ក្នុង​កំណែ​អាប់ដេត​ Android​ 10​ មុខងារ​ Face​ unlock​ របស់ ​Samsung ​នឹង​កាន់​តែ​មាន​សុវត្ថិភាព​ជាង​មុន​​
ដោយ​ ៖ Ratanak | 4 ខែមុន SHARE

 

ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីម្សិលមិញនេះ មានស្រ្តីម្នាក់ បានរកឃើញបញ្ហាមួយ នៅលើបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃរបស់ Galaxy S10 ដែលវាអាចឲ្យអ្នកដទៃ ធ្វើការដោះសោរស្មាតហ្វូននោះ ដោយប្រើស្នាមម្រាមដៃ របស់ពួកគេផងដែរ។ តែយ៉ាងណា Samsung ក៏បានបញ្ជាក់ប្រាប់វិញរួចរាល់ហើយថា ខ្លួននឹងធ្វើការជួសជុលបញ្ហានេះ នៅក្នុងកំណែអាប់ដេតមួយ នៅសប្តាហ៍ក្រោយ។ ដោយឡែក ចំពោះកំណែអាប់ដេតទៅកាន់ Android 10 វិញ ក្រុមហ៊ុនកូរ៉េខាងលើ នឹងធ្វើការបង្កើនសុវត្ថិភាព បន្ថែមទៀត នៅលើមុខងារ Face unlock ទៀតផង។

 

 

មិនខុសទេ កាលពីលើកមុន យើងក៏ធ្លាប់ទទួលបានដំណឹងថា នៅក្នុងមុខងារស្កនមុខរបស់ Samsung ហាក់ដូចជាមិនសូវមាន សុវត្ថិភាពនោះទេ និយាយឲ្យចំទៅ វាអាចនឹងធ្វើការ ដោះសោរបានដោយគ្រាន់តែ ប្រើរូបថតថែមទៀតផង។ យ៉ាងណាក៏ដោយ នេះជាដំណឹងមួយ ដែលធ្លាប់កើតមាន នៅលើស្មាតហ្វូនមួយចំនួន ដែលមានស្លាក់យីហោ Samsung ប៉ុន្តែនៅក្នុងពេលនេះ ក្រុមហ៊ុនខាងលើ នឹងធ្វើការកែប្រែបន្ថែម ចំពោះផ្នែកដែលធ្លាប់មានបញ្ហាទាំងនេះ នៅក្នុងការអាប់ដេតទៅកាន់ Android 10 ផងដែរ។ នៅក្នុងនោះដែរ បើតាមគេសង្កេតនៅលើ Android 10 ជំនាន់សាកល្បង ដែលមាននៅលើ Galaxy S10 បានឲ្យដឹងថា មុខងារ Face unlock បានធ្វើការកែប្រែ ក៏ដូចជាបន្ថែមចំណុចថ្មីៗមួយចំនួន ដូចជា Alternate looks ដោយមុខងារនេះ អាចធ្វើឲ្យស្មាតហ្វូនសម្គាល់មុខ របស់អ្នកបាន បើទោះជាពាក់មួក ឬមួយក៏ពាក់វ៉ែនតាក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ធ្វើការទាមទារ ឲ្យអ្នកប្រើប្រាស់បើកភ្នែក ដើម្បីដោះសោរ ដែលនេះក៏អាចនិយាយបានថា វាកាន់តែមានសុវត្ថិភាព ថែមមួយកម្រិតទៀត ពីអ្នកដែលចង់ឆ្លៀតឱកាស ប្រើប្រាស់ស្មាតហ្វូន របស់អ្នក ពេលដែលគេងលក់ដូច្នេះដែរ។

 

 

និយាយរួមទៅ នៅក្នុងការអាប់ដេតទៅកាន់ Android 10 ក្រុមហ៊ុនកូរ៉េខាងត្បូង នឹងធ្វើការបង្កើននូវសមត្ថភាព មុខងារស្កេនមុខ លើស្មាតហ្វូនរបស់ខ្លួន ឲ្យកាន់តែមានសុវត្ថិភាពជាងមុន ហើយកាន់តែពិសេសនោះ វាមិនអាចប្រើប្រាស់រូបថត ដើម្បីស្កេនដោះសោរបានទៀតនោះទេ ហេតុនេះអាចនិយាយបានថា វាកាន់តែធ្វើការ បានប្រសើរជាងមុនផងដែរ។ ដូច្នេះហើយ ការកែប្រែបន្ថែមខាងលើនេះ គឺវាអាចនឹងមាន នៅក្នុងពេលឆាប់ៗខាងមុខនេះ និយាយរួមទៅ វាអាចនឹងមាន នៅពេលដែល Samsung ដាក់ឲ្យធ្វើការអាប់ដេតទៅកាន់ Android 10 ជាផ្លូវការអញ្ចឹងដែរ។

ដោយ​ ៖ 9To5 Google
អត្ថបទទាក់ទង