Xperia 5 ប្រហែល​ជា​ស្មាតហ្វូន​លំដាប់​កំពូល​ចុង​ក្រោយ​របស់ Sony ហើយ ដែល​ប្រើ​ប្រាស់​សេវា 4G​
ដោយ​ ៖ Chiro | 7 ខែមុន SHARE

 

យើងបានដឹងហើយថាសេវា 5G គឺជាបច្ចេកវិទ្យាថ្មីមួយដែលត្រៀមខ្លួននឹងវាយលុកចូលទៅក្នុងវិស័យបច្ចេកវិទ្យានៅពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ជាក់ស្តែងក្នុងឆ្នាំ 2019 នេះយើងសង្កេតឃើញថា ក្រុមហ៊ុនផលិតស្មាតហ្វូនល្បីៗជាច្រើន បានចាប់ផ្តើមនាំយកបច្ចេកវិទ្យាសេវា 5G នេះ ទៅបំពាក់នៅលើស្មាតហ្វូនលំដាប់កំពូល របស់ខ្លួនជាបណ្តើរៗហើយ ក្នុងនោះរួមមានដូចជា ក្រុមហ៊ុន Samsung, Huawei, OnePlus, Xiaomi, OPPO ជាដើម ហើយក៏មានក្រុមហ៊ុនធំៗជាច្រើនទៀត កំពុងតែដុតដៃដុតជើង ធ្វើតេស្តដើម្បីនាំយកបច្ចេកវិទ្យាមួយនេះ យកទៅបំពាក់នៅលើស្មាតហ្វូនរបស់ខ្លួន ដែលត្រៀមនឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ 2020 ខាងមុខនេះ ផងដែរ។

 

 

ជុំវិញរឿងរ៉ាវក្រុមហ៊ុនល្បីៗមួយចំនួនកំពុងតែត្រៀមខ្លួនយកបច្ចេកវិទ្យា 5G ទៅបំពាក់នៅលើស្មាតហ្វូនរបស់ខ្លួនក្នុងឆ្នាំ 2020 នេះ យើងក៏ទើបទទួលបានព័ត៌មានថ្មីមួយ ដែលនិយាយទាក់ទងពីវាផងដែរ។ បើយោងទៅតាមរបាយការណ៍ថ្មីមួយ ដែលបានរាយការណ៍ដោយគេហទំព័រ របស់ជប៉ុនមួយដែលមានឈ្មោះថា Sumahoinfo បាននិយាយថាស្មាតហ្វូន Xperia 5 ដែលទើបតែប្រកាសចេញ ជាផ្លូវការកាលពីពេលថ្មីៗនេះ ប្រហែលជាស្មាតហ្វូនលំដាប់កំពូលចុងក្រោយ របស់ក្រុមហ៊ុន Sony ហើយដែលប្រើប្រាស់សេវា 4G ព្រោះថា គ្រប់ស្មាតហ្វូនលំដាប់កំពូលរបស់ Sony ដែលត្រៀមនឹងបង្ហាញខ្លួន នាពេលអនាគត នឹងបំពាក់មកជាមួយបច្ចេកវិទ្យាសេវា 5G ទាំងអស់។ ប្រភពបន្តទៀតថា ចំណែកឯស្មាតហ្វូនលំដាប់ថវិកា និងស្មាតហ្វូនលំដាប់មធ្យមរបស់ Sony ដែលបង្ហាញខ្លួន នាពេលខាងមុខ នៅតែបន្តភ្ជាប់មកជាមួយសេវា 4G ដូចកាលពីមុនផងដែរ។

 

 

គួររំលឹកផងថា បើយោងទៅតាមព័ត៌មានដែលបានចុះផ្សាយកាលពីពេលកន្លងបាននិយាយថានៅដើមឆ្នាំ 2020 ខាងមុខនេះ ក្រុមហ៊ុន Sony នឹងធ្វើការប្រកាសចេញ ស្មាតហ្វូនលំដាប់កំពូល Xperia ជំនាន់ថ្មីចុងក្រោយរបស់ខ្លួន ដែលបំពាក់មកជាមួយបច្ចេកវិទ្យា 5G ហើយចំពោះមូលហេតុ នៅពីក្រោយខ្នងនៃការប្រកាសចេញ Xperia 5G នេះ គឺមកពីក្រុមហ៊ុនផ្តល់សេវាទូរសព្ទ ដែលមានឈ្មោះថា DoCoMo នឹងធ្វើការបើកដំណើរការសេវាកម្ម 5G របស់ខ្លួនទៅឲ្យអ្នកប្រើប្រាស់ ដែលរស់នៅក្នុងប្រទេសជប៉ុន អាចប្រើប្រាស់សេវា 5G នេះបាន នៅដើមឆ្នាំ 2020 នេះដូចគ្នា។ អញ្ចឹងសរុបមកវិញ នៅឆ្នាំក្រោយនេះ យើងអាចនឹងឃើញវត្តមានរបស់ស្មាតហ្វូន លំដាប់កំពូលជាច្រើន នឹងបំពាក់មកជាមួយបច្ចេកវិទ្យា 5G ស្រាប់តែម្តង។ ជាចុងក្រោយ ខ្ញុំសង្ឃឹមថានៅឆ្នាំក្រោយនេះ ក្រុមហ៊ុនដែលផ្តល់សេវាកម្មទូរសព្ទធំៗ នៅក្នុងប្រទេសរបស់យើង នឹងនាំយកបច្ចេកវិទ្យា 5G មួយនេះមកផងទៅចុះ ដើម្បីឲ្យប្រជាជនយើងទទួលបានបទពិសោធន៍ ប្រើប្រាស់បច្ចេកវិទ្យាមួយនេះ ដូចប្រទេសផ្សេងៗដែរ។

 

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង