AirPods Pro ចេញជាផ្លូវការ : រូបរាងថ្មី និងភ្ជាប់មកជាមួយបច្ចេកវិទ្យាទប់សម្លេងរំខាន ជាមួយតម្លៃ 249 ដុល្លារ​
ដោយ​ ៖ Chiro | 11 ខែមុន SHARE

 

បន្ទាប់ពីទទួលបានព័ត៌មានបែកធ្លាយជាច្រើន ដែលនិយាយទាក់ទងទៅនឹងលក្ខណៈសម្បត្តិរបស់កាសឥតខ្សែ AirPods ជំនាន់ថ្មីចុងក្រោយគេបង្អស់ Apple រួចមក។ នៅទីបំផុតកាលពីយប់មិញនេះ ក្រុមហ៊ុន Apple ក៏បានប្រកាសចេញកាសឥតខ្សែ AirPods ជំនាន់ថ្មីរបស់ខ្លួនពិតមែន ហើយវាមានឈ្មោះជាផ្លូវការថា AirPods Pro។ 

 

 

កាសឥតខ្សែ AirPods Pro ត្រូវបានរចនាឡើងជាមួយរូបរាងថ្មីខុសពី AirPods ជំនាន់មុនៗ។ វាបានបំពាក់មកជាមួយបន្ទះឈីប H1 ដែលមាន Audio Cores រហូតដល់ទៅ 10 សម្រាប់ទ្រទ្រង់មុខងារ Siri, Active Noise Cancellation និងជួយឲ្យការបញ្ចេញសម្លេងកាន់តែល្អជាងមុន។ វាក៏បានភ្ជាប់មកជាមួយ Microphones សម្រាប់ធ្វើការចាប់យកសម្លេងពីខាងក្រៅ បន្ទាប់មកវានឹងធ្វើការទប់ស្កាត់សម្លេងទាំងនោះមិនឲ្យចូលរំខានត្រចៀករបស់យើងនោះទេ។ ប្រព័ន្ធទប់សម្លេងរំខានរបស់ AirdPods Pro មានដំណើរការស្រដៀងទៅនឹងប្រព័ន្ធទប់សម្លេងរំខានដែលមាននៅក្នុង Beats Solo Pro ជំនាន់ថ្មីអញ្ចឹងផងដែរ ខុសគ្នាត្រង់ទំហំតែប៉ុណ្ណោះ។ បើយោងទៅតាមការបញ្ជាក់របស់ Apple បាននិយាយថា បច្ចេកវិទ្យាទប់សម្លេងរំខានរបស់វាធ្វើការរហូតដល់ទៅ 200 ដងក្នុង 1 វិនាទី ឯណោះ។ AirPods Pro ក៏បានភ្ជាប់មកជាមួយមុខងារ Transparency Mode ដែលទុកសម្រាប់អនុញ្ញតឲ្យអ្នកប្រើប្រាស់អាចធ្វើការស្តាប់ឮពីសម្លេងដែលនៅជុំវិញខ្លួន ខណៈពេលដែលគកំពុងតែពាក់កាស AirPods Pro នៅក្នុងត្រចៀករបស់ពួកគេផងដែរ។ ក្រៅពីនោះ AirPods Pro ក៏បានបំពាក់មកជាមួយសេនស័រសម្គាល់សម្ពាធ “Force Touch” ដែលប្រើសម្រាប់ធ្វើការគ្រប់គ្រងកម្រិតសម្លេង និងសម្រាប់បើកដំណើការមុខងារ Transparency Mode ផងដែរ។

 

 

លើសពីនេះទៅទៀត AirPods Pro ក៏បានភ្ជាប់មកជាមួយមុខងារពិសេសមួយដែលមានឈ្មោះថា “Adaptive EQ” ដែលមានតួនាទីធ្វើការកែតម្រូវសាច់សម្លេងរបស់ចម្រៀងឲ្យត្រូវទៅតាមទម្រង់ត្រចៀករបស់អ្នកថែមទៀតផង។ នៅក្នុងប្រអប់របស់ AirPods Pro បានភ្ជាប់មកជាមួយឆ្នុកជ័រ (Silicone Tip) ចំនួន 3 ទំហំខុសៗគ្នា ដើម្បីទុកតម្រូវទៅតាមទម្រង់ត្រចៀករបស់អ្នកប្រើប្រាស់ ហើយអ្វីដែលកាន់តែពីសេសថែមទៀតនោះ បើតាមការអះអាងរបស់ Apple បាននិយាយថាកម្មវិធីធ្វើតេស្តសម្លេងនឹងជួយប្រាប់ទៅដល់អ្នកប្រើប្រាស់ថា តើពួកគេគួរតែប្រើប្រាស់ Silicone Tip មួយណាទើបសមនឹងទម្រង់ត្រចៀករបស់ពួកគេ វាដំណើរការទៅបានដោយធ្វើការវាស់ស្ទង់កម្រិតសម្លេងនៅក្នុងត្រចៀករបស់អ្នកប្រើប្រាស់ បន្ទាប់មកធ្វើការប្រៀបធៀបជាមួយកម្រិតសម្លេងដែលបញ្ចេញដោយគ្រឿងបញ្ចេញសម្លេងរបស់ AirPods Pro។

 

 

ដូចទៅនឹងកាស AirPods ជំនាន់មុនដែរ ដោយ AirPods Pro ក៏បានភ្ជាប់មកជាមួយ Case ដែលអាចសាកថ្មទៅឲ្យ AirPods Pro បានចំនួន 24 ម៉ោងបន្ថែមទៀត ហើយ Case នេះក៏ទ្រទ្រង់បច្ចេកវិទ្យាសាកថ្មឥតខ្សែផងដែរ។ Apple បាននិយាយថា AirPods Pro អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើការស្តាប់តន្ត្រីជាប់បានរយៈពេល 4 ម៉ោងកន្លះ (អាចស្តាប់បានរហូតដល់ទៅ 5 ម៉ោងបើយើងបិទមុខងារ Active Noise Cancellation និង Transparency)។ មិនទាន់អស់នោះទេ AirPods Pro ក៏បានភ្ជាប់មកជាបច្ចេកវិទ្យាការពារញើស និងធន់នឹងទឹកផងដែរ។ អ្វីដែលគួរឲ្យសោកស្តាយនោះគឺ AirPods Pro នៅតែប្រើប្រាស់រន្ធសាកថ្មប្រភេទ Lightning ដដែល ប៉ុន្តែវាក៏បានបន្ថែមមកជាមួយខ្សែ USB-C ទៅ Lightning នៅក្នុងប្រអប់ស្រាប់តែម្តង ដើម្បីទុកប្រើជាមួយឆ្នាំងសាករបស់ iPhone 11 Pro Series។ AirPods Pro មានជម្រើសពណ៌តែមួយគត់ នោះគឺពណ៌ស ហើយ Apple ដាក់លក់កាសឥតខ្សែ AirPods Pro ជំនាន់ថ្មីនេះក្នុងតម្លៃ 249 ដុល្លារ លោកអ្នកអាចធ្វើការកុម្មង់ទិញវាចាប់ពីពេលនេះតទៅតាមរយៈគេហទំព័ររបស់ Apple ហើយវានឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 30 ខែតុលា ខាងមុខនេះតែម្តង។

 

 

 

***សូមទស្សនាវីដេអូខាងក្រោម ៖

 

 

ដោយ​ ៖ Apple
អត្ថបទទាក់ទង