972 ទំហំ 12nm អមមកជាមួយ RAM ទំហំ 4GB គួបផ្សំជាមួយអង្គផ្ទុកទិន្នន័យទំហំ 64GB។ ទូរទស្សន៍ឆ្លាតវៃ Xiaomi Mi TV 5 Pro ទំហំ 55 អ៊ីញ ត្រូវដាក់លក់ក្នុងតម្លៃ 537 ដុល្លារ និង 713 ដុល្លារ សម្រាប់ម៉ូឌែលទំហំ 65 អ៊ីញ រីឯ ម៉ូឌែលទំហំ 75 អ៊ីញ ត្រូវដាក់លក់ក្នុងតម្លៃ 1,425 ដុល្លារ។ គួរបញ្ជាក់តម្លៃខាងលើនេះ គឺជាតម្លៃ ដែលដាក់លក់ នៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។

 

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង