តើ​អាច​ទៅ​រួច​ទេ​ថា Huawei MediaPad M7 ជា​ថេប្លេត​មាន​កាមេរ៉ា​ទម្លុះ​អេក្រង់​ដំបូង​គេ​បង្អស់?​
ដោយ​ ៖ Leng | 8 ខែមុន SHARE

 

ខណៈពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតស្មាតហ្វូនភាគច្រើន តែងតែព្យាយាមស្វែងរក ដំណោះស្រាយធ្វើយ៉ាងណា ដើម្បីឲ្យឧបករណ៍របស់ពួកគេ នៅសល់គែមអេក្រង់តិច ក៏ព្រមទាំងរកកន្លែងថ្មី សម្រាប់ដាក់កាមេរ៉ាខាងមុខ ថែមទៀតផង ដោយមួយចំនួនប្រើប្រាស់ ការឌីហ្សាញបែបថ្ងាសឆក ហើយខ្លះទៀតកាមេរ៉ាហូតឡើង និងកាមេរ៉ាទម្លុះអេក្រង់ ជាដើម។ ដូចដែលយើងបានឃើញអញ្ចឹង បន្ទាប់ពីមានចំនួនច្រើនពេក នៃការជ្រើសរើសយក ថ្ងាសឆកលើស្មាតហ្វូនស៊េរីថ្មីៗ ដូច្នេះពួកគេក៏ចាប់ផ្ដើម មានចំណាប់អារម្មណ៍បែរទៅរក កាមេរ៉ាទម្លុះអេក្រង់វិញតែម្ដង។ ចំពោះស្មាតហ្វូនដែលមាន ប្រជាប្រិយភាពបំផុត លើការឌីហ្សាញបែបនេះគឺ Galaxy S10 Series និង Galaxy Note 10 Series ប៉ុន្ដែនាពេលខាងមុខនេះ Huawei នឹងយកវាទៅបំពាក់នៅលើ ថេប្លេតជំនាន់ក្រោយរបស់ខ្លួនហើយ។

 

 

របាយការណ៍ថ្មីមួយ រួមមានទាំងរូបភាព 1 សន្លឹកបង្ហាញឲ្យឃើញថា Huawei កំពុងតែត្រៀមធ្វើការ ប្រកាសចេញនូវ ថេប្លេតជំនាន់ថ្មីម៉ូឌែល MediaPad M7 ដែលមានការឌីហ្សាញ អេក្រង់លាតពេញ នៅសល់គែមអេក្រង់តិចបំផុត ស្រដៀងគ្នាទៅនឹង iPad Pro ហើយមានសន្ទះខាងក្រោយដូចជា Galaxy Tab S6 បន្ដិចបន្ដួចដែរ។ យ៉ាងណាក៏ដោយ ថេប្លេតស៊េរីថ្មីមួយនេះ នឹងមានបំពាក់កាមេរ៉ាទំម្លុះអេក្រង់ លើកដំបូងបង្អស់ មិនធ្លាប់ឃើញមានពីមុនមកឡើយ ហើយក៏រំពឹងទុកថា ប្រើប្រាស់នូវបច្ចេកវិទ្យា ស្កេនម្រាមដៃក្រោមអេក្រង់ ថែមទៀតផង។ ប្រភពដដែលបញ្ជាក់ឲ្យដឹងថា MediaPad M7 នេះ នឹងមានសេនស័រកាមេរ៉ាភ្លោះ ប៉ុន្ដែមិនទាន់ដឹងថាទំហំទេ ជាមួយភ្លើងជំនួយ LED Flash ទុកសម្រាប់ថតពេលងងឹត ព្រមទាំងមានរន្ធប្រភេទ USB Type-C, គ្មានរន្ធដាតកាស 3.5mm និងអាចប្រើជាមួយប៊ិចបាន។ បើយោងទៅតាម រូបភាពលេចធ្លាយនេះ គឺបង្ហើបឲ្យដឹងមុនថា វានឹងអាចឆក់ជាប់ជាមួយ ក្ដារចុចឆ្លាតវៃ ហើយនិងប៊ិច M-Pen បានតែម្ដង ដើម្បីធ្វើការងាយស្រួល តភ្ជាប់ជាមួយគ្នា ក៏ដូចជាសាកថ្មទៅឲ្យ ឧបករណ៍ទាំងអស់នោះ ស្របពេលតែមួយ។

 

 

សម្រាប់ព័ត៌មានលម្អិត ទាក់ទងទៅនឹង ថ្ងៃប្រកាសចេញជាផ្លូវការ ហើយនិងលក្ខណៈសម្បត្តិ ដែលមានបំពាក់លើថេប្លេត Huawei MediaPad M7 ស៊េរីថ្មីមួយនេះ គឺមិនទាន់មានដំណឹងជាក់លាក់ នៅឡើយនោះទេ ប៉ុន្ដែយើងអាចព្យាករណ៍បានថា វានឹងដំណើរការដោយ ឈីបលំដាប់កំពូល Kirin 990 ជាមួយរ៉េមដល់ទំហំ 8GB + អង្គផ្ទុកទិន្នន័យដល់ 256GB ព្រមទាំងថាមពលថ្ម ទំហំធំជាដើម។ រហូតមកដល់ពេលនេះ Huawei មិនបានបង្ហើបប្រាប់ពីវត្តមានរបស់ រថប្លេតនេះជាផ្លូវការនោះទេ ប៉ុន្ដែបើមានព័ត៌មានបន្ថែម ក្រុមការងារ ខេមបូ រីផត នឹងចុះផ្សាយជូនប្រិយមិត្ត នៅពេលក្រោយៗទៀត។

ដោយ​ ៖ Beebom
អត្ថបទទាក់ទង