ក្រុមហ៊ុន​មួយ​កំពុង​បង្កើត​ម៉ាស៊ីន​រថយន្ដ ដោយ​ចាក់​ត្រឹម​តែ​ទឹក​លាយ​ជាតិ​អាល់​កុល​ប៉ុណ្ណោះ​
ដោយ​ ៖ Leng | 3 ខែមុន SHARE

 

ខណៈពេលដែល ក្រុមហ៊ុនផលិតរថយន្ដជាច្រើន ចាប់ផ្ដើមឆ្ពោះគោលដៅទៅកាន់ យានយន្ដអគ្គិសនីជាបណ្ដើរៗហើយ ដោយឡែក មានក្រុមហ៊ុនមួយឈ្មោះថា MayMaan Research បានអះអាងបញ្ជាក់ថា ខ្លួនកំពុងតែបង្កើត ប្រព័ន្ធម៉ាស៊ីនថ្មីមួយ ដែលអនុញ្ញាតឲ្យយើងចាក់ ទឹកធម្មតា លាយជាមួយនឹងជាតិអាល់កុល ដើម្បីជំនួសឲ្យសាំងបាន។ ការធ្វើតាមបែបនេះ គឺត្រូវបានរំពឹងទុកថា អាចជួយសន្សំថវិកាបានច្រើន សម្រាប់អ្នកបើកបរយានយន្ដទាំងឡាយ ព្រមទាំងមិនសូវប៉ះពាល់ដល់ បរិស្ថានច្រើននោះឡើយ។

 

 

បើយោងទៅតាមក្រុមហ៊ុនមួយនេះ បានបញ្ជាក់ប្រាប់ឲ្យដឹងថា គ្រាន់តែការបូកផ្សំគ្នានៃទឹកចំនួន 70% ជាមួយនឹងធាតុអេតាណុល ឬក៏ជាតិអាល់កុលផ្សេងៗទៀត ចំនួន 30% ប៉ុណ្ណោះ ដើម្បីបំពេញកម្លាំងថាមពល របស់ម៉ាស៊ីនមួយនេះ ដោយមិនតម្រូវឲ្យចាក់ ប្រេងសាំងឬម៉ាស៊ូតទេ។ ចំណែកឯផលប្រយោជន៍វិញ នោះគឺថាជួយសន្សំប្រាក់លើ ថ្លៃសាំងរហូតដល់ទៅ 50% និងជួយដល់បវិយាកាសចំនួន 60% ល្អជាងការប្រើសាំងឬម៉ាស៊ូត កំពុងប្រើប្រាស់សព្វថ្ងៃនេះ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន MayMaan បានបង្កើតម៉ាស៊ីនគម្រូប្រភេទនេះ បានដល់ទៅចំនួនបួន រួចមកហើយ ដែលរួមបញ្ចូលទាំង ម៉ាស៊ីនរថយន្ដ, ម៉ាស៊ីនភ្លើង និងម៉ាស៊ីនផ្សេងៗទៀត។ ការបង្កើតឡើងនូវក្រុមហ៊ុន MayMaan Research នេះ គឺត្រូវបានចាប់ផ្ដើមដោយ វិស្វករម្នាក់អាយុ 81 ឆ្នាំ ដែលត្រូវជាលោក Yehuda Shmueli ហើយកូនប្រុសទាំងពីររបស់គាត់ ក៏បានជួយលើគម្រោងបង្កើតនេះ ផងដែរ។ ប្រសិនបើជាគាត់បានបង្កើតម៉ាស៊ីនគម្រូនេះ បានសម្រេចពិតមែនក្ដី ប៉ុន្ដែមិនទាន់ឃើញមាន ក្រុមហ៊ុនរថយន្ដណាមួយ មកចូលវិនិយោគនៅឡើយទេ។

 

 

ពិតប្រាកដណាស់ បើស្ដាប់ទៅម៉ាស៊ីនថ្មីមួយនេះ មានភាពអស្ចារ្យមែនទែន និងអាចជួយដល់បរិស្ថាន ល្អប្រសើរជាងសព្វថ្ងៃនេះ ប្រៀបដូចទៅនឹង យានយន្ដអគ្គិសនីអញ្ចឹងដែរ ដោយលុបបំបាត់រាល់ប្រេងសាំង និងម៉ាស៊ូតបានច្រើនភាគរយ ប៉ុន្ដែវាកំពុងស្ថិតក្នុង លក្ខណៈគម្រូប៉ុណ្ណោះ ដូច្នេះហើយមានន័យថា យើងត្រូវរង់ចាំរៀងយូរបន្ដិចទៀត។ យ៉ាងណាក៏ដោយ វាគឺជាដំណឹងដ៏ល្អមួយថា នាពេលអនាគតខាងមុខនេះ យើងកាន់តែលែង បំផ្លាញធម្មជាតិ តទៅទៀតហើយ និងសន្សំថវិកាបានច្រើន ផងដែរ។

ដោយ​ ៖ Beebom
អត្ថបទទាក់ទង