Apple អាច​រក​ប្រាក់​ចំណូល​បាន​ដល់​ទៅ 64 ពាន់​លាន​ដុល្លារ​ឯណោះ សម្រាប់​ត្រី​មាស​ទី 4 ចុង​ក្រោយ​នេះ​
ដោយ​ ៖ Leng | 8 ខែមុន SHARE

 

ចាប់តាំងពីលើកមុនមក គឺអស់រយៈពេល 3 ខែរួចមកហើយ ដែល Apple បានធ្វើការរាយការណ៍អំពី ប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួន ដូច្នេះឥឡូវនេះ មកដល់ពេលទៀតហើយ ដោយត្រូវដាក់បង្ហាញ លទ្ធផលទទួលបាន ចំពោះត្រីមាសទី 4 នៃឆ្នាំ 2019 នេះ។ កាលពីម្សិលមិញនេះ Apple បានបង្ហោះរបាយការណ៍ នៅលើវេបសាយផ្លូវការ របស់ខ្លួនផ្ទាល់តែម្ដងថា ខ្លួនទទួលបានប្រាក់ចំណូល សរុបចន្លោះពីចំនួន 61 ពាន់លានដុល្លារ ទៅ 64 ពាន់លានដុល្លារ សម្រាប់រយៈពេល 3 ខែចុងក្រោយនេះ ដោយប្រៀបធៀបទៅនឹងចំនួន 62.9 ពាន់លានដុល្លារ រកបាននៅត្រីមាសដដែល ក្នុងឆ្នាំមុន គឺមានការកើនឡើងបន្ដិច។

 

 

ចំពោះតួលេខទាំងអស់នេះ គឺគ្រាន់តែជាប្រាក់ចំណូលប៉ុណ្ណោះ ខណៈពេលដែល បើគិតទាំងថ្លៃចំណាយ លើការសិក្សាស្រាវជ្រាវ, កម្លាំងពលកម្ម និងផ្សេងៗទៀតវិញនោះ បានដាក់បង្ហាញឲ្យឃើញថា Apple អាចទទួលបាន ប្រាក់ចំណេញសរុបចំនួន 13.69 ពាន់លានដុល្លារដែរ ហើយវាបូករួមបញ្ចូល គ្រប់ផលិតផលទាំងអស់។ បើកាន់តែលម្អិតទៀតនោះ Apple មិនលាក់បាំងទៀតទេថា ប្រាក់ចំណូលពីការលក់ iPhone គឺទទួលបានចំនួន 33 ពាន់លានដុល្លារ ហើយប្រាក់ចំនួន 7 ពាន់លានដុល្លារ ទទួលបានពីកុំព្យូទ័រត្រកូល Mac រីឯប្រាក់ចំណូលពី iPad ត្រូវបានរកឃើញថាមានចំនួន 17% ឡើងខ្ពស់ជាងមុន ដែលទទួលបានចំនួន 4.66 ពាន់លានដុល្លារ ផងដែរ។ លើសពីនេះទៅទៀត សម្រាប់ផលិតផលផ្សេងៗទៀត រួមមានដូចជានាឡិកាឆ្លាតវៃ Apple Watch និងបាសបំពងសម្លេងឆ្លាតវៃ HomePod អាចរកប្រាក់ចំណូលឲ្យ Apple បានដល់ទៅ 6.52 ពាន់លានដុល្លារ ច្រើនជាងរថប្លេតរបស់ខ្លួនទៅទៀត។

 

 

ពិតប្រាកដណាស់ ចំនួននៃប្រាក់ចំណូលរបស់ Apple ប្រចាំត្រីមាសទី 4 ក្នុងឆ្នាំ 2019 ចុងក្រោយនេះ ប្រទះឃើញថាទទួលបានច្រើន និងលើសកាលពីឆ្នាំមុន ដល់ទៅចំនួន 2% ថែមទៀតផង ប៉ុន្ដែអ្វីដែលពិសេសនោះគឺថា វាមិនបូករួមទាំងការលក់បានពី iPhone 11 Series ថ្មីៗនេះឡើយ ដោយទាល់តែត្រីមាសទី 1 នៃឆ្នាំ 2020 ទើបដាក់បញ្ចូលជាមួយ។ ប្រិយមិត្តទាំងអស់គ្នា ក៏អាចចូលទៅអាន របាយការណ៍ទាំងមូល នៃប្រាក់ចំណូល ប្រចាំត្រីមាសទី 4 នៃឆ្នាំ 2019 នេះ នៅលើវេបសាយរបស់ Apple ផ្លូវការផ្ទាល់តែម្ដង ឬ សូមចុចត្រង់នេះ ក៏បានដែរ។

ដោយ​ ៖ 9to5Mac
អត្ថបទទាក់ទង