Xiaomi​ នឹង​បញ្ចេញ​ស្មាតហ្វូន​ 5G​ ចំនួន ​10 ​ម៉ូឌែល ​នៅ​ក្នុង​ឆ្នាំ​ក្រោយ​​
ដោយ​ ៖ Ratanak | 7 ខែមុន SHARE

 

ពីមួយថ្ងៃទៅមួយថ្ងៃ បច្ចេកវិទ្យា 5G កាន់តែរីកចម្រើនឡើង ឥតឈប់ឈរ ដោយក្រុមហ៊ុនជាច្រើន កំពុងតែចាប់អារម្មណ៍ក្នុងការទិញ បណ្តាញអ៊ីនធើណេតល្បឿនលឿននេះ មកបំពាក់នៅលើឧករណ៍របស់ខ្លួន ចំណែកឯក្រុមហ៊ុន ដែលជាអ្នកអភិវឌ្ឍន៍ បច្ចេកវិទ្យានេះវិញ ក៏កំពុងតែព្យាយាមពង្រីកទីផ្សារ បន្ថែមទៀតផងដែរ។ មិនខុសទេ ដោយសារវាមានគុណសម្បត្តិច្រើន អញ្ចឹងហើយ ទើប Xiaomi បានធ្វើការបង្ហាញ កាលពីម្សិលមិញនេះថា ខ្លួននឹងបញ្ចេញស្មាតហ្វូន ដែលប្រើប្រាស់ 5G ជាច្រើនម៉ូឌែល នៅក្នុងឆ្នាំក្រោយ។

 

 

ប្រាកដណាស់ បើតាមការបង្ហាញរបស់ លោក Lei Jun បានឲ្យដឹងថា Xiaomi មានគម្រោងក្នុងការបញ្ចេញស្មាតហ្វូន ដែលដំណើរការដោយប្រព័ន្ធ 5G ចំនួន 10 ម៉ូឌែល នៅក្នុងឆ្នាំក្រោយហើយវាមិនមែនមានតែ នៅលើស្មាតហ្វូនលំដាប់កំពូល នោះឡើយ ពោលគឺលោកបានបញ្ជាក់ថា ស្មាតហ្វូនដែលប្រើប្រាស់ សេវាអ៊ីនធើណេតនេះ នឹងមានគ្រប់កម្រិតទាំងអស់ មិនថាជាលំដាប់កំពូល បង្គួរ ឬមួយក៏លំដាប់មធ្យមនោះទេ។ មួយវិញទៀត លោកក៏បានជឿជាក់ថា នៅក្នុងឆ្នាំក្រោយ ចំនួននៃការលក់ស្មាតហ្វូន 4G នឹងមានការធ្លាក់ចុះ ដោយសារតែមានកំណើន ចំពោះម៉ូឌែល 5G ព្រមទាំងបន្ថែមទៀតថា 5G នឹងធ្វើឲ្យសង្គមកាន់តែមានការរីកចម្រើន ទាំងទៅលើការទំនាក់ទំនង ក៏ដូចជាផ្នែកផ្សេងៗទៀតផងដែរ។ គួរបញ្ជាក់ដែរថា នៅក្នុងការប្រើប្រាស់បណ្តាញ 5G នេះ វាពិតជាមានប្រយោជន៍ កាន់តែប្រសើរជាងមុន ជាពិសេស វាអាចដំណើការបាន ទៅលើការមើលវីដេអូ ដែលមានគុណភាពខ្ពស់ ព្រមទាំងអាចប្រើប្រាស់បានយ៉ាងរលូន ជាមួយសេវាកម្ម Cloud game ទៀតផង។

 

 

ដូច្នេះហើយ បើតាមការរៀបរាប់ខាងលើ Xiaomi មានគម្រោងក្នុងការ បញ្ចេញស្មាតហ្វូន ដែលប្រើប្រាស់បណ្តាញ 5G ចំនួន 10 ម៉ូឌែល ព្រមទាំងមានគ្រប់កម្រិត មិនថាជាលំដាប់កំពូល បង្គួរ ឬមួយក៏លំដាប់មធ្យមនោះឡើយ ហើយក៏អាចបញ្ជាក់បានថា តម្លៃលែងក្លាយជាបញ្ហា សម្រាប់អ្នកដែលចង់ប្រើប្រាស់ ស្មាតហ្វូន 5G តទៅទៀតហើយ។ អញ្ចឹងចាប់ពីឆ្នាំក្រោយនេះទៅ អ្នកប្រើប្រាស់ជាច្រើន នៅក្នុងពិភពលោកនេះ នឹងកាន់តែមានភាពទូលំទូលាយជាងមុន ក្នុងការ ប្រើប្រាស់សេវា 5G ហើយក៏សង្ឃឹមថា ដល់ពេលនោះ នៅក្នុងប្រទេសយើង នឹងមានបច្ចេកវិទ្យានេះ ប្រើប្រាស់យ៉ាងទូលំទូលាយ ផងទៅចុះ។

ដោយ​ ៖ Giz China
អត្ថបទទាក់ទង