Switch Lite បានជួយ​អោយ Nintendo កើនការលក់​ជាង 50% បន្ថែម​ទៀត​ក្នុង​ត្រីមាស​ទី 3​
ដោយ​ ៖ Kongkit | 7 ខែមុន SHARE

 

នាពេលថ្មីៗនេះ Nintendo បានធ្វើការបង្ហាញពីចំនួន នៃការលក់ឧបករណ៍ Switch របស់ខ្លួន នៅចន្លោះខែកក្កដា និងខែកញ្ញា ដែលបានលក់បានចំនួនច្រើនដល់ទៅចំនួន 4.8 លានគ្រឿង និងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ច្រើនជាង 50 ភាគរយឯណោះ។ មិនត្រឹមប៉ុណ្ណោះ មានការនាំចេញចំនួន 41.67 លានគ្រឿង ត្រូវបានដឹកជញ្ជូនទៅកាន់ទីផ្សារជាច្រើន នៅជុំវិញពិភពលោក បើគិតត្រឹមថ្ងៃទី 30 ខែកញ្ញាកន្លងទៅនេះ។

 

 

មានន័យថាឧបករណ៍ Switch ប្រាកដជានឹងយកឈ្នះលើ SNES នៅក្នុងរដូវវិស្សមកាលនេះជាក់ជាមិនខាននោះទេ ដើម្បីក្លាយឧបករណ៍ Console ដែលមានការពេញនិយមខ្លាំងបំផុតទី 2 របស់ក្រុមហ៊ុន Nintendo ផងដែរ។ ជាក់ស្ដែង ក្នុងត្រីមាសទី 3 នៃឆ្នាំ 2019 នេះ យើងបានមើលឃើញថា Nintendo ក៏បានប្រកាសចេញ Switch Lite ស៊េរីថ្មី ជាផ្លូវការ យ៉ាងណាគួរអោយសោកស្ដាយដែរ ដោយសារ វាមិនអាចភ្ជាប់ទៅទូរទស្សន៍ ឬហូតចេញប៊ូតុង សម្រាប់បញ្ជាបាន ដូចជំនាន់មុនទៀតឡើយ ពីព្រោះគ្រឿងទាំងអស់ របស់វា ដែលធ្លាប់អាចធ្វើការ ផ្លាស់ប្តូរទាំងអស់នោះ នៅជាប់ជាមួយ នឹងតួខ្លួនរបស់វាតែម្តង។ ប៉ុន្តែ វាមានតម្លៃសមរម្យជាង Switch ធម្មតា 100 ដុល្លារ ដែលវាមានតម្លៃត្រឹមតែ 199.99 ដុល្លារប៉ុណ្ណោះ។ លើសពីនេះទៅទៀត បើគិតមកទល់ពេលនេះ Switch Lite ទទួលបានការលក់ចេញចំនួន 1.85 លានគ្រឿងហើយ ខណៈពេលដែល Switch ធម្មតា ដែលទទួលបានកការកែប្រែថ្មី ជាមួយនឹងថាមពលថ្មល្អជាងមុន លក់បាន 2.85 លានគ្រឿង ផងដែរ។

 

 

មួយវិញទៀត Nintendo បានបន្តដាក់លក់ហ្គេមផ្ដាច់មុខរបស់ខ្លួន សម្រាប់ឧបករណ៍ Switch ហើយក្នុងត្រីមាសនេះ ការលក់ហ្គេមនេះ ហាក់បីដូចជាទទួលបានភាពជោគជ័យខ្លាំង ដោយហ្គេម Fire Emblem: Three Houses លក់បានចំនួន 2.29 លាន និងហ្គេម The Legend of Zelda: Link’s Awakening គឺលក់បានដល់ទៅ 3.13 លានឯណោះ។ ក្រៅពីនេះទៅទៀត សម្រាប់ Switch Lite ប្រភេទ Pokémon Special Edition នឹងត្រូវបានប្រកាសចេញនៅថ្ងៃស្អែក ក្នុងប្រទេសជប៉ុន និងសម្រាប់ទីផ្សារផ្សេងទៀត ត្រូវចាំដល់ថ្ងៃទី 8 ខែវិច្ឆិកា ឆាប់ៗខាងមុខនេះ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង