Samsung បាន​ចាប់ផ្ដើម​ដក​សាខា​ចំនួន 6 ទីតាំង​ចេញ​ពី​ទីផ្សារ​ប្រទេសចិន​
ដោយ​ ៖ Leng | 7 ខែមុន SHARE

 

របាយការណ៍ក្ដៅៗថ្មីមួយ បានធ្វើឲ្យផ្ទុះឡើងតាមរយៈ វេបសាយសារព័ត៌មាន នៅក្នុងប្រទេសចិន បន្ទាប់ពីទទួលបានដំណឹងថា Samsung បានសម្រេចចិត្តធ្វើការ ដកបុគ្គលិកចំនួនមួយភាគបី និងបិទសាខាចំនួន 6 កន្លែងចេញទីផ្សារធំមួយនេះ។ ខណៈពេលដែលបច្ចុប្បន្ននេះ Samsung មានចំនួន 11 សាខានៅក្នុងប្រទេសចិន ប៉ុន្ដែបន្ទាប់ពីដកចេញរួចទៅ គឺនៅលស់ត្រឹមតែចំនួន 5 សាខាប៉ុណ្ណោះ នេះបើយោងទៅតាមសារព័ត៌មាន Pandaily តាមរយៈប្រភពអនាមិកមួយ។

 

 

កាលពីខែតុលា ឆ្នាំ 2019 កន្លងផុតទៅមុននេះបន្ដិច ក្រុមអ្នកសារព័ត៌មាន Reuters ក៏បានចុះផ្សាយឲ្យដឹងថា Samsung បានបិទរោងចក្រផលិតស្មាតហ្វូន ចុងក្រោយរបស់ខ្លួននៅក្នុង ប្រទេសចិននេះដែរ ដោយសង្ស័យថា ព្រោះតែទីផ្សារចង្អៀតពេក បន្ទាប់ពីក្រុមហ៊ុនចិនកកើតឡើងច្រើន ហើយស្វែងរកទីផ្សារផ្សេងវិញ។ នេះអាចជាការពិតមែន ដោយមានប្រភពព័ត៌មានមួយ បានបញ្ជាក់ប្រាប់ថា Samsung មានការពិចារណាលើគម្រោង ចាត់វិធានការយ៉ាងខ្លាំងបន្ថែមទៀត ដើម្បីធ្វើការសាកល្បង និងពង្រីកទីផ្សាររបស់ខ្លួន នៅឯតំបន់អឺរ៉ុបឲ្យបានច្រើន នាពេលអនាគតខាងមុខនេះ។ ហេតុដូច្នេះហើយ ការសម្រេចចិត្តដ៏ធំនេះ ពិតជាអាចកែប្រែទិសដៅដើរ របស់ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung បាន ប៉ុន្ដែមិនមែនមានន័យថា បោះបង់ចោលទីផ្សារចិន ទាំងស្រុងនោះទេ ដោយគ្រាន់តែកាត់បន្ថយ និងលែងចង់ពឹងផ្អែកច្រើន តទៅទៀតប៉ុណ្ណោះ។

 

 

លើសពីនេះទៅទៀត ការផ្លាស់ប្ដូរសាខា ឬ ផលិតកម្មនានា ពីប្រទេសមួយទៅប្រទេសមួយទៀត គឺប្រាកដជាត្រូវចំណាយពេលយូរ និងថវិកាច្រើនផងដែរ ដូច្នេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ថាតើ Samsung នឹងគ្រប់គ្រងស្ថានភាពនេះ យ៉ាងដូចម្ដេចទៅ។ កាន់តែពិសេសទៀតនោះគឺថា តំណែងចំណាត់ថ្នាក់របស់ Samsung នឹងអាចកើនឡើងបន្ដទៀត ឬក៏ធ្លាក់ចុះនោះទេ បន្ទាប់ពីដកសាខាចេញ ចំនួនច្រើនយ៉ាងនេះ ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នា នៅពេលរបាយការណ៍ចេញផ្សាយ នាពេលខាងមុខនេះ។

ដោយ​ ៖ SamMobile
អត្ថបទទាក់ទង