iFixit បាន​ប្រាប់​ឲ្យ​ដឹង​ថា AirPods Pro មិន​អាច​ជួសជុល​បាន​ឡើយ បន្ទាប់​ពី​ដោះ​មើល​គ្រឿង​ខាង​ក្នុង​រួច​
ដោយ​ ៖ Leng | 7 ខែមុន SHARE

 

ក្រុមការងារ iFixit តែងតែមានទម្លាប់ដោះមើល គ្រឿងម៉ាស៊ីនខាងក្នុងរបស់ ផលិតផលថ្មីៗទាំងឡាយ រួចបញ្ចូលទាំងស្មាតហ្វូន, ថេប្លេត, នាឡិកាឆ្លាតវៃ និងផ្សេងៗជាច្រើនទៀត ដោយនាពេលថ្មីៗនេះ AirPods Pro ក៏ត្រូវបានពួកគេយកទៅ ត្រួតពិនិត្យមើលគុណភាពរបស់វា ប៉ុន្ដែបានរកឃើញរឿងមិនសូវល្អមួយ។ ចំពោះវីដេអូបង្ហោះដោយ iFixit បានដាក់បង្ហាញឲ្យឃើញថា AirPods Pro ត្រូវបានផលិតដោយ វត្ថុធាតុកែច្នៃឡើងវិញ ដើម្បីជួយដល់បរិស្ថាន ប៉ុន្ដែវាមិនអាចជួសជុលបានឡើយ ព្រោះតែទំហំតូចពេក និងលក្ខណៈនៃការផលិតឡើងតែម្ដង។

 

 

ស្របនឹងពេលនេះផងដែរ ក្រុមការងារ iFixit បានលើកឡើងមកថា កាសឥតខ្សែជំនាន់ចុងក្រោយនេះ ត្រូវបានរចនាឡើងមិនឲ្យជួសជុលបាន ដោយត្រូវបានបិទកាវស្អិតជាប់គ្នា ព្រមទាំងគ្មានគ្រឿងបន្លាស់ ដើម្បីយកមកផ្លាស់ប្ដូរទៅទៀត។ ហេតុដូច្នេះហើយ AirPods Pro ទទួលបានពិន្ទុបាតតារាងតែម្ដង គឺស្ថិតនៅពិន្ទុសូន្យលើដប់ (0/10) ហាក់បីដូចជា AirPods ជំនាន់មុនៗទាំងពីរអញ្ចឹងដែរ។ នេះគឺមានន័យថា AirPods Pro តម្លៃខ្ទង់ 249 ដុល្លារ (តម្លៃនៅសហរដ្ឋអាមេរិក) ដែលអ្នកទិញមកពាក់ស្ដាប់ គឺនៅពេលវាខូចផ្នែកអ្វីមួយ នឹងមិនអាចជួសជុលបាននោះឡើយ សូម្បីតែក្រុមហ៊ុន Apple ខ្លួនឯង ដោយលើកលែងតែថ្មប៉ុណ្ណោះ អាចផ្លាស់ប្ដូរបាននៅហាង Apple Store ជាមួយនឹងតម្លៃ 49 ដុល្លារ សម្រាប់ការធានាកាសមួយគ្រឿង។ ដោយសារតែ AirPods Pro បានរូបរាងខុសគ្នាទៅនឹង ជំនាន់ពីមុនៗមក ដូច្នេះហើយផ្នែកខាងក្នុងក៏ខុសគ្នាដែរ ហើយទម្ងន់ក៏ធ្ងន់ជាង AirPods ជំនាន់ដើម ព្រោះតែមានបំពាក់មុខងារ កាត់បន្ថយសម្លេងរំខាន និងមីក្រូហ្វូនថ្មីផងដែរ។

 

***សូមទស្សនាវីដេអូខាងក្រោមនេះ ដែលដាក់បង្ហាញពីការដោះគ្រឿងម៉ាស៊ីន AirPods Pro ៖

 

 

មិនត្រឹមតែប៉ុណ្ណេះនោះទេ ដោយជ័រញ៉ុកត្រចៀក ក៏ត្រូវបានផលិតពី Apple ផ្ទាល់តែម្ដង ដូច្នេះវាមិនត្រូវគ្នាជាមួយ កាសប្រភេទបែបនេះ ផ្សេងៗទៀតនោះទេ ហើយយើងត្រូវទិញពីហាង Apple Store បើសិនជាវាឡើងពណ៌ចាស់ ឬ ប្រលាក់ជាដើម។ បន្ទាប់ពីអានអត្ថបទនេះ និងទស្សនាវីដេអូខាងលើហើយ ប្រិយមិត្តទាំងអស់គ្នា បានដឹងច្បាស់ហើយថា មុននឹងសម្រេចចិត្តទិញ AirPods ឬ AirPods Pro គឺវាមិនអាចជួសជុលបានឡើយ ដោយឡែក ត្រូវតម្រូវឲ្យទិញថ្មីមួយទៀត ប្រសិនបើវាខូចម្ដងៗ។

ដោយ​ ៖ Beebom
អត្ថបទទាក់ទង